កាលពីជាង១០ថ្ងៃមុនកូនស្លា.ប់ក្នុងផ្ទៃ ឥឡូវម្ដាយផឹកស្រាលើសកម្រិតគាំ.ងបេះដូងស្លា.ប់ ក្នុងបន្ទប់ជួល
- កណ្តាល
ខេត្តកណ្ដាល៖ ស្ត្រីម្នាក់កាលពីជាង១០ថ្ងៃមុនបានស្លាប់កូននៅក្នុងផ្ទៃ៧ខែ ហើយបានទៅកាន់មន្ទីរពេទ្យត្រូវបានគ្រូពេទ្យជួយសង្គ្រោះបានដោយជោគជ័យ រហូតមកដល់ពេលនេះនាងបានផឹកស្រា សផងនិងស្រាបៀរផងលើសកម្រិតក៏គាំងបេះដូងស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែង ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីទៀបភ្លឺថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នៅចំណុចបន្ទប់ជួល ស្ថិតនៅក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ស្ត្រីខាងលើឈ្មោះ មាស ស្រីមាន អាយុ២៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមេផ្ទះ មានស្រុកកំណើតនៅភូមិស្ទឹងចាស់ ឃុំគយមែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលស្លាប់ស្ត្រីរងគ្រោះខាងលើមានផ្ទៃពោះ៧ខែ ប៉ុន្តែកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ កូនរបស់នាងបានស្លាប់នៅក្នុងផ្ទៃ ពេលនោះនាងបានទៅមន្ទីរពេទ្យ ហើយគ្រូពេទ្យបានចាក់ថ្នាំបង្កើតកូនចេញមកនិងជួយសង្គ្រោះនាងបានដោយជោគជ័យ ។ លុះដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៨ និង១០នាទីល្ងាចនាងបានផឹកបៀរអស់ចំនួន០៣កំប៉ុង និងស្រា ស អស់ប្រហែល១លីត្រតែម្នាក់ឯងនៅខាងមុខបន្ទបជួល រហូតដល់វេលាម៉ោង១០យប់ថ្ងៃដដែល ទើបចូលដេកក្នុងបន្ទប់ជួលតែម្នាក់ឯង ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តថា ពឹលនោះគ្មាននរណាបានដឹងថានាងមានរឿងអ្វីឡើយ រហូតដល់វេលាម៉ោង២ និង៣០ទៀបភ្លឺថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ មានស្ត្រីម្នាក់ឈ្មោះ ខិត ថាវី អាយុ២៥ឆ្នាំ មុខរបរកម្មការិនី មានស្រុកកំណើតនៅភូមិថុងប៉ាង ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគីរី ។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាមួយគ្នាត្រឡប់មកពីធ្វើការវិញឃើញទ្វាបន្ទប់ជួលបិតទ្វាតែមិនចាក់សោ នាងក៏បើកទ្វារដើរចូលទៅក្នុងបន្ទប់ បានឃើញជនរងគ្រោះដេកផ្កាប់មុខ នាងក៏ដាស់ឲ្យក្រោកប៉ុន្តែមិនបានឮនារីរងគ្រោះតបឆ្លើយតប ឬក្រោកឡើយ ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ទៀតថា បន្ទាប់មកនាងខិត ថាវីក៏បានទាញជនរងគ្រោះប្រែមកផ្ងារវិញ ក៏ឃើញសភាពជនរងគ្រោះស្វាយមុខមួយចំហៀងខាងឆ្វេង នាងក៏បានស្រែកហៅអ្នកជិតខាងឲ្យមកជួយមើល ទើបដឹងថាជនរងគ្រោះស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះធ្វើការពិនិត្យកោសល្យវិច័យ ។ ខណៈនោះនគរបាលផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ស្រុកអង្គស្នួល ចូលរួមដោយលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន លោកស្រីមេឃុំ មន្ត្រីក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិ និងក្រុមគ្រួសារជនរងគ្រោះ ។ បានធ្វើការពិនិត្យសពជនរងគ្រោះ ហើយសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ គាំងបេះដូង បណ្ដាលមកពីផឹកស្រាលើសកម្រិត បន្ទាប់មកក៏ប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯខេត្តបន្ទាយមានជ័យ៕





ចែករំលែកព័តមាននេះ