រាជធានីភ្នំពេញ ៖ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានគូសបញ្ជាក់ថា កម្ពុជាកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវបំផុត ក្នុងការការពារអធិបតេយ្យភាព ដែនសមុទ្រតាមយន្តការអន្តរជាតិ ខណៈថៃ កំពុងប្រើល្បិចកល ។
លោកបណ្ឌិត បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ថា ល្បិចកល កុំចាញ់ភាពក្រឡិចក្រឡុចក្នុងល្បែងរបស់ថៃ
តាំងពីសម័យលង្វែក ខ្មែរធ្លាប់លើកទ័ពជួយប្រយុទ្ធទល់នឹងភូមា ចុងក្រោយសៀមបោក មកដល់បច្ចុប្បន្ន នៅក្នុងពិភពលោក នៃភូមិសាស្ត្រនយោបាយ “ពាក្យសម្តី” ជារឿយៗត្រូវបានគេប្រើ ដើម្បីបង្វែរដាន ឬបង្កើតផ្សែងបិទបាំងការពិត គឺកាន់តែពិបាកជឿ ។
លោកបណ្ឌិតថា ករណីដែលទាំងរដ្ឋមន្ត្រីការបទេស និងទាំងអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Ratchada Thanadirek បញ្ជាក់ថា ថៃ “មិនបានទទួលយកសំណើ” ឬបង្ហាញចេតនាចង់ “ទាត់ចោល” យន្តការ UNCLOS របស់កម្ពុជានោះ គ្រាន់តែជាផ្នែកមួយ នៃយុទ្ធសាស្ត្រទាញពេលវេលា និងការពារមុខមាត់ខាងនយោបាយផ្ទៃក្នុងរបស់គេតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់យើង ជាម្ចាស់វាសនាប្រទេសជាតិ យើងត្រូវមានស្មារតីរឹងមាំ និងបញ្ញាភ្លឺស្វាង ដើម្បីមើលឱ្យធ្លុះនូវ “ភាពក្រឡិចក្រឡុច” ទាំងនេះ។ គេបោកបានទៀតទេ ?
លោកបណ្ឌិត បានលើកឡើងថា កុំចាញ់បោកពាក្យថា “មិនទទួលយក” ៖ ច្បាប់អន្តរជាតិ មិនមែនជាការសុំសេចក្តីអនុគ្រោះយុវជន និងសាធារណជនត្រូវយល់ថា ការដែលកម្ពុជាប្រើប្រាស់យន្តការ “ការផ្សះផ្សាដោយបង្ខំ” (Compulsory Conciliation) ក្រោមឧបសម្ព័ន្ធទី ៥ នៃអនុសញ្ញា UNCLOS មិនមែនជាការ “សុំការអនុញ្ញាត” ពីភាគីថៃនោះឡើយ។ នេះគឺជាអំណាចឯកតោភាគី ដែលច្បាប់អន្តរជាតិផ្ដល់ឱ្យរដ្ឋសមាជិក។ នៅពេលកម្ពុជា ចុចប៊ូតុងបញ្ជូនសំណុំរឿងទៅកាន់អង្គការសហប្រជាជាតិ ទោះបីថៃ និយាយថា “មិនទទួលយក” ក៏ដោយ ក៏កង់ នៃយុត្តិធម៌អន្តរជាតិ នឹងចាប់ផ្តើមវិល។ ប្រសិនបើថៃ រឹងរូសមិនព្រមតែងតាំងសមាជិកគណៈកម្មការ អគ្គលេខាធិការ UN នឹងក្លាយជាអ្នកតែងតាំងជំនួស។ ដូច្នេះ ការបដិសេធតាមរយៈសារព័ត៌មាន គ្រាន់តែជា “ល្បិចវោហារសាស្ត្រ” ប៉ុន្តែតាមផ្លូវច្បាប់ ថៃគ្មានច្រកគេចឡើយ ។
