ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ជលផល ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងស្រុក​ស្ទឹង​ត្រង់ លែង​កូន​ត្រី​ចម្រុះ​៥​គីឡូក្រាម​ចូល​បឹង​ធម្មជាតិ​វិញ

9 ម៉ោង មុន

ខេត្តកំពង់ចាម ៖ នា​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៦ មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ស្ទឹង​ត្រង់ រដ្ឋបាល​ឃុំ​ខ្ពប​តា​ងួ​ន កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្ពប​តា​ងួ​ន និង​សហគមន៍​នេសាទ​ខ្ពប​តា​ងួ​ន បាន​ចុះ​ប្រតិបត្តិការ ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល​បាន ១​ករណី ដោយ​រុះរើ និង​បំផ្លាញ​ចោល​នូវ​ឧបករណ៍​ខុសច្បាប់ នៅ​ចំណុច​បឹង​ប្រឆេះ ឃុំ​ខ្ពប​តា​ងួ​ន ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។

បើ​តាម​មន្ត្រី​ជំនាញ​ជលផល ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​ករណី​ខាងលើ ដោយ​មានការ​សម្របសម្រួល​ពី ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម សាលាដំបូង​ខេត្តកំពង់ចាម ។

ជាមួយ​នោះ ជំនាញ​ក៏​បាន​រឹបអូស​វត្ថុ​តាង​បំផ្លាញ​ចោល នៅ​នឹង​កន្លែង រួម​មាន ៖ ឧបករណ៍​លូ​ស្បៃ​មុង​ចំនួន ១៥​មាត់ របាំង​ស្បៃ​មុង​ប្រវែង ៤៥០​ម៉ែត្រ បង្គោល​ចំនួន ២២៥​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់ ៥​គីឡូក្រាម ចូល​ក្នុង​បឹង​ធម្មជាតិ​វិញ ផង​ដែរ ៕