ទីក្រុងញូដេលី៖ ជនជាតិឥណ្ឌាបីនាក់ជានាវឹកជិះនៅលើកប៉ាល់ដឹកទំនិញបានស្លាប់ដោយសារគ្រាប់មីស៊ីលរបស់អាមេរិកដែលបាញ់តម្រង់ទៅរកកប៉ាល់នោះស្ថិតនៅតំបន់ឆ្នេរសមុទ្រប្រទេសអូម៉ង់។ នេះបើយោងតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ឥណ្ឌា។ នេះជាឧបទ្ទវហេតុដ៏គួរឱ្យសោកស្ដាយដែលកប៉ាល់ដោតទង់ជាតិប្រទេសប៉ាឡូ (Palau) រងការបាញ់ប្រហារកាលពីមួយថ្ងៃមុននេះ។
អ្នកទាំងបីនោះមុនដំបូងបាត់ខ្លួនក្រោយការវាយប្រហារ។ ប៉ុន្តែក្រោយមក គេបានរកឃើញសាកសព និងកំណត់អត្តសញ្ញាណដឹងថាពិតជាសាកសពរបស់ពួកគេ។ រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌាបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងញូដេលីទៅសាកសួរ និងបង្ហាញការកើតទុក្ខមិនសុខចិត្តចំពោះការវាយប្រហារកាលពីម្សិលមិញទៅលើកប៉ាល់ឈ្មោះអឹមធី សិតតេបេឡូ (MT Settebello)។ គិតទាំងលើកនេះទៀត យោធាអាមេរិកបានបាញ់ប្រហារទៅលើកប៉ាល់ដឹកទំនិញចំនួន២ករណីដោយភាគច្រើនមានជនជាតិឥណ្ឌាជិះនៅក្នុងនោះ។
កាលពីថ្ងៃទី៨ ខែមិថុនា អាជ្ញាធរប្រទេសអូម៉ង់បានស្រង់នាវឹកជនជាតិឥណ្ឌា២៤នាក់បន្ទាប់ពីអាមេរិកវាយប្រហារទៅលើនាវាដឹកប្រេងដែលដោតទង់ជាតិប្រទេសប៉ាឡូ។ តាមរយៈរូបភាពដែលគេបង្ហោះនៅលើបណ្ដាញសង្គម គេឃើញនាវឹកទាំងនោះត្រូវគេលើកចេញពីកប៉ាល់ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ និងឃើញផ្សែងដ៏ខ្មៅងងឹតហោះហើរចេញពីកប៉ាល់នោះ។ រដ្ឋមន្ត្រីឥណ្ឌាថ្លែងថារដ្ឋាភិបាលរបស់ខ្លួនស្ថិតនៅជាមួយក្រុមគ្រួសារជនរងគ្រោះជានិច្ចនៅក្នុងគ្រាដ៏លំបាកនេះ៕ ប្រភព៖ Channel News Asia
ចែករំលែកព័តមាននេះ