លោកបណ្ឌិត បានបន្ថែមថា បង្ខំឱ្យចរចា ៖ ការបំបែករបាំង នៃភាពមានប្រៀបផ្នែកអំណាចហេតុអ្វីបានជាថៃព្យាយាម គេចវេសពី UNCLOS ? គឺដោយសារតែគេចង់រក្សា “ភាពក្រឡិចក្រឡុច” ក្នុងការចរចាទ្វេភាគី ដែលគេមានប្រៀបជាងផ្នែកសេដ្ឋកិច្ច និងយោធា។ ប៉ុន្តែយន្តការផ្សះផ្សាដោយបង្ខំនេះ នឹងបង្ខំឱ្យថៃ ត្រូវតែចរចាដោយសុចរិត ផ្អែកលើបច្ចេកទេស និងសមធម៌ ។
ទោះបីជាលទ្ធផលចុងក្រោយមិនមានលក្ខណៈចាប់បង្ខំឱ្យអនុវត្តដូចសាលក្រមតុលាការ ប៉ុន្តែវាមានអំណាច “បកអាក្រាតបច្ចេកទេស”។ ប្រសិនបើគណៈកម្មការអន្តរជាតិ រកឃើញថា ខ្សែបន្ទាត់ឆ្នាំ ១៩៧៣ របស់ថៃ ដែលគូសកាត់តាមកោះគុត គឺជាការរំលោភច្បាប់សមុទ្រ នោះថៃនឹងបាត់បង់ “ភាពស្របច្បាប់” ទាំងស្រុងនៅលើឆាកអន្តរជាតិ។ នេះហើយគឺជាអ្វីដែលគេខ្លាចបំផុត ។
ជាមួយគ្នានោះដែរ លោកបណ្ឌិត ក៏បានលើកឡើងថា មេរៀនពីទីម័រឡេស្តេ ជាភស្តុតាង ដែលមិនអាចប្រកែកបាន យើងមិនត្រូវភ្លេចករណីទីម័រឡេស្តេឡើយ។ អូស្ត្រាលី ធ្លាប់ប្រើល្បិចក្រឡិចក្រឡុច និងឥទ្ធិពលមហាអំណាចរបស់ខ្លួន ដើម្បីគេចវេសរាប់សិបឆ្នាំ។ ប៉ុន្តែនៅពេលទីម័រឡេស្តេ ប្រើអាវុធ UNCLOS នេះឯង ទើបអូស្ត្រាលី ត្រូវបង្ខំចិត្តចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែនត្រឹមត្រូវមួយ នៅឆ្នាំ២០១៨។ នេះជាសក្ខីភាពថា “ច្បាប់គឺសម្រាប់ការពារអ្នកខ្សោយពីការធ្វើបាបរបស់អ្នកខ្លាំង” ។
លោកថា UNCLOS ជាអន្ទាក់កម្ពុជា ជាមួយប្រទេសដទៃទៀត ? ខ្សែបន្ទាត់ប្រេវីយ៉េ (១៩៣៩) និង UNCLOS ច្បាប់សមុទ្រ UNCLOS ១៩៨២ ផ្ដល់នូវគោលការណ៍បន្ថែមថ្មីៗ ដែលមិនមានក្នុងឆ្នាំ ១៩៣៩ ដូចជា តំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) ២០០ ម៉ាយសមុទ្រ និងខ្ពង់រាបបាតសមុទ្រ (Continental Shelf)។ ប្រសិនបើកម្ពុជា ប្រើប្រាស់ UNCLOS វាផ្ដល់ឱកាសឱ្យយើងទាមទារសិទ្ធិលើផ្ទៃសមុទ្រដោយផ្អែកលើ “ឆ្នេរ” (Coastline) របស់ខ្លួន ជាជាងការជាប់ចំណាប់ខ្មាំង ដោយសារតែខ្សែបន្ទាត់រដ្ឋបាលសម័យអាណានិគម។
