ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ណាតូ​ត្រៀម​ជួប​លោក​ត្រាំ​នៅ​រាត្រី​នេះ​​ដើម្បី​សម្រាល​ភាព​តាន​តឹង​មុន​កិច្ច​ប្រជុំ​កំពូល​នៅ​តួក​គី

1 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ អគ្គ​លេខា​ធិការ​អង្គ​ការ​ណាតូ លោក​ម៉ាក​រូត​ថឺ (Mark Rutte) ត្រៀម​ជួប​លោក​ដូ​ណាល់​ត្រាំ​នៅ​សេត​វិមាន​នារាត្រី​នេះ​ដើម្បី​រក​វិធី​បន្ធូរ​បន្ថយ​ភាព​តាន​​តឹង​ពាក់​ព័ន្ធ​នឹង​បញ្ហា​អ៊ីរ៉ង់​ និង​បញ្ហា​ដែល​លោក​ត្រាំ​គំរាម​ដក​កង​ទ័ព​អាមេរិក​ចេញ​ពី​ទ្វីប​អឺរ៉ុប​។ គម្រោង​ជួប​គ្នា​នេះ​ធ្វើ​ឡើង​មុន​កិច្ច​ប្រជុំ​កំពូល​អង្គ​ការ​ណាតូ​នៅ​ទី​ក្រុង​អង់​ការ៉ា ប្រទេស​តួក​គី ​នា​ខែ​កក្កដា​។ លោ​កត្រាំ​ដែល​ជា​អ្នក​រិះ​គន់​អង្គ​ការ​ណាតូ​តាំង​ពី​យូរ​មក​ហើយ​នោះ លោក​​មាន​កំហឹង​ជា​មួយ​អង្គ​ការណាតូ​មិន​តិច​ទេ​​ព្រោះ​អង្គ​ការ​នេះ​​មិន​ព្រម​ចូល​រួម​ជា​មួយ​អាមេរិក​ដើម្បី​វាយ​ប្រហារ​អ៊ីរ៉ង់​។ លោក​ចាត់​ទុក​ថា​ណាតូ​​ជា​ខ្លា​ក្រដាស​។

រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក លោក​ភីត​ហេក​សិត (Pete Hegseth) ​កាល​ពី​សប្ដាហ៍​មុន​បាន​និយាយ​រិះ​គន់​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​អង្គ​ការ​ណាតូ​ដែល​មិន​ចេះ​ជួយ​គ្នា​។ លោក​ប្រកាស​ថា​អាមេរិក​នឹង​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​ដាក់​ពង្រាយ​កង​ទ័ព​នៅ​ទ្វីប​អឺរ៉ុប​ ហើយ​អាច​នឹង​កាត់​បន្ថយ​កង​ទ័ព​របស់​ខ្លួន​នៅ​ទី​នោះ​។ តួ​នាទី​សំខាន់​មួយ​របស់​លោក​ម៉ាក​រូត​ថឺ​ចាប់​តាំង​ពី​លោក​ត្រាំ​ជាប់​ឆ្នោត​អាណត្តិ​ថ្មី​គឺ​ខិត​ខំ​សម្រុះ​សម្រួលមិន​ឱ្យ​មាន​អរិ​ភាព​រវាង​លោក​ត្រាំ និង​អង្គ​ការ​ណាតូ និង​ខិត​ខំ​ទប់​ស្កាត់​មិន​ឱ្យ​មាន​ភាព​តាន​តឹង​នឹង​គ្នា​។​

អ្នកវិភាគ​យល់​ថា​លោក​ម៉ាក​រូត​ថឺ​នឹង​ឈរ​នៅខាង​លោក​ដូណាល់​ត្រាំ​ដើម្បី​ធានាថា​​កិច្ច​ប្រជុំ​កំពូល​ណា​តូ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​ជោគ​ជ័យ​ ឬ​មិន​មាន​បញ្ហា​រកាំ​រកូស​នឹង​គ្នា​។ កិច្ច​ប្រជុំ​ណាតូ​ស្រួល​មិន​ស្រួល​អាច​នឹង​មាន​បញ្ហា​ព្រោះ​លោក​ដូណាល់​ត្រាំ​កំពុង​ខឹង​សម្បារ​។ សូម្បី​តែ​លោ​កម៉ាក​រូត​ថឺ​ចូល​មក​ស្អំ​ចិត្ត​យ៉ាង​ណា​ក្ដី នៅ​ក្នុង​រយៈ​ពេល​២​សប្ដាហ៍​មុន​កិច្ច​ប្រជុំ គ្មាន​អ្នក​ណា​ទស្សន៍​ដឹង​ថា​នឹង​មាន​ហេតុ​ការណ៍​អ្វី​កើត​ឡើង​នោះ​ទេ​។ ភាព​តាន​តឹង​កើត​មាន​ឡើង​កាន់​តែ​ខ្លាំង​នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។

​​អង្គ​ការណាតូ​មិន​ព្រម​ធ្វើ​តាម​ការ​ស្នើ​សុំ​របស់​លោក​ដូណាល់​ត្រាំ​ដែល​ចង់​ឱ្យ​បញ្ជូន​នាវា​ចម្បាំង​ទៅ​បើក​ច្រក​ហ័រ​ម៉ូស​ឡើង​វិញ​ឡើយ​​។ ប្រទេស​សម្ព័ន្ធ​មិត្ត​ខ្លះ​បោះ​ពាក្យ​បោះសម្ដី​ថា​ «​នេះ​មិន​មែន​ជា​សង្គ្រាម​របស់​យើង​ទេ​»។ ហេតុ​នេះ លោក​ដូណាល់​ត្រាំ​ដាក់​ជា​សំណួរ​ថា​តើ​អាមេរិក​គួរ​តែ​បន្ត​អនុ​វត្ត​តាម​កិច្ច​ព្រម​ព្រៀង​ការ​ពារ​គ្នា​ទៅ​វិញ​ទៅ​មក​​​ឬ​យ៉ាង​ណា​​។ លោក​ថា​លោក​កំពុង​ពិចារណា​ដក​ខ្លួន​ចេញ​ពី​អង្គ​ការ​នេះ​​៕