ទីក្រុងប៊ូសាន ៖ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Nayef Al-Fayez អគ្គនាយករង ទទួលបន្ទុកវប្បធម៌ នៃអង្គការយូណេស្កូ នៅក្នុងអំឡុងសម័យប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោក លើកទី៤៨ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម ដែលត្រូវបានជ្រើសរើស និងផ្តល់សេចក្តីទុកចិត្តឱ្យបំពេញការងារយ៉ាងសំខាន់ជា អគ្គនាយករង ទទួលបន្ទុកវប្បធម៌ នៃអង្គការយូណេស្កូ និងថ្លែងអំណរគុណដល់ ឯកឧត្តម ដែលបានបញ្ជូនរបាយការណ៍ នៃបេសកកម្មរបស់អ្នកជំនាញគណៈកម្មការបេតិកភណ្ឌពិភពលោក និងអ្នកជំនាញការ ICOMOS ដែលបានបំពេញបេសកកម្មការងារនៅប្រាសាទព្រះវិហារ កាលពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ២០២៦កន្លងទៅ តបតាមការអញ្ជើញរបស់កម្ពុជា ។
លោកជំទាវ រដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះគុណភាពរបស់របាយការណ៍ ដែលមានលក្ខណៈបច្ចេកទេសគ្រប់ជ្រុងជ្រោយ សុក្រឹត្យ និងឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែង ដែលបាននិងកំពុងកើតឡើងនៅប្រាសាទព្រះវិហារ ។
លោកជំទាវ រដ្ឋមន្ត្រី ក៏បានជម្រាបជូន ឯកឧត្តម អគ្គនាយករង អំពីបំណងរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលបេតិកភណ្ឌអរូបី នៅឆ្នាំណាមួយក្នុងអំឡុងពេលដែលកម្ពុជា ជាសមាជិកគណៈកម្មាធិការ ចាប់ពីឆ្នាំ២០២៦ រហូតដល់២០៣០ ខាងមុខនេះ ។
ឯកឧត្តម អគ្គនាយករង បានសន្យានឹងគាំទ្រសំណើធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ហើយក៏បានបញ្ជាក់អំពីកិច្ចគាំទ្ររបស់យូណេស្កូ និងក្នុងនាមរបស់ ឯកឧត្តម ផ្ទាល់ក្នុងការតាមដានយកចិត្តទុកដាក់ចំពោះករណីប្រាសាទព្រះវិហារ ដោយនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួល ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរតាមរយៈវប្បធម៌ ៕





ចែករំលែកព័តមាននេះ