ឃាត់ខ្លួនម្ចាស់ឃ្លាំងម្នាក់នៅមានជ័យ ក្រោយរកឃើញប្រហិតអក្សរថៃ និងទំនិញបកស្លាកជាង២០០កេស
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នាំម្ចាស់ឃ្លាំងម្នាក់នៅខណ្ឌមានជ័យ យកទៅសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយរកឃើញមានប្រហិតមួយកញ្ចប់ធំជាអក្សរថៃ និងទំនិញជាង ២០០កេសទៀត ត្រូវបានបកស្លាកសញ្ញាចេញ ។ នេះបើយោងតាមផេក មន្ទីរព័ត៌មាន រាជធានីភ្នំពេញ បានប្រកាសនារសៀលថ្ងៃទី១១ ខែមិថុនានេះ ។

ការរកឃើញនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ពេលលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុក និងបង្កកសាច់ចំនួន២ ទីតាំង ស្ថិតនៅភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក សេង គន្ធ បានបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យការអនុវត្តតាមបទប្បញ្ញត្តិពាក់ព័ន្ធ សុវត្ថិភាពចំណីអាហារ ប្រភព និងគុណភាពផលិតផលសាច់ដែលកំពុងរក្សាទុកក្នុងឃ្លាំង ដើម្បីធានាការការពារសុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ក្រោយត្រួតពិនិត្យ មន្ត្រីរកឃើញទំនិញមានការនាំចូលពីប្រទេសមួយចំនួនត្រឹមត្រូវ តែក្រុមការងារក៏បានរកឃើញប្រហិតមួយកញ្ចប់ធំ ដែលមានអក្សរថៃ សង្ស័យអាចនាំចូលពីថៃ ព្រមទាំងរកឃើញទំនិញជាង២០០កេសទៀត ត្រូវបានបកស្លាកសញ្ញាចោល ដូច្នេះម្ចាស់ឃ្លាំង ត្រូវបានតំណាងអយ្យការសម្រេចឲ្យឃាត់ខ្លួន យកទៅសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីទៀត ៕



ចែករំលែកព័តមាននេះ