លោកបណ្ឌិត លើកឡើងទៀតថា ហេតុអ្វីបានជា UNCLOS មិនមែនជាអន្ទាក់ ? ផ្ទុយពីការយល់ឃើញថា ជាអន្ទាក់ UNCLOS គឺជាយន្តការដែលផ្ដល់ភាពស្មើគ្នានៅចំពោះមុខច្បាប់ ៖ ការទប់ទល់នឹងមហាអំណាច បើគ្មាន UNCLOS ទេ ប្រទេសដែលមានកម្លាំងយោធាខ្លាំងជាង អាចនឹងប្រើប្រាស់អំណាចបាយ ដើម្បីកំណត់ព្រំដែនតាមចិត្តចង់។ ប៉ុន្តែ UNCLOS បង្ខំឱ្យគ្រប់ភាគីត្រូវតែប្រើ “រូបមន្តបច្ចេកទេស” (ដូចជាគោល ការណ៍ Equidistance ឬការគិតគូរពីសមធម៌) ។
ការបំបែកភាពទាល់ច្រក ក្នុងកិច្ចព្រមព្រៀង “តំបន់ទឹកប្រវត្តិសាស្ត្រ” ឆ្នាំ ១៩៨២ ភាគីទាំងពីរ បានប្រើខ្សែប្រេវីយ៉េជាមូលដ្ឋាន។ ប្រសិនបើកម្ពុជាចង់ចរចា ឬកំណត់ព្រំដែនដាច់ស្រឡះ UNCLOS គឺជាឧបករណ៍តែមួយគត់ ដែលអន្តរជាតិទទួលស្គាល់ ដើម្បីធ្វើឱ្យការទាមទាររបស់យើងមានទម្ងន់ ។
លើសពីនេះ លោកបណ្ឌិតក៏បានលើកសារដាស់តឿនថា ត្រូវពង្រឹងចំណេះដឹង កុំជឿត្រឹមសម្បកក្រៅក្នុងនាមជាយុវជន យើងត្រូវ ៖ កុំតក់ស្លុត តាមការចុះផ្សាយរដ្ឋាភិបាលជិតខាង អាចនិយាយអ្វីក៏បានដើម្បីចំណេញនយោបាយគេ ប៉ុន្តែយើងត្រូវផ្អែកលើ “នីតិវិធីច្បាប់” ជាគោល ។
ពង្រឹងអាវុធបញ្ញា ចូររៀនសូត្រពីច្បាប់អន្តរជាតិ និងប្រវត្តិសាស្ត្រ ដើម្បីកុំឱ្យគេបោកប្រាស់បាន ។ ជឿជាក់លើវិទ្យាសាស្ត្រការទូតការ ដែលរដ្ឋាភិបាលកម្ពុជាសម្រេចដើរផ្លូវ UNCLOS គឺជាយុទ្ធសាស្ត្រ “ឡោមព័ទ្ធនយោបាយដោយប្រើច្បាប់” ដែលជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ និងប្រកបដោយមោទនភាពជាតិ ។
លោកបណ្ឌិតក៏បានសន្និដ្ឋានថា ភាពក្រឡិចក្រឡុច នៃវោហារសាស្ត្រ អាចបោកបញ្ឆោតភ្នែកមនុស្សបានមួយរយៈ ប៉ុន្តែវាមិនអាចបោកបញ្ឆោត “ការពិតនៃច្បាប់” បានឡើយ ។
លោកគូសបញ្ជាក់បន្ថែមថា ៖ កម្ពុជាកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវបំផុត ក្នុងការការពារអធិបតេយ្យភាពដែនសមុទ្រ។ ចូរយើងរួមគ្នាជាធ្លុងមួយ គាំទ្រយន្តការច្បាប់អន្តរជាតិ និងបន្តកសាងសមត្ថភាពខ្លួនឯង ដើម្បីក្លាយជាខ្នងបង្អែកដ៏រឹងមាំសម្រាប់ជាតិមាតុភូមិ។ “ច្បាប់អន្តរជាតិ គឺជាខែលការពារជាតិ ប្រាជ្ញារបស់យុវជន គឺជាកម្លាំងរុញច្រាន” ៕
ចែករំលែកព័តមាននេះ