ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ព្រមាន​រឹបអូស និង​ផាកពិន័យអ្នកនាំចូលលក់​ចែកចាយ​ទូរ​សព្ទ ថេ​ប្លេ​ត និង​នាឡិកា​ឆ្លាត​វៃ ​ដែល​គ្មាន​អាជ្ញាប័ណ្ណ ជាង​១០​ម៉ាក

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៦​នេះ បាន​ចេញ​សេចក្តីជូនដំណឹង ស្តី​ពី​ការ​នាំ​ចូល ផ្គត់ផ្គង់ និង​ចែកចាយ​ទូរស័ព្ទ​ចល័ត…

រាជធានី​ភ្នំពេញ ៖ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៦​នេះ បាន​ចេញ​សេចក្តីជូនដំណឹង ស្តី​ពី​ការ​នាំ​ចូល ផ្គត់ផ្គង់ និង​ចែកចាយ​ទូរស័ព្ទ​ចល័ត ថេ​ប្លេ​ត និង​នាឡិកា​ឆ្លាត​វៃ ដោយ​ខុសច្បាប់ ដែល​មាន​ពាណិជ្ជសញ្ញា Xiaomi, Redmi, POCO, Tecno, Infinix, itel, Nubia, RedMagic, Asus, Nothing, OnePlus, Google Pixel, Blackview, Black Shark និង KOSPET ។

និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (​ន​.​ទ​.​ក​.) សូម​ជម្រាប​ជូន​បណ្តា​ក្រុមហ៊ុន សហគ្រាស និង​ហាង​លក់​ចែកចាយ បោះ​ដុំ​និង​/​ឬ​លក់​ចែកចាយ​បន្ត ដែល​បាន​និង​កំពុង​ធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​នាំ​ចូល ផ្គត់ផ្គង់ និង​ចែកចាយ​គ្រឿង សម្ភារ​បរិក្ខារ​ទូរគមនាគមន៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ថា (​ន​.​ទ​.​ក​.) បាន​រក​ឃើញ​មាន​ពាណិជ្ជករ ឬ​តំណាង​លក់​ចែកចាយ បោះ​ដុំ (Distributors) មួយ​ចំនួន បាន​និង​កំពុង​នាំ​ចូល​និង​ផ្គត់ផ្គង់​គ្រឿង​សម្ភារ​បរិក្ខារ​ទូរគមនាគមន៍​ខុសច្បាប់ ជា​ប្រភេទ ទូរស័ព្ទ​ចល័ត ថេ​ប្លែ​ត និង​នាឡិកា​ឆ្លាត​វៃ ដែល​មាន​ពាណិជ្ជសញ្ញា (​ម៉ាក​) Xiaomi, Redmi, POCO, Tecno, Infinix, itel, Nubia, RedMagic, Asus, Nothing, OnePlus, Google Pixel, Blackview, Black Shark S KOSPET ដល់​បណ្ដា​សហគ្រាស និង​ហាង​លក់​ចែកចាយ​បន្ត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ពុំ​ស្នើ​សុំ​វិញ្ញាបនបត្រ​ទទួលស្គាល់ គុណ​វុ​ឌ្ឍ​ជា​ភ្នាក់ងារ​នាំ​ចូល ផ្គត់ផ្គង់ និង​ចែកចាយ​គ្រឿង​សម្ភារ​បរិក្ខារ​ទូរគមនាគមន៍ (Qualified Agent-QA) ពុំ​បាន​ចុះបញ្ជី​ទទួលស្គាល់​ថា ប្រភេទ (Type Approval – TA) ចំពោះ​ម៉ូ​ដែល​នីមួយ​ៗ នៃ​គ្រឿង​សម្ភារ​បរិក្ខារ​ទូរគមនាគមន៍ និង​ពុំ​ស្នើ​សុំ​លិខិតអនុញ្ញាត​នាំ​ចូល​គ្រឿង​សម្ភារ​បរិក្ខារ​ទូរគមនាគមន៍ ពី (​ន​.​ទ​.​ក​.) នោះ​ទេ ដែល​ទ​ង្វើ​ទាំងនេះ​ផ្ទុយ​នឹង មាត្រា ១៥ និង​មាត្រា ១៦ នៃ​ច្បាប់​ស្ដី​ពី​ទូរគមនាគមន៍ ។

