ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​លែងលះ​គ្នា​បាន​៤​ថ្ងៃ​ ប្រទះ​ឃើញ​ប្ដី​ស្លាប់​​ក្នុង​បន្ទប់​ជួលមួយ​កន្លែង​ម្ដុំ​ផ្សារ​អូរ​ដឹ​ម

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ប្ដី​ប្រពន្ធ​១​គូ ​បាន​ឈ្លោះ​ទាស់​គ្នា​ផ្ដើម​ចេញពី​រឿង​ប្រចណ្ឌ ​ដោយ​ស្ត្រី​ជា​ប្រពន្ធ ​បាន​ចោទ​ថា ​ប្ដី​មាន​ស្រី​ថ្មី​ក្បត់ចិត្ត​នាង រួច​នាង​ក៏​បាន​ចាកចេញ​ទៅ​ជួល​បន្ទប់​ផ្សេង​មួយទៀត ​ស្នាក់​នៅ​បែក​ពី​ប្ដី ដោយ​បាន​ឲ្យ​ប្ដី​ស្នាក់​នៅ​បន្ទប់​ជួល​មួយ​កន្លែង ​ស្ថិត​នៅ​ម្ដុំ​ផ្សារ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ម្នាក់ឯង ​រយៈពេល​២​ខែ​មក​ហើយ។ ដោយឡែក​កាលពី​៤​ថ្ងៃមុន ​អ្នក​ទាំង​២ ក៏​បាន​ព្រមព្រៀង ​លែងលះ​គ្នា​ក្រៅ​ប្រព័ន្ធ​ច្បាប់ ស្រាប់តែ​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៥​ល្ងាច​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦ ក៏​ប្រទះ​ឃើញ​បុរស​ជា​ប្ដី​ស្លាប់ ​នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ​ បាត់​ទៅ​ហើយ ។

បុរស​ជា​ប្ដី​ឈ្មោះ​ មុំ សា​រ៉េ​ត អាយុ​៣៥​ឆ្នាំ ​មុខរបរ​កម្មករ​រោងចក្រ មានស្រុក​កំណើត​នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម និង​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល ​កើតហេតុ​ខាងលើ។ ចំណែក​ប្រពន្ធ​ឈ្មោះ​ ចាន់ រី អាយុ​៤០​ឆ្នាំ​ មុខរបរ​កម្ម​ការ​នី​រោងចក្រ អតីត​ជា​ស្រី​មេម៉ាយ​កូន​៣​នាក់ (​ស្រី​១​ប្រុស​២​នាក់) ស្នាក់​នៅ​បន្ទប់​ជួល​ ក្នុងភូមិ​កើតហេតុ​នោះ​ដែរ។ អ្នក​ទាំង​២​នាក់​នេះ ​បាន​រៀប​ការ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​រយៈពេល​៥​ឆ្នាំ​ កន្លង​មក​ហើយ ប៉ុន្តែ​អត់​មានកូន​ជាមួយ​គ្នា​នោះ​ទេ ។

ប្រជា​ការពារ​មួយ​រូប ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ អ្នក​ដែល​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ក្បែរ​បន្ទប់​កើតហេតុ​នោះ​ បាន​ធំ​ក្លិនស្អុយ​ចម្លែក ​ចេញពី​ក្នុង​បន្ទប់​ខាងលើ ក៏​បាន​ប្រាប់​ដល់​ម្ចាស់ផ្ទះ​ជួល​ឲ្យ​ទៅ​ជួយ​មើល។ មុន​ដំបូង ​ម្ចាស់ផ្ទះ​ជួល​ស្មានថា​ជា​ក្លិន​សព​សត្វកណ្ដុរ​ទេ ប៉ុន្តែ​ពេល​ទៅ​ដល់​បានឃើញ​សត្វ​រុយ​ហើរ​ចេញពី​ក្នុង​បន្ទប់​នោះ ហើយដោយ​មានការ​សង្ស័យ​ ម្ចាស់ផ្ទះ​ជួល ក៏​បាន​រាយការណ៍​ទៅ​កាន់​លោក​មេ​ភូមិ​អូរ​ដឹ​ម ​ឲ្យ​ទៅ​ជួយ​មើល ហើយ​លោក​មេ​ភូមិ ​ក៏​បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ។

