ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវចាប់ខ្លួនជនជាតិវៀតណាម ១៦១នាក់ ករណីបើកល្បែងខុសច្បាប់ក្នុងរីសត

13 ម៉ោង មុន

ទីក្រុងវៀងចន្ទន៍៖ កងកម្លាំងសមត្ថកិច្ចខេត្តសៈវណ្ណៈខេត ប្រទេសឡាវ បានបើកប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខ្នាតធំមួយនៅក្នុងរីសតមួយកន្លែង ស្ថិតក្នុងស្រុក សែប៉ុន ដោយបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១៦១ នាក់ កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times។

នៅក្នុងការបង្ក្រាបនោះ ប៉ូលិសបានរកឃើញល្បែងស៊ីសងខុសច្បាប់ជាច្រើនទម្រង់ ដូចជា ជល់មាន់ បៀរ និងអាប៉ោង ព្រមទាំងដកហូតវត្ថុតាងសន្ធឹកសន្ធាប់ រួមមាន លិខិតឆ្លងដែន ៤៩ ក្បាល, ទូរស័ព្ទដៃ ៦៩ គ្រឿង, កុំព្យូទ័រយួរដៃ, ទូដែក, ម៉ាស៊ីនរាប់លុយ, គ្រឿងម៉ាស៊ីនផ្ទុកទិន្នន័យកាមេរ៉ាសុវត្ថិភាព​និងសាច់ប្រាក់ដុងវៀតណាម​ ប្រហែល ៨០.០០០ ដុល្លារអាម៉េរិក។

ការបង្ក្រាបនេះ គឺជាផ្នែកមួយនៃយុទ្ធនាការរឹតបន្តឹងទូទាំងប្រទេសរបស់ឡាវ ប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងខុសច្បាប់ ដែលក្នុងនោះកាលពីថ្ងៃទី១៧ ខែមិថុនា ប៉ូលិសក៏ទើបតែបានចាប់ខ្លួនជនបរទេសចំនួន ១៧ នាក់ (មានជនជាតិជប៉ុន តៃវ៉ាន់ និងចិន) ពាក់ព័ន្ធនឹងបណ្ដាញបោកប្រាស់នៅក្នុងខេត្តសៀងខ្វាងផងដែរ។

យោងតាមរបាយការណ៍ពីក្រសួងសន្តិសុខសាធារណៈឡាវ គិតចាប់តាំងពីដើមឆ្នាំ២០២៦ មកទល់ពេលនេះ អាជ្ញាធរសម្រេចបង្ក្រាបបណ្ដាញបទល្មើសបច្ចេកវិទ្យាបានចំនួន ២០ ករណី ដោយឃាត់ខ្លួនជនសង្ស័យសរុប ២.៦៥២ នាក់ ដែលមាន ១៤ សញ្ជាតិផ្សេងគ្នា ហើយសមត្ថកិច្ចនឹងបន្តពង្រឹងការត្រួតពិនិត្យតាមសណ្ឋាគារ ផ្ទះជួល និងច្រកព្រំដែនបន្ថែមទៀត ដើម្បីលុបបំបាត់បណ្ដាញឧក្រិដ្ឋកម្មទាំងនេះ៕