ទន្ទឹម​នេះ (​ន​.​ទ​.​ក​.) ក៏​បាន​ពិនិត្យ​ឃើញ​ថា មាន​បណ្តា​ក្រុមហ៊ុន សហគ្រាស និង​ហាង​លក់​ចែកចាយ​បោះ​ដុំ​មួយ​ចំនួន បាន​ធ្វើការ​ផ្សព្វផ្សាយ​លក់​ផលិតផល​របស់​ខ្លួន​លើ​គេហទំព័រ (Website) និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) ដូច​ខាងក្រោម ៖

១. ទូរស័ព្ទ​ចល័ត ថេ​ប្លែ​ត និង​នាឡិកា​ឆ្លាត​វៃ មាន​ពាណិជ្ជសញ្ញា Xiaomi
-https://www.mi.com/kh-km/
-https://www.facebook.com/xiaomicambodiaofficial

២. ទូរស័ព្ទ​ចល័ត ថេ​ប្លែ​ត និង​នាឡិកា​ឆ្លាត​វៃ មាន​ពាណិជ្ជសញ្ញា Tecno, Infinix និង itel
-https://www.tecno-mobile.com/kh/
-https://www.facebook.com/TECNOMobileCambodia/​?​brand_redir=2023635431209026
-https://kh.infinixmobility.com/
-https://www.facebook.com/InfinixCambodia/
-https://www.facebook.com/itelCambodia

៣. ទូរស័ព្ទ​ចល័ត មាន​ពាណិជ្ជសញ្ញា Nubia
-https://www.facebook.com/NubiaMobileCambodia/

ក្នុង​ន័យ​នេះ (​ន​.​ទ​.​ក​.) អំពាវនាវ​ដល់​បណ្តា​ក្រុមហ៊ុន សហគ្រាស និង​ហាង​លក់​ចែកចាយ​បោះ​ដុំ​និង​/​ឬ​លក់​ចែកចាយ​បន្ត​ទាំងអស់​ដែល​បាន​និង​កំពុង​នាំ​ចូល ផ្គត់ផ្គង់ ឬ​ចែកចាយ​គ្រឿង​សម្ភារ​បរិក្ខារ​ទូរគមនាគមន៍​ជា​ប្រភេទ ទូរស័ព្ទ​ចល័ត ថេ​ប្លែ​ត និង​នាឡិកា​ឆ្លាត​វៃ ដែល​មាន​ពាណិជ្ជសញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ ត្រូវ​បញ្ឈប់​សកម្មភាព នាំ​ចូល ផ្គត់ផ្គង់ និង​ចែកចាយ​ដោយ​ខុសច្បាប់​ជា​បន្ទាន់ និង​ត្រូវ​ស្វះស្វែង​បំពេញ​ភាព​ស្របច្បាប់ ដោយ​ត្រូវ​ដាក់​ពាក្យ ស្នើ​សុំ​វិញ្ញាបនបត្រ​ទទួលស្គាល់​គុណ​វុ​ឌ្ឍ ជា​ភ្នាក់ងារ​នាំ​ចូល ផ្គត់ផ្គង់ និង​ចែកចាយ​គ្រឿង​សម្ភារ​បរិក្ខារ​ទូរគមនាគមន៍ នៅ (​ន​.​ទ​.​ក​.) យ៉ាង​យូរ​ក្នុង​រយៈពេល ៣០(​សាមសិប​)​ថ្ងៃ គិត​ចាប់ពី​កាលបរិច្ឆេទ នៃ​សេចក្ដីជូនដំណឹង​នេះ និង​ត្រូវ​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​ទទួលស្គាល់​យ​ថា ប្រភេទ (Type Approval-TA) ចំពោះ​ម៉ូ​ដែល​នីមួយ​ៗ នៃ​គ្រឿង​សម្ភារ​បរិក្ខារ ទូរគមនាគមន៍ ដែល​ខ្លួន​បាន​និង​កំពុង​ដាក់​ឱ្យ​ចរាចរណ៍​នៅ​លើ​ទីផ្សារ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្នុង​ករណី បណ្តា​ក្រុមហ៊ុន សហគ្រាស និង​ហាង​លក់​ចែកចាយ​បោះ​ដុំ​និង​/​ឬ​លក់​ចែកចាយ​បន្ត​ទាំងអស់ មិន​បាន​បំពេញ​ភាព​ស្របច្បាប់​ដូច​បាន​រៀបរាប់ និង​តាម​កាលបរិច្ឆេទ​កំណត់​ខាងលើ​ទេ នោះ (​ន​.​ទ​.​ក​.) នឹង​ចាត់វិធានការ យ៉ាង​ម៉ឺងម៉ាត់ ដោយ​រឹបអូស​គ្រឿង​សម្ភារ​បរិក្ខារ​ទូរគមនាគមន៍​ខុសច្បាប់ ផាកពិន័យ បិទ​គេហទំព័រ​ផ្សព្វផ្សាយ និង​/​ឬ​អនុវត្ត​វិធានការ​ផ្សេង​ៗ​ទៀត ស្រប​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ។