ប្រជា​ការពារ​ដដែល​ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ទទួល​បាន​ដំណឹង​នោះ​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ក៏​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ហើយ​បាន​សម្រេចចិត្ត​ គាស់​បង្អួច​បន្ទប់​នោះ​មើល ស្រាប់តែ​ឃើញ​បុរស​នោះ​ដេក​ស្លាប់​ហើម​ស្អុយ​បាត់​ទៅ​ហើយ។ ជំហាន​ដំបូង​ នគរបាល​បានឃើញ​សព​ដេក​ផ្ងារ ហើយ​នៅ​ជាប់​ខ្លួន​សព​មាន​ខ្សែភ្លើង​ និង​ព្រី​ភ្លើង​ព្រមទាំង​ស្មា​ និង​ដៃ​ខាងស្ដាំ​សព​គង​សង្កត់​លើ​ខ្សែ​កង្ហារ ​ដែល​ដោយ​ដោយ​ជាប់​ព្រី​ភ្លើង​នោះ​ផង​ដែរ ប៉ុន្តែ​ពុំ​ទាន់​ដឹង​ថា ​បុរស​នោះ​ស្លាប់​ដោយ​ការ​ធ្វើ​អត្តឃាត ឬ​ក៏​ជា​ករណី​ឆក់​ខ្សែភ្លើង​នៅឡើយ​ទេ ហើយ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​រាយការណ៍​ជូន​នគរបាល​ការិយាល័យ​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ចុះ​ធ្វើ​កោសល្យវិច័យ ។

ដោយឡែក​ស្ត្រី​ជា​ប្រពន្ធ​ បាន​និយាយ​ថា នាង​និង​ប្ដី​បាន​រស់នៅ​បែក​គ្នា​រយៈពេល​២​ខែ​មក​ហើយ ដោយសារ​តែ​ប្ដី​នាង​មាន​ស្រី​ថ្មី​ក្បត់ចិត្ត​នាង ពេល​នោះ​ ប្ដី​បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​កើត​ហ​តុ ចំណែក​នាង​បាន​ទៅ​ជួល​បន្ទប់​ផ្សេង​មួយទៀត​ស្នាក់​នៅ​ក្នុងភូមិ​នោះ​ដែរ។ រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៦ គឺ​៤​ថ្ងៃមុន នាង​និង​ប្ដី ​ក៏​បាន​យល់ព្រម​លែងលះ​គ្នា ក្រៅ​ប្រព័ន្ធ​តុលាកា​រ គឺ​បន្ទាប់​ពី​ទៅ​រក​សួរ​យោបល់​លោក​មេ​ភូមិ​រួច ក៏​ធ្វើ​ក្រដាស់​លែងលះ​តែ​២​នាក់​ប្ដី​ប្រពន្ធ​តែ​ម្ដង ។

ស្ត្រី​រូប​នោះ ​បាន​បញ្ជាក់​ថា គាត់​ជា​អ​តីត​ស្រី​មេម៉ាយ​ កូន​៣​នាក់ ហើយ​បាន​រៀប​ការ​ជាមួយ​បុរស​ខាងលើ ​ជា​ប្ដី​ប្រពន្ធ​រស់នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា​រយៈពេល​៥​ឆ្នាំ​មក​ហើយ។ ​ប៉ុន្តែ​អត់​មានកូន​ជាមួយ​គ្នា​នោះ​ទេ ពេល​នេះ​ នាង​និង​គាត់​បាន​លែងលះ​គ្នា​ហើយ ដូច្នេះ​គាត់​និង​ប្រគល់​សព​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ខាង​ប្ដី​យក​ទៅ​ធ្វើបុណ្យ​ចុះ ៕