ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ ឆែកឆេរ​ឃ្លាំងស្តុ​ក​ចែកចាយ​សាច់​បង្កក​ ចំនួន​៧​ទីតាំង​ នៅ​បឹង​សាឡា​ង ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម្នាក់

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ​ទីតាំង​ស្តុ​កសាច់​បង្កក និង​ប្រហិត​ ចំនួន​៧​ទីតាំង ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក​ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​ សហការ​ជាមួយ​មន្ត្រី​ជំនាញ ​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ដោយ​រក​ឃើញ​ទំនិញ​មួយ​ចំនួន ​នាំ​ចូល​មក​ពី​ប្រទេស​ថៃ​ និង​បាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម្នាក់​ ។

លោក ​ជា ពិសី​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក​ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៧​និង​៣០​នាទី រហូត​ដល់​ម៉ោង​១៧​និង​១៥​នាទី កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក ​បានសហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​អគ្គនាយកដ្ឋាន (ក​.​ប​.​ប.) ដោយ​មាន​កិច្ច​សម្របសម្រួល​ផ្លូវច្បាប់​ពី​លោក ញ៉ា​ន បូ​រី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សប្ប​កម្ម ឃ្លាំង​ស្តុក សាច់ និង​ប្រហិត​ចម្រុះ ចំនួន ០៧​ទីតាំង ក្នុង​មូលដ្ឋាន​សង្កាត់​បឹង​សាឡា​ង​ ។​

នៅ​ក្នុង​នោះ បាន​ឃាត់ខ្លួន​ម្ចាស់​សិប្បកម្ម ០១​ទីតាំង ស្នាក់​នៅផ្ទះ​លេខ​៨៩ ផ្លូវ​លេខ​២៤៧ ភូមិ​១៣ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ក្រោយ​ពី​រក​ឃើញ​មាន​ម្ស៉ៅ​បំពង ​ចំនួន​២០​កេស ស្មើនឹង​២០០​កញ្ចប់ ជា​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ថៃ ដោយ​ខុសច្បាប់​។
ម្ចាស់​ទីតាំង ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី និង​បាន​បិទ​សៀ​ល​ឃ្លុំបេ​ សិប្បកម្ម​ប្រហិត​ខាងលើ ​ផង​ដែរ ​។

លោក ​ជា ពិសី​ បាន​ឲ្យ​ដឹង​ទៀត​ថា ជាមួយ​គ្នា​នោះ​ដែរ រដ្ឋបាល​ខណ្ឌទួលគោក បាន​សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ ចុះ​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​ទំនិញ​បោះ​ដុំ និង​លក់រាយ ​ដែល​លក់​ផលិតផល​ថៃ (​គ្មាន​ស្លាក​យីហោ​) ដែល​បាន​លក់​ផលិតផល​ថៃ​ ឱ្យ​ម្ចាស់​សិប្បកម្ម​ដែល​លក់​បន្ត ស្ថិត​នៅ​ផ្លូវ​បេតុង OCIC ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​ ។

ក្រុមការងារ​បាន​រក​ឃើញ​ផលិតផល​ថៃ បាន​មួយ​ចំនួន​ធំ និង​បាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង បញ្ជូន​ទៅ​អធិការ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ចាត់ការ​តាម​នីតិ​វី​ធី​ច្បាប់​បន្ថែម​ទៀត ​៕