ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបដិសេធដាច់ខាត និងតវ៉ាយ៉ាងខ្លាំងក្លាចំពោះថៃដែលចុះបញ្ជីប្រាសាទតាមាន់ និងតាក្របី ក្នុងបញ្ជីបុរាណស្ថានខ្លួន

41 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កម្ពុជា បាន​ធ្វើការ​តវ៉ា​យ៉ាង​ខ្លាំងក្លា និង​បដិសេធ​យ៉ាង​ដាច់ខាត​ចំពោះ​ការ​សម្រេច​របស់​នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ ក្នុង​ការ​ចុះបញ្ជី​បណ្ដុំ​ប្រាសាទ​តា​មាន់ ប្រាសាទ​តា​ក្របី ប្រាសាទខ្នារ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កម្ពុជា បាន​ធ្វើការ​តវ៉ា​យ៉ាង​ខ្លាំងក្លា និង​បដិសេធ​យ៉ាង​ដាច់ខាត​ចំពោះ​ការ​សម្រេច​របស់​នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ ក្នុង​ការ​ចុះបញ្ជី​បណ្ដុំ​ប្រាសាទ​តា​មាន់ ប្រាសាទ​តា​ក្របី ប្រាសាទខ្នារ និង​ទីតាំង​បុរាណ​ស្ថាន​ទាំងឡាយ​តាម​បណ្ដោយ​ព្រំដែន ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​កម្ពុជា​ក្នុង​បញ្ជី​ជាតិ បុរាណ​ស្ថាន​របស់​ប្រទេស​ថៃ ។

យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​វប្បធម៌ នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៦ បាន​លើក​ឡើង​ថា សកម្មភាព​នេះ គឺ​ខុសច្បាប់ ទុកជា​មោឃៈ និង​គ្មាន​អានុភាព​ផ្លូវច្បាប់​ឡើយ ។ ការ​ចុះបញ្ជី​បែប​នេះ គ្មាន​មូលដ្ឋាន​ស្របច្បាប់​នោះ​ទេ ហើយ​មិន​អាច​ប្រើប្រាស់​ជា​ភស្តុ​តាង​សម្រាប់​អះអាង​អធិបតេយ្យភាព​ទឹកដី ឬ​ជា​ឧបករណ៍​សម្រាប់​ការ​កំណត់ព្រំដែន​បាន​ឡើយ ។

ក្រសួង​ថា បញ្ហា​អធិបតេយ្យភាព និង​ការ​កំណត់ព្រំដែន​រវាង​កម្ពុជា និង​ថៃ ត្រូវ​ដោះស្រាយ​ដោយ​គោរព​យ៉ាង​ម៉ឺងម៉ាត់​តាម​ច្បាប់​អន្តរជាតិ រួម​ទាំង​សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៧ និង​លិ​ខិ​តូប​ករ​ណ៍​ពាក់ព័ន្ធ​ផ្សេង​ៗ ព្រមទាំង​តាម​រយៈ​យន្តការ​ទ្វេភាគី​ដែល​បាន​បង្កើត​ឡើង ជា​ពិសេស​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ (MoU 2000), ផែនការមេ​ឆ្នាំ​២០០៣ (TOR 2003) និង​សមត្ថកិច្ច​របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ភាគី​ទាំង​ពីរ (JBC)​។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចាត់​ទុក​ការ​ចុះបញ្ជី​នេះ​ថា ជា​ការ​ប៉ុនប៉ង​ខុសច្បាប់ ក្នុង​ការ​បង្កើត​ទម្រង់​ផ្លូវច្បាប់​ក្លែងក្លាយ​លើ​ទីតាំង​បេតិកភណ្ឌ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ទ​ង្វើ​នេះ​ជា​ការ​រំលោភ​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ហើយ​បំផ្លាញ​ស្មារតី​នៃ​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ប្រទេស​ទាំង​ពីរ ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ថៃ លុប​ចោល​ជា​បន្ទាន់​នូវ​ការ​ចុះបញ្ជី​ខុសច្បាប់​នេះ និង​បញ្ឈប់​រាល់​សកម្មភាព​ឯកតោភាគី​ដែល​កំពុង​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ។

កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​នូវ​រាល់​បញ្ហា​ដែល​នៅ​សេសសល់ ដោយ​គោរព​ពេញលេញ​តាម​ច្បាប់​អន្តរជាតិ និង​យន្តការ​ទ្វេភាគី​ដែល​បាន​បង្កើត​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