ដើម្បីពង្រឹងគុណភាព និងសេវាកម្មសុខាភិបាលនៅក្នុងប្រទេសឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព ស្តង់ដាមួយកំពុងតែត្រូវក្រសួងសុខាភិបាលធ្វើបច្ចុប្បន្នភាពឡើងវិញ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គឺបានដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការទទួលស្គាល់គុណភាពសេវាថែទាំព្យាបាលនៃក្រសួងសុខាភិបាល ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងអនុម័ត ដាក់ឱ្យប្រើប្រាស់នូវឯកសារមួយចំនួន សម្រាប់ដំណើររបស់គណៈកម្មាធិការ ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ការទទួលស្គាល់គុណភាព គឺជាយន្តការនៃគុណភាពសម្រាប់ការផ្តល់សេវាសុខាភិបាល ដែលធ្វើឱ្យមាននិរន្តរភាព ពង្រឹងវប្បធម៌ការងារ និងធានានូវគុណភាព សុវត្ថិភាព និងក្រមសីលធម៌វិជ្ជាជីវៈ» ។
លោកបានអះអាងថា ការធ្វើបច្ចុប្បន្នភាពស្តង់ដាទទួលស្គាល់គុណភាពសេវារបស់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ដើម្បីប្រើប្រាស់វាយតម្លៃការទទួលស្គាល់គុណភាព សម្រាប់មន្ទីរពេទ្យសាធារណៈ ឯកជន និងមណ្ឌលសុខភាព គឺសំខាន់ណាស់ ។
លោកបានបន្តថា ស្តង់ដានឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងវិស័យសាធារណៈ និងឯកជននៅទូទាំងប្រទេស ដើម្បីជួយលើកកម្ពស់សមត្ថភាពមូលដ្ឋានសុខាភិបាល ក្នុងការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព និងបង្កើតទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋចំពោះប្រព័ន្ធសុខាភិបាលជាតិ ។
ចែករំលែកព័តមាននេះ