សង្គ្រាមអ៊ុយក្រែន ៖ សហភាពអឹរ៉ុបនៅតែមិនទាន់ចុះសម្រុងគ្នាលើការពិភាក្សាដោយផ្ទាល់ ជាមួយរុស្ស៊ី ដើម្បីជម្រុញការចរចាឲ្យទទួលបានសន្តិភាពស្ថិតស្ថេរមួយនៅអ៊ុយក្រែន ព្រោះបណ្ដារដ្ឋជាសមាជិកនៅអល់អែកខ្លាចពីគ្រោះថ្នាក់ ។
អវត្តមាននៃឯកភាពនយោបាយដែលជាលក្ខខណ្ឌចាំបាច់ សម្រាប់សម្រេចលើបញ្ហាសំខាន់បែបនេះ បង្ហាញយ៉ាងច្បាស់ កាលពីថ្ងៃទី១១ ឧសភា ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅក្រុងព្រុចសែល ដែលក្នុងឱកាសនោះតំណាងជាច្រើន បានលើកពីទណ្ឌកម្មថ្មីៗជាជាងការចរចាមួយ ។
រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោកស្រីMARIA MALMER STENERGARD ថ្លែងថា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន មិនបានយកចិត្តទុកដាក់ ដល់ការចរចាសន្តិភាពដ៏ពិតប្រាកដឡើយ ។ ដូច្នេះ យើងត្រូវធ្វើការគាបសង្កត់បន្ថែមទៀត លើរុស្ស៊ីឲ្យផ្លាស់ប្ដូរការគណនារបស់ខ្លួន ហើយងាកមកផ្ដោតលើការចរចា។ រដ្ឋមន្ត្រីការបរទេសលីទុយអានីក៏ប្រឆាំងនឹងការចរចាដោយផ្ទាល់ជាមួយ
រុស្ស៊ីដែរ ។
ចំណែករដ្ឋមន្ត្រីការបរទេសអ៉ីតាលី លោកអានតូនីញ៉ូតាហ្សានីថ្លែងថា សហភាពអឺរ៉ុបមិនមែនកំពុងធ្វើសង្គ្រាមជាមួយរុស្សីឡើយ ហើយវាសំខាន់ណាស់ ដែលត្រូវធ្វើការចរចា ។ ចំណែករដ្ឋមន្ត្រីការបរទេសអូទ្រីស លោកស្រីBEATE MEINL REISINGER លើកឡើងថា ល្មមដល់ពេលដែលពួក
អឺរ៉ុបក្លាយជាអ្នកចូលរួមដោយសកម្មតាមរយៈក្រុមរបស់ខ្លួនហើយ។ រួចរដ្ឋមន្ត្រីការបរទេសហ្វាំងឡង់លោកស្រីអ៉ីលីណាវ៉ាល់តូនេនថ្លែងថា ដល់ពេលយើងត្រូវធ្វើការសម្រេចហើយ ។
ចំណុចដែលបណ្ដាប្រទេសអឺរ៉ុបឯកភាពគ្នាតែមួយគត់ គឹការជ្រើសតាំងដោយពួកអឺរ៉ុបខ្លួនឯងនូវបេសកជនរបស់ខ្លួន ។ វិមានក្រឹមឡាំងស្នើឲ្យចាត់តាំងអតីតអធិការបតីអាល្លឺម៉ង់ស្និទ្ធរុស្ស៊ី លោកហ្គ័រហាដស្រូ្តយឌ័រជាបេសកជនពិសេសរបស់សហភាពអឺរ៉ុប សម្រាប់ការចរចា។ ការស្នើនោះត្រូវបានសហភាពអឺរ៉ុបបដិសេធ ។
មុននេះ ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្ត្រីអ៉ីតាលី បានអំពាវនាវជាសាធារណៈដល់សហភាពអឹរ៉ុបឲ្យផ្លាស់ប្ដូរនយោបាយរបស់ខ្លួន ដោយលើកហេតុផលថា វាសនានៃសន្តិសុខអឹរ៉ុប មិនអាចស្ថិតក្នុងដៃអាមេរិកទៀតឡើយ ៕
ចែករំលែកព័តមាននេះ