ខេត្តកណ្ដាល ៖ កម្មកររោងចក្រច្រើននាក់បានរាយការជូនរដ្ឋបាលរោងចក្រថាបានបាត់លុយនិងមួកសុវត្ថិភាព ព្រមទាំងរបស់របរផ្សេងៗដែលទុកនៅក្រោមកែបម៉ូតូច្រើនដងមកហើយ ខណៈនោះរដ្ឋបាលរោងចក្រក៏បានឃ្លាំមើលតាមកាមេរ៉ាសុវត្ថិភាព ។ ស្រាប់តែឃើញជនសង្ស័យ៣នាក់ធ្វើសកម្មភាពលួចយកមួកសុវត្ថិភាពនៅចំណតម៉ូតូក្នុងរោងចក្រក៏បានរាយការណ៍ប្រាប់ឲ្យនគរបាលឃាត់ខ្លួនជនសង្ស័យទាំងនោះចាត់ការតាមច្បាប់តែម្ដង ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០និង៥នាទីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងរោងចក្រដុងគ័ន ស៊ីធី ហ្វាញស្តារ ព្រីនធីង (ខេមបូឌា) ស្ថិតនៅក្នុងភូមិទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ជនសង្ស័យដែលត្រូវនគរបាលឃាត់ខ្លួននោះរួមមាន១,ឈ្មោះម៉ៅ យូហាន ហៅខ្មៅ អាយុ១៧ឆ្នាំ មុខរបរព្រូរថយន្ត មានទីលំនៅភូមិព្រៃកាចាត ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ២,ឈ្មោះអុន សុផានិត អាយុ១៨ឆ្នាំ មុខរបរព្រូរថយន្ត មានទីលំនៅភូមិកប់ចន្លុះ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ៣,ឈ្មោះនី បុណ្យសំ អាយុ១៩ឆ្នាំ មុខរបរព្រូរថយន្ត ស្នាក់បន្ទប់ជួលក្នុងភូមិនៅកប់ចន្លុះ ឃុំព្រៃពួច ស្រុកអង្គស្នួល ។នគរបាលដកហូតបានមួកសុវត្ថិភាពពីជនង្ស័យខាងលើជាក់ស្ដែងបានចំនួន២ផងដែរ ។
សមត្ថកិច្ចបានប្រាប់ថា កន្លងមកនៅចំណតម៉ូតូក្នុងរោងចក្រខាងលើបានបាត់លុយនិងមួកសុវត្ថិភាព ព្រមទាំងសម្ភារៈមានតម្លៃដែលកម្មករទុកនៅក្រោមកែបម៉ូតូជាបន្តបន្ទាប់ ហើយរកមុខចោរអត់ឃើញឡើយ ដោយសារតែបាត់របស់ញឹកញាប់ពេក កម្មករក៏បានរាយការណ៍ជូនរដ្ឋបាលរោងចក្របានដឹង ។ ពេលនោះរដ្ឋបាលរោងចក្រក៏បានឃ្លាំមើលតាមកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅក្នុងបរិវេណរោងចក្រ ហើយរហូតដល់ថ្ងៃកើតហេតុខាងលើ ក៏ស្រាប់តែឃើញជនសង្ស័យ៣នាក់នោះធ្វើសកម្មភាពលួចមួកសវត្ថិភាពនៅចំណតម៉ូតូមែន ។
ប្រភពដដែលបានប្រាប់ទៀតថា ពេលនោះរដ្ឋបាលរោងចក្រក៏រាយការណ៍ជូននគរបាលប៉ុស្តិ៍ព្រៃពួចឲ្យឃាត់ខ្លួនជនសង្ស័យខាងលើនាំទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង ។ ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់នោះបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចយកមួកសុវត្ថិភាពនៅក្នុងរោងចក្រនោះមែន គឺលួចយកទៅទុកពាក់ប៉ុណ្ណោះ ៕





ចែករំលែកព័តមាននេះ