យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា ក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ ត្រូវបានសាលារៀនដេញឱ្យត្រឡប់ទៅផ្ទះវិញ និងបានធ្វើឱ្យនាងខកខានការប្រឡងសាកល្បង ដោយសារតែនាងមិនបានស្លៀកខោជើងខ្លីសុវត្ថិភាព (Safety shorts) នៅខាងក្នុងសំពត់ ក្នុងអំឡុងពេលដែលអាកាសធាតុក្តៅខ្លាំងនាខែមិថុនា ។

ម្តាយរបស់សិស្សស្រីរូបនេះ (សុំមិនបញ្ចេញឈ្មោះ) បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង ចំពោះវិធានការរបស់សាលា Co-op Academy ក្នុងតំបន់ Blackley ដែលបានបង្ខំឱ្យកូនស្រីរបស់គាត់ចាកចេញពីសាលាទាំងបង្ខំ។
ខាងសិស្សស្រីដោយសារតែសីតុណ្ហភាពកើនឡើងកម្តៅខ្លាំង នាងបានសម្រេចចិត្តស្លៀកត្រឹមតែសំពត់ឯកសណ្ឋាន និងស្រោមជើងវែង ដោយមិនបានស្លៀកខោជើងខ្លីតឹងៗនៅខាងក្នុងនោះទេ ដើម្បីកុំឱ្យស្អុះស្អាប់ ។
ដោយឡែកខាងសាលារៀន លោកគ្រូអ្នកគ្រូបានបញ្ជូននាងទៅផ្ទះវិញ ដោយលើកឡើងថា ការស្លៀកខោខាត់ណាត់ ឬខោជើងខ្លីសុវត្ថិភាពនៅខាងក្នុង គឺជា «កាតព្វកិច្ចដាច់ខាត» សម្រាប់សិស្សដែលស្លៀកសំពត់ ។
ម្តាយរបស់ក្មេងស្រីរងគ្រោះបានរៀបរាប់ទាំងហួសចិត្តថា កូនស្រីរបស់គាត់ទើបតែទៅដល់សាលាមិនទាន់បាន១៥នាទីផង ក៏ត្រូវគេដេញត្រឡប់មកវិញ ដែលជាហេតុធ្វើឱ្យនាងខកខានការប្រឡងសាកល្បងមុខវិជ្ជាភាសាបារាំងយ៉ាងស្តាយក្រោយ ។
គាត់បានរិះគន់ចំៗថា ជំនួសឱ្យការបន្ធូរបន្ថយវិន័យសម្លៀកបំពាក់ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង ដូចដែលសាលាដទៃទៀតបានធ្វើ បុគ្គលិកជាន់ខ្ពស់នៃសាលាមួយនេះ បែរជាបង្ខំឱ្យសិស្សស្រីៗស្លៀកខោវែង ឬខោតឹងៗ ដែលធ្វើឱ្យកាន់តែក្តៅស្អុះស្អាប់ទៅវិញ។

ចែករំលែកព័តមាននេះ