រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានស្នើដល់រាជរដ្ឋាភិបាល សូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ និងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២តែម្តង ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ យ៉ាងដូច្នេះថា ៖កាលពីថ្ងៃម្សិលមិញ ១១ ឧសភា ២០២៦ មានការចុះផ្សាយដោយសារព័ត៌មានថៃថា លោករដ្ឋមន្ត្រីការបរទេសថៃបាននិយាយថា (ក្រោមអនុសញ្ញាច្បាប់សមុទ្រ បន្ទាប់ពីលុបចោលអនុសារណៈយោគយល់គ្នា ឆ្នាំ២០០១ ត្រូវតែដំណើការក្នុងក្របខ័ណ្ឌនៃអនុសញ្ញា ដែលមានច្រើនដំណាក់កាល ហើយវិធីសាស្ត្រចម្បងគួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិន) ។
សម្តេចតេជោ បានបញ្ជាក់ថា ៖ ប្រសិនបើការចុះផ្សាយនេះ ជាសំដីពិតរបស់លោករដ្ឋមន្ត្រីការបរទេសថៃមែននោះ ពាក្យថា (វិធីសាស្ត្រចម្បង គួរតែការចរចារវាងភាគីទាំងពីរជាមុនសិន) ពាក្យនេះវាផ្ទុយស្រឡះជាមួយសកម្មភាពរបស់ភាគីថៃ ដែលបានលុបចោល MOU2001 ដោយឯកតោភាគី ដែលបានលុបចោលក្របខណ្ឌនៃការចរចាទ្វេភាគីរួចស្រេចទៅហើយ សម្រាប់ដែនសមុទ្រត្រួតស៊ីគ្នា ។
សម្តេចបានសង្កត់ធ្ងន់ថា៖« ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី ខ្ញុំសូមរំលឹកដល់រាជរដ្ឋាភិបាល សូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃ លើបញ្ហាសមុទ្រ និងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ» ។
សម្តេចតេជោ បានលើកឡើងថាកាលពីថ្ងៃ ៦ ខែឧសភា ២០២៦ ខ្ញុំបានរំលឹកម្តងរួចហើយថា កុំបង្កើតយន្តការទ្វេភាគីថ្មីជំនួសឲ្យយន្តការទ្វេភាគីចាស់ដែលថៃលុបចោល ។ សម្តេចគូសបញ្ជាក់ថា៖«យើងសោកស្តាយដែលថៃលុប MOU 2001 ចោល តែយើងក៏អរគុណថៃដែលបានជួយយើងឲ្យប្រើប្រាស់យន្តការអន្តរជាតិជំនួសវិញ» ៕
ចែករំលែកព័តមាននេះ