ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN ៖ មនុស្ស​រាប់​សិប​លាន​នាក់​ប្រឈម​ភាព​អត់ឃ្លាន ដោយសារ​ការ​បិទ​ច្រក​ហ័​រ​មូស​ រារាំង​ការ​ដឹក​ជញ្ជូន​ជី​កសិកម្ម

1 នាទី មុន

សហរដ្ឋអាមេរិក ៖ ប្រធាន​ក្រុមការងារ​ពិសេស​អង្គការសហប្រជាជាតិ (UN) ដែល​មាន​គោលបំណង​បញ្ចៀស​វិបត្តិ​មនុស្សធម៌​ដែល​កំពុង​តែ​កើត​មាន​នោះ កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៦ បាន​ប្រាប់ AFP…

សហរដ្ឋអាមេរិក ៖ ប្រធាន​ក្រុមការងារ​ពិសេស​អង្គការសហប្រជាជាតិ (UN) ដែល​មាន​គោលបំណង​បញ្ចៀស​វិបត្តិ​មនុស្សធម៌​ដែល​កំពុង​តែ​កើត​មាន​នោះ កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៦ បាន​ប្រាប់ AFP ថា មនុស្ស​រាប់​សិប​លាន​នាក់ អាច​ប្រឈម​មុខ​នឹង​ភាព​អត់ឃ្លាន ប្រសិនបើ​ជី​កសិកម្ម​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដឹក​ជញ្ជូន​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ​។

អ៊ី​រ៉​ង់​បាន​បិទផ្លូវ​ទឹក​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​នេះ ដែល​ជា​ធម្ម​តាជី​កសិកម្ម​១​ភាគ​៣​របស់​ពិភពលោក​ឆ្លងកាត់​អស់​រយៈពេល​ជា​ច្រើន​ខែ ដើម្បី​សងសឹក​ចំពោះ​សង្គ្រាម​ដែល​បាន​ចាប់ផ្តើម​ដោយ​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល តាំងពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ដែល​រំខាន​ដល់​ពាណិជ្ជកម្ម​ដ៏​សំខាន់​សម្រាប់​កសិករ​ជុំវិញ​ពិភពលោក​។

លោក Jorge Moreira da Silva នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​សេវាកម្ម​គម្រោង​របស់​អង្គការសហប្រជាជាតិ (UNOPS) និង​ជា​មេដឹកនាំ​ក្រុមការងារ​ពិសេស បាន​ប្រាប់ AFP ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ដូច្នេះ​ថា «​យើង​មាន​ពេល​២​ទៅ​៣​ស​ប្តា​ហ៍​ទៀត ដើម្បី​ទប់ស្កាត់​អ្វី​ដែល​ទំនងជា​វិបត្តិ​មនុស្សធម៌​ដ៏​ធំ​មួយ ដោយ​យើង​អាច​នឹង​ឃើញ​វិបត្តិ​ដែល​នឹង​បង្ខំ​ឱ្យ​មនុស្ស ៤៥ លាន​នាក់​បន្ថែម​ទៀត ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​អត់ឃ្លាន​»​។

គួរ​បញ្ជាក់​ថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​បង្កើត​ក្រុមការងារ​ពិសេស​នេះ​ឡើង កាលពី​ខែមីនា​កន្លង​ទៅ ដើម្បី​ជួយ​សម្រួល​អនុញ្ញាត​ឱ្យ​ជី​កសិកម្ម និង​វត្ថុធាតុដើម​ពាក់ព័ន្ធ​ដូច​ជា អា​ម៉ូ​ញាក់ ស្ពាន់ធ័រ និង​អ៊ុយ​រ៉េ ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស​។ អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​មក​ហើយ លោក Moreira បាន​ខិតខំ​បញ្ចុះបញ្ចូល​ភាគី​ជម្លោះ​ឱ្យ​អនុញ្ញាត​ឱ្យ​កប៉ាល់​មួយ​ចំនួន​ឆ្លងកាត់ ហើយ​បាន​ជួប​ជាមួយ​ប្រទេស​ជាង ១០០ ដើម្បី​ប្រមូល​ការ​គាំទ្រ​ពី​រដ្ឋ​សមាជិក UN ជុំវិញ​ដល់​ការ​សម្រួល​នេះ​។

លោក​បាន​អះអាង​ថា ប្រទេស​កាន់តែ​ច្រើន កំពុង​តែ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ផែនការ​នេះ ប៉ុន្តែ​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់ ក៏​ដូច​ជា​បណ្តា​ប្រទេស​ឈូង​សមុទ្រ​ពែ​រ្ស ដែល​ជា​ប្រទេស​ផលិត​ជី​សំខាន់​ៗ មិន​ទាន់​គាំទ្រ​ពេញលេញ​នៅឡើយ​ទេ​។ លោក​ថា ខណៈ​ពេល​ដែល​ក្តី​សង្ឃឹម​ចុង​ក្រោយ​គឺ កិច្ចព្រមព្រៀង​សន្តិភាព​យូរអង្វែង​នៅ​ក្នុង​តំបន់ និង​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​សម្រាប់​ទំនិញ​ទាំងអស់​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស​នោះ ប៉ុន្តែ​បញ្ហា​បន្ទាន់​បំផុត​គឺ​រដូវ​ដាំ​ដុះ​មិន​អាច​រង់ចាំ​បាន​ទេ ដោយនៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីបអាហ្វ្រិក​នឹង​ត្រូវ​បញ្ចប់​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ស​ប្តា​ហ៍​ទៀត​ប៉ុណ្ណោះ​។

ដ្បិត​ការ​ផ្តោតអារម្មណ៍​ជាស​កល​គឺ​ទៅ​លើ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​នៃ​ការ​ជួញដូរ​ប្រេង និង​ឧស្ម័ន​ក៏​ពិតមែន ប៉ុន្តែ UN បាន​បន្លឺ​កន្តឹង​អាសន្ន​អំពី​ការ​គំរាមកំហែង​ដែល​ការ​បិទផ្លូវ​ច្រក​សមុទ្រ​ហ័​រ​មូស​បង្ក​ឡើង ចំពោះ​សន្តិសុខ​ស្បៀងអាហារ​របស់​ពិភពលោក ដោយ​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក និង​អាស៊ី ទំនងជា​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​៕ ប្រភព ៖ AFP និង France24

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