ជាមួយ​គ្នា​នេះ (​ន​.​ទ​.​ក​.) សូម​រំលឹក​ដល់​បណ្តា សហគ្រាស​និង​ហាង​លក់​ចែកចាយ​បន្ត​ទាំងអស់​ត្រូវ​បញ្ឈប់​ការ​ទិញ និង​លក់​បន្ត​ខុសច្បាប់​នូវ​ផលិតផល ដែល​មាន​ពាណិជ្ជសញ្ញា​ទាំងនេះ​ជា​បន្ទាន់ រហូត​ដល់​មានការ​ជូនដំណឹង​អំពី​ភាព​ស្របច្បាប់​របស់​បណ្តា​ក្រុមហ៊ុន និង​សហគ្រាស នាំ​ចូល ផ្គត់ផ្គង់ និង​លក់​ចែកចាយ​បោះ​ដុំ​ទាំងនោះ ពី (​ន​.​ទ​.​ក​.) ។

(​ន​.​ទ​.​ក​.) សូម​អំពាវនាវ​ដល់​បណ្តា​ក្រុមហ៊ុន សហគ្រាស និង​ហាង​លក់​ចែកចាយ​បោះ​ដុំ​និង​/​ឬ​លក់​ចែកចាយ​បន្ត ដែល​បាន​និង​កំពុង​ធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​នាំ​ចូល ផ្គត់ផ្គង់ និង​ចែកចាយ​គ្រឿង​សម្ភារ​បរិក្ខារ​ទូរគមនាគមន៍​ដោយ ស្របច្បាប់​ទាំងអស់ ចូលរួម​សហការ​និង​រាយការណ៍​អំពី​អត្តសញ្ញាណ និង​អាសយដ្ឋាន​របស់​បុគ្គល ក្រុមហ៊ុន សហគ្រាស ឬ​ឃ្លាំង​ស្តុក​គ្រឿង​សម្ភារ​បរិក្ខារ​របស់​ពាណិជ្ជករ ឬ​តំណាង​លក់​ចែកចាយ​បោះ​ដុំ​គ្រឿង​សម្ភារ​បរិក្ខារ ទូរគមនាគមន៍ ដែល​ខុសច្បាប់​ទាំងអស់​មក (​ន​.​ទ​.​ក​.) តាម​រយៈ​ទូរស័ព្ទ​លេខ ៦៧៨៩ រៀង​រាល់​ម៉ោង​ធ្វើការ ឬ​ផ្ញើ​សារ មក​កាន់​អ៊ីមែល info@trc.gov.kh ។

ដូច​បាន​ជូនដំណឹង​ខាងលើ សូម​បណ្តា​ក្រុមហ៊ុន សហគ្រាស និង​ហាង​លក់​ចែកចាយ​បោះ​ដុំ និង​/​ឬ​លក់​ចែកចាយ​បន្ត ដែល​បាន​និង​កំពុង​ធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​នាំ​ចូល ផ្គត់ផ្គង់ និង​ចែកចាយ​គ្រឿង​សម្ភារ​បរិក្ខារ ទូរគមនាគមន៍​ទាំងអស់​ជ្រាប​និង​ចូលរួម​សហការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