រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងជំនាញនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង បានចុះពិនិត្យទីតាំងឃ្លាំងយីហោ «ភុត ប៊ុនហម» ស្ថិតនៅក្នុងភូមិឆ្លក សង្កាត់គោករកា ដែលសង្ស័យមាននាំចូល និងស្តុកបង្កកពីប្រទេសថៃ នេះបើតាមការឱ្យដឹងពីលោកស្រី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៦នេះ ។
ក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យនេះ ក្រុមការងារចម្រុះ បានរកឃើញ ៖
១. មានលិខិតអនុញ្ញាតអាជីវកម្ម និងប័ណ្ណពន្ធប៉ាតង់ ឆ្នាំ២០២៥
២. ផលិតផលក្នុងស្រុក ៖ ប្រហិតមាន់ ប្រហិតសាច់គោ ហតដកច្រើនប្រភេទ ណែមមីសួរ សាច់ជ្រូកចង្កាក់ និងឆ្អឹងខ្ចីទ្រូងមាន់។
៣. ផលិតផលសរសៃកែងមាន់បង្កក សរុប ៦៤២ដុំតូចមានដាក់អក្សរ THAILAND ចំនួន១៣៧ ដុំតូច មានអក្សរថៃចំនួន ៧៨ ដុំតូច និងផលិតផលដែលគ្មានអក្សរបញ្ជាក់ប្រភពចំនួន ៤២៧ ដុំតូច ។
ក្រោយប្រតិបត្តិការ ម្ចាស់ទីតាំងខាងលើ ត្រូវបាននាំខ្លួនទៅសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញការនាំចូលផលិតផលទាំងនេះ និងស្វែងរកអ្នកពាក់ព័ន្ធ។ រីឯទីតាំងឃ្លាំង ក្រុមការងារសម្រេចបិទបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីច្បាប់ ។
លោកស្រីអ្នកនាំពាក្យ ក៏បានបន្តទៀតថា ក្នុងថ្ងៃនេះដែរ រដ្ឋបាលខណ្ឌឫស្សីកែវ ដោយមានការចូលរួមសហការពីលោកស្រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញ ក.ប.ប រាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យទីតាំងឃ្លាំងសាច់បង្កកចំនួន ៣ទីតាំង ដែលសង្ស័យពាក់ព័ន្ធករណីនាំចូល ស្តុកទុក និងចែកចាយផលិតផលសាច់បង្កកជាផលិលតផលរបស់ប្រទេសថៃ រួមមាន ៖ ១. ទីតាំងស្ថិតនៅផ្លូវ៥៩៨ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក, ២. ទីតាំងស្ថិតនៅផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ២ និងទី៣. ឃ្លាំងទំនិង ISR (ចែទូច) ស្ថិតនៅផ្លូវលំ ភូមិទី៤ សង្កាត់ច្រាំងចំរេះទី១។ ចំពោះទីតាំង៣ នេះ កម្លាំងចម្រុះបានចុះពិនិត្យមិនឃើញមានករណីទំនិញបង្កកដែលនាំចូលមកពីប្រទេសថៃឡើយ។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌឫស្សីកែវ បានថ្លែងអំណរគុណចំពោះម្ចាស់ទីតាំង ដែលបានផ្តល់ការសហការល្អសម្រាប់ក្រុមការងារចម្រុះចុះត្រួតពិនិត្យ ហើយបានសន្យាថា មិនមានការទទួលយកទំនិញនាំចូលមកពីប្រទេសថៃ មកបង្កកទុកនៅទីតាំងឃ្លាំងនេះឡើយ ។
ដោយឡែកនៅខណ្ឌសែនសុខវិញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សហការជាមួយកម្លាំងជំនាញចម្រុះបានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែងរបស់ក្រុមហ៊ុន FWI ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បន្ទាប់ពីមានការសង្ស័យថាមានការស្តុកសាច់បង្កកនាំចូលពីប្រទេសថៃ ។
ក្រោយពីបានធ្វើការពិនិត្យ និងធ្វើតេស្ថវិភាគ របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង (ក.ប.ប) និងសាខាគយ និងរដ្ឋាករខណ្ឌសែនសុខ បានរកឃើញមានការស្តុកទំនិញចំនួន ០៩ប្រទេស រួមមាន ៖ ចិន ប្រេស៊ីល សហរដ្ឋអាមេរិក ឥណ្ឌា ហ៊ូឡង់ តៃវ៉ាន់ អូស្ត្រាលី អ៊ីតីអូព្យា និងកម្ពុជា។ ក្នុងចំណោមមុខទំនិញ និងសាច់បង្កកទាំងអស់ ក្រុមការងារមិនបានរកឃើញមុខទំនិញណានាំចូលពីប្រទសថៃឡើយ ។
ជាមួយគ្នានេះ លោកស្រីអ្នកនាំពាក្យបាន បញ្ជាក់បន្ថែមទៀតថា លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បាន ណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់លោក លោកស្រីអភិបាលខណ្ឌទាំង១៤ ត្រូវបន្ត ចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុក ទំនិញ ឬ ផលិតផលបង្កក នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លូន ដែលសង្ស័យអាចមានប្រភពនាំចូលពីប្រទេសថៃ ឱ្យបានម៉ត់ចត់ ក្នុងករណីរកឃើញ ត្រូវសួរនាំឱ្យបានលម្អិតថា អ្នកណាជាអ្នកនាំចូល? ចូលតាមច្រកណា? ខេត្តណា? មានអាជ្ញាបណ្ណនាំចូលឬ ទេ? ហើយអ្នកណា ជាអ្នកដឹក ជញ្ជូន? ។
លោកអភិបាល បន្តថា កិច្ចការទាំងអស់នេះ រដ្ឋបាលខណ្ឌទាំង១៤ ត្រូវតែ បន្តត្រួតពិនិត្យព្រមៗគ្នា ជាមួយនឹងការងារចុះប្រតិបត្តិការ បោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយមិនត្រូវរាថយដាច់ខាត ៕












ចែករំលែកព័តមាននេះ