ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ (​ដីឥដ្ឋ​-​ថ្ម​គរ​) ​សាងសង់​បាន​ជាង​៥៣%​ហើយ

11 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​គិត​ត្រឹម​ចុងខែ​មិថុនា ឆ្នាំ​២០២៦​នេះ គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ (​ដីឥដ្ឋ​-​ថ្ម​គរ​) ​សម្រេច​បាន​លទ្ធផល​ជា​រួម ៥៣,៨១%​ហើយ។​ ស្ពាន​នេះ ដែល​មាន​រយៈពេល​សាងសង់​៤៨ខែ​ (​គ្រោង​បញ្ចប់​អំឡុង​ឆ្នាំ​២០២៨)​ ​នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​។

លោក ​ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សា​ធារណការ ​និង​ដឹក​ជញ្ជូន​បាន​សរសេរលើបណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦​ថា ​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​មួយ​នេះ បើក​ការដ្ឋាន​សាងសង់​រួម​គ្នា ​ជាមួយ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​-​បា​វិត កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៣ ដែល​កាល​ណោះ​ បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា និងឯកឧត្តម វ៉ាង វិ​ន​ធៀន ​អតីត​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ​។

លោក​ថា ​គម្រោង​ស្ពាន​ដីឥដ្ឋ​-​ថ្ម​គរ មាន​ទីតាំង​ត្រើយ​ខាងលិច​ស្ថិត​ក្នុង​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ និង​ត្រើយ​ខាងកើត ​ស្ថិត​ក្នុង​ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្តាល គឺជា​គម្រោង​ដ៏​សំខាន់ សម្រាប់​កា​រត​ភ្ជាប់ សេដ្ឋកិច្ច ការ​ដឹក​ជញ្ជូន ពី​ភាគ​ខាងត្បូង និង​ខាងកើត រាជធានី​ភ្នំពេញ ដោយ​ភា្ជ​ប់​មហាវិថី ស៊ី ជី​ន​ពីង (​ក្រវាត់ក្រុង​ទី​៣) ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​១ និង​ត្រើយ​ខាងកើត​ភ្ជាប់​ទៅ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត ​។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សូម​ប​ស្នើ​ដល់​សាធារណជន ប្រជា​ពល​រដ្ឋ ប្រតិបត្តិ​ករ និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ទាំងអស់ ដែល​ធ្វើ​ដំណើរ​តាម​ដង​ទន្លេមេគង្គ ឆ្លងកាត់​តំបន់​ការដ្ឋាន​សាងសង់ មេត្តា​យកចិត្តទុកដាក់​ក្នុង​ការ​បើកបរ​ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជៀសវាង​ឧបទ្ទវហេតុ​កើតឡើង​ជាយថាហេតុ​។

សូម​ជម្រាប​ជូន​ថា គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​(​ដីឥដ្ឋ​-​ថ្ម​គរ​)​ជា​ប្រភេទ​ស្ពានបេតុង ប្រវែង​ស្ពាន និង​ផ្លូវ​ក្បាលស្ពាន​សរុប​ ៖ ៣,៧០០ម៉ែត្រ ដែល​ក្នុង​នោះ​តួ​ស្ពាន​មាន​ប្រវែង​សរុប ១,៦០០ម៉ែត្រ និង​ទទឹង ២៦​ម៉ែត្រ ​(៤​គន្លង​ផ្លូវ​)​។ ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន ប្រវែង ២,១០០ម៉ែត្រ ទទឹង​ផ្លូវ​២៦ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ​(AC) និង​សាងសង់​ផ្លូវ​បង្វែរ​ទិស​ចរាចរណ៍ ចំនួន​៤​ខ្សែ ៕​