ទីក្រុងវ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក នៅថ្ងៃទី២១ ខែកក្កដា បានចេញការព្រមានសន្តិសុខជាលើកទី២ ក្នុងរយៈពេល៣ថ្ងៃ ដោយអំពាវនាវឱ្យពលរដ្ឋអាម៉េរិកនៅតំបន់មជ្ឈិមបូព៌ាបង្កើនការប្រុងប្រយ័ត្ន ខណៈស្ថានការណ៍សន្តិសុខនៅតែស្មុគស្មាញ និងអាចមានការកើនឡើងនៃជម្លោះដោយមិនបានរំពឹងទុក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ។
អាម៉េរិកក៏បានព្រមានពីលទ្ធភាពនៃការលុបចោលជើងហោះហើរ ការបិទដែនអាកាសជាបណ្តោះអាសន្ន និងការរំខានដល់ការធ្វើដំណើរ។ ទន្ទឹមនឹងនេះ អាជ្ញាធរអាម៉េរិកបញ្ជាក់ថា ស្ថានទូត និងផលប្រយោជន៍របស់អាម៉េរិកនៅក្រៅប្រទេស អាចក្លាយជាគោលដៅវាយប្រហារពីអ៊ីរ៉ង់ និងក្រុមដែលគាំទ្រអ៊ីរ៉ង់។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីការវាយប្រហារថ្មីៗដែលបណ្តាលឱ្យទាហានអាម៉េរិកស្លាប់ និងរងរបួសជាច្រើន ដោយក្រសួងការពារជាតិអាម៉េរិកឱ្យដឹងថា ចំនួនអ្នករងគ្រោះក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយ បានកើនឡើងជិត ១០០នាក់៕
ចែករំលែកព័តមាននេះ