ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋនៅទីប្រជុំជនអ្នកលឿងក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង បានស្មើសុំឲ្យអាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញ ជួយដាក់ភ្លើងស្តុបនៅលើកំណត់ផ្លូវជាតិលេខ 1 ត្រង់ចំណុចរង្វង់មូលត្រីកោណ ជាផ្លូវបំបែកជាបួន ដើម្បីជួយការពារកុំឲ្យមានគ្រោះថ្នាក់ និងបញ្ជៀសការកកស្ទះចរាចរណ៍ផងដែរ។
ពលរដ្ឋនៅទីប្រជុំជនអ្នកលឿង បានឲ្យដឹងថា ផ្លូវបំបែកជាបួនរង្វង់មូលត្រីកោណនេះ មានរថយន្តតូចធំឆ្លងកាត់ច្រើន ទាំងយប់ទាំងថ្ងៃ ជាពិសេសគឺនៅរដូវបុណ្យទានដូចជា បុណ្យភ្ជុំនិងចូលឆ្នាំជាដើម ផ្លូវនេះត្រូវមានកម្លាំងអាវុធហត្ថ និងនគរបាលរាប់សិបនាក់មកចាំជួយសម្រួលចរាចរណ៍ បើមិនដូច្នេះទេនឹងត្រូវកកស្ទះទៅមុខមិនរួចឡើយ។
ពលរដ្ឋទាំងនេះបានបញ្ជាក់ថា បច្ចុប្បន្នពួកគាត់ព្រួយបារម្ភខ្លាំង គឺបញ្ហាសុវត្ថិភាពពេលឆ្លងកាត់ចំណុចផ្លូវបំបែកនេះ ព្រោះឡានធំៗច្រើនណាស់ គ្រោះថ្នាក់អាចកើតមានគ្រប់ពេលវេលា ដូច្នេះ ហើយ ទើបពួកគាត់ស្នើសុំឲ្យអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញ ជួយដាក់ភ្លើងស្តុបនៅចំណុចផ្លូវបំបែកជាបួនរង្វង់មូលត្រីកោណនេះផង ដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់លើប្រជាពលរដ្ឋផង និងបញ្ជៀសការកកស្ទះចរាចរណ៍ផងដែរ។
ជុំវិញការស្នើសុំនេះលោក កែវ ពិសី អភិបាល ស្រុកពាមរក៍ បានឱ្យដឹងថា ចំណុចរង្វង់មូលត្រីកោណនេះ ពិតជាមានចរាចរណ៍មមាញឹកខ្លាំង ហើយប្រឈមនិងគ្រោះថ្នាក់ខ្លាំងពិតមែនសម្រាប់ប្រជាពលរដ្ឋ ហើយលោកក៏បានស្នើសុំទៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែងឲ្យជួយដាក់ភ្លើងស្តុបនៅចំណុចនេះដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ខាងមន្ទីរមិនទាន់ឆ្លើយតបសោះ។
ដោយឡែកលោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានឲ្យដឹងថា បញ្ហានេះខាងអាជ្ញាធរស្រុកពិតជាបានស្នើសុំមកមន្ទីរពិតមែន ហើយលោកក៏បានដាក់បញ្ចូលបញ្ហានេះ ទៅក្នុងផែនការឆ្នាំ 2027 របស់មន្ទីរ និងបានរាយការណ៍ទៅខាងក្រសួងស្នើសុំមន្ត្រីជំនាញចុះមកសិក្សាមើលដែរ ប៉ុន្តែមកដល់ពេលនេះ ខាងក្រសួងក៏មិនទាន់ឆ្លើយតបដែរ ៕






ចែករំលែកព័តមាននេះ