ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-កាណាដា លើកទី២៣ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រថ្មី

13 ម៉ោង មុន

ក្នុង​កិច្ចប្រជុំ​ឧត្តមមន្ត្រី​អាស៊ាន​-​កា​ណា​ដា លើក​ទី​២៣ នៅ​លេខាធិការដ្ឋាន​អាស៊ាន ឯកឧត្តម គង់ ភោគ តំណាង​ឱ្យ​កម្ពុជា បាន​រួមចំណែក​យ៉ាង​សំខាន់​ជាមួយ​បណ្តា​ប្រទេស​សមាជិក ក្នុង​ការ​អនុម័ត​លើ​ផែនការ​សកម្មភាព​ថ្មី ដែល​ផ្ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច និង​នយោបាយ​ទៅ​វិញ​ទៅ​មក​។

ក្រសួងការបរទេស​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា​នេះ​ថា ៖ នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និង​ជា​ឧត្តមមន្ត្រី​អាស៊ាន​របស់​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ឧត្តមមន្ត្រី​អាស៊ាន​-​កា​ណា​ដា លើក​ទី​២៣ នៅ​លេខាធិការដ្ឋាន​អាស៊ាន នាទី​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។

កិច្ចប្រជុំ​បាន​ពិនិត្យ​ឡើង​វិញ​នូវ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​-​កា​ណា​ដា និង​បាន​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់​ៗ ដែល​ផ្ដល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ។

កិច្ចប្រជុំ​ក៏​បាន​ឯកភាព​លើ​ផែនការ​សកម្មភាព​អាស៊ាន​-​កា​ណា​ដា​ថ្មី ដើម្បី​អនុវត្ត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​កា​ណា​ដា (២០២៦-២០៣០) ដែល​គ្រោង​ដាក់​ជូន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​-​កា​ណា​ដា អនុម័ត នៅ​ខែកក្កដា ឆ្នាំ​២០២៦​ខាង​មុខ ៕