សង្គ្រាមអ៉ីរ៉ង់ ៖ កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់អះអាង កាលពីថ្ងៃទី២១ កក្កដា ថា កងកម្លាំងអាកាសរបស់ខ្លួនបានវាយប្រហារ និងកម្ទេចហេដ្ឋារចនាសម្ព័ន្ធកណ្ដាលនៃទិន្នន័យរបស់ក្រុមហ៊ុនយក្សអាមេរិកអាម៉ាហ្សូននៅប្រទេសបារ៉ែន ដោយប្រើមីស៊ីលបណ្ដែតជាច្រើនគ្រាប់ ។

កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ក៏បញ្ជាក់ផងដែរ ក្នុងសេចក្ដីប្រកាសមួយថា បណ្ដាប្រព័ន្ធការពារអាកាស និងទីតាំងរ៉ាដាអាមេរិក ស្ថិតក្នុងតំបន់មូហារ៉ាក់ និងរីហ្វហ្វារបស់បារ៉ែន ក៏រងការវាយប្រហារដែរ ក្នុងឱកាសនៃការវាយប្រហាររបស់ខ្លួននោះ។ ការវាយប្រហារទាំងនេះកើតមានពេលការប៉ះទង្គិចគ្នាខាងយោធាដោយផ្ទាល់ រវាងអាមេរិក និងអ៉ីរ៉ង់កំពុងតែបន្តខ្លាំងក្លាទៀត ក៏ទោះបីមានការខិតខំប្រឹងប្រែងខាងការទូត និងការផ្លាស់ប្ដូរសារគ្នារវាងប្រទេសទាំង២ក្ដី។
ខណៈក្រុងវ៉ាស៊ីនតោនបង្កើនការវាយប្រហារ ប្រឆាំងបណ្ដាហេដ្ឋារចនាសម្ព័ន្ធអ៉ីរ៉ង់ តែក្រុងតេហេរ៉ង់បានព្រមានថា ប្រសិនបើប្រតិបត្តិការទាំងនេះនៅបន្ត នោះខ្លួននឹងវាយប្រហារប្រឆាំងបណ្ដាហេដ្ឋារចនាសម្ព័ន្ធព្រមទាំងបណ្ដាទីតាំង ស្ថិតនៅបណ្ដាប្រទេសក្នុងតំបន់ ដែលកងទ័ពអាមេរិកប្រើប្រាស់។ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំព្រមាន ពីការឲ្យអ៉ីរ៉ង់បង់តម្លៃយ៉ាងខ្ពស់ចំពោះការការស្លាប់នាពេលថ្មីៗនេះ ទាហានអាមេរិក៣នាក់នៅហ្ស៊កដានី និងអ៉ីរ៉ាក់។

ក្នុងសេចក្ដីប្រកាសរបស់ខ្លួនកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ពន្យល់ថា ការវាយប្រហារទាំងនេះរបស់ខ្លួនធ្វើឡើងជាការឆ្លើយតប ចំពោះអ្វីដែលខ្លួនហៅថា ការឈ្លានពានខាងយោធារបស់អាមេរិក ប្រឆាំងបណ្ដាទីតាំងស៊ីវិលកំពុងកសាងនៅដាឃោវីន។ ទន្ទឹមនឹងនេះដែរតំណាងអចិន្ត្រៃយ៍របស់អ៉ីរ៉ង់ប្រចាំអង្គការអន្តរជាតិនៅក្រុងវីយែន បានចេញផ្សាយសេចក្ដីថ្លែងការណ៍មួយ អំពាវនាវដល់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខអ.ស.បឲ្យថ្កោលទោសការវាយប្រហាររបស់អាមេរិក ប្រឆាំងមជ្ឈមណ្ឌលនុយក្លេអ៊ែរស៊ីវិលដាឃោវីនដែលកំពុងសាងសង់ ។
កាលពីថ្ងៃទី១៧ កក្កដា ទាហានអាមេរិក២នាក់ស្លាប់ ដោយការវាយប្រហាររបស់អ៉ីរ៉ង់លើមូលដ្ឋានអាកាសចរណ៍MUWAFFAQ SALTI ឬមូលដ្ឋាន AZRAQប្រទេសហ្ស៊កដានី។ ទាហានអាមេរិកម្នាក់ទៀតនៅតែបាត់ខ្លួនក្រោយការវាយបប្រហារទាំងនេះចំណែកទាហានអាមេរិកម្នាក់ទៀតស្លាប់នៅភាគខាងជើងអ៉ីរ៉ាក់។

អ៉ីរ៉ង់បង្កើនការវាយប្រហារលើហ្ស៊កដានី ដែលខ្លួនចាត់ទុកថា ជាអាយ៉ងរបស់អាមេរិក និងអ៉ីស្រាអែល។ ការវាយប្រហាររបស់
អ៉ីរ៉ង់លើហ្ស៊កដានីក៏បង្ហាញដែរពីសមត្ថភាពយោធាអ៉ីរ៉ង់ អាចបាញ់មីស៊ីលបាលីស្ទិកបានចម្ងាយដល់ជាង១០០០គីឡូម៉ែត្រពីព្រំដែនខ្លួន។ មេដឹកនាំកំពូលអ៉ីរ៉ងមុននេះក៏បានព្រមានផ្ដល់មេរៀនដែលមិនអាចបំភ្លេចបានច្រើនថែមទៀត ប្រសិនបើអាមេ
រិកបន្តវាយប្រហារប្រឆាំងអ៉ីរ៉ង់។ មេដឹកនាំកំពូលអ៉ីរ៉ង់រូបនោះបានព្រមានផ្ដល់មេរៀមមិនត្រឹមតែអាមេរិកទេ តែដល់បណ្ដាសម្ព័ន្ថមិត្តអាមេរិកក្នុងតំបន់ទៀតផង ៕

ចែករំលែកព័តមាននេះ