ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជប៉ុន​បញ្ជូន​យាន​អវកាស​ទៅ​ភព​អង្គារ​ដើម្បី​ជីក​យក​សំណាក​​​ពី​ភព​រណបដ៏អាថ៌​កំបាំង​ដែល​វិល​ជុំ​វិញ​វា​

1 ម៉ោង មុន

ទី​ក្រុង​តូក្យូ៖ ជប៉ុន​បាន​បង្ហោះ​យាន​អវកាស​គ្មាន​មនុស្ស​ជិះ​ទៅ​កាន់​ឋាន​​ភព​រណប​​ដ៏​អាថ៌​កំបាំង​​មួយ​ចំនួន​​ដែល​វិល​ជុំ​វិញ​ភព​ព្រះ​អង្គារ​ដើម្បី​ប្រមូល​អាចម៍​ដី​នៅ​ទីនោះ​​យក​មក​ពិសោធ​។ ស្ថាប័ន​អវកាស​ចំនួន​៥​រួម​គ្នា​នៅ​ក្នុង​ការ​បំពេញ​បេស​កម្ម​រយៈ​ពេល​៥​ឆ្នាំ​ដើម្បី​បញ្ជូន​យាន​រ៉ូបូត​មួយ​គ្រឿង​ និង​យាន​យន្ត​មួយ​គ្រឿង​ចុះ​លើ​ឋាន​ព្រះ​ចន្ទ​ហ្វូ​បូស (Phobos) ដែល​ជា​ព្រះ​ចន្ទ​ធំ​ជាង​គេ​ និង​នៅ​កៀក​នឹង​ភព​អង្គារ​ជាង​គេ​។

ទី​ភ្នាក់​ងារ​ស្រាវ​ជ្រាវ​អវកាស​របស់​ជប៉ុន​ដែល​ជា​អ្នក​ដឹក​នាំ​បេសក​កម្ម​លើក​នេះ​បាន​បាញ់​បង្ហោះ​យាន​អវកាស​តាំង​ពី​មុន​ពេល​ព្រឹក​ព្រលឹម​ថ្ងៃ​នេះ​ចេញ​ពី​ទី​លាន​មួយ​កន្លែង​នៅ​លើ​កោះ​តានេ​កា​ស៊ីម៉ា (Tanegashima)។ ​មួយ​ម៉ោង​បន្ទាប់​មក មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ប្រកាស​អំពី​ការ​បាញ់​បង្ហោះ​ដោយ​ជោគ​ជ័យ​នូវ​យាន​អវកាស​នោះ​ចូល​ទៅ​ក្នុង​តារា​វិថី​នៅ​ពេល​យាន​នោះ​ផ្ដាច់​ខ្លួន​ចេញ​ពី​គ្រាប់​រ៉ុក​កែត​ប៉ែក​ខាង​លើ​។

ក្រុម​អ្នក​ត្រួត​ពិនិត្យ​ការ​បាញ់​បង្ហោះ​នេះ​នាំ​គ្នា​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ និង​លោត​កញ្ឆេង​ដោយ​ក្ដីត្រេក​អរ​ចំពោះ​ជោគ​ជ័យ​លើក​នេះ​​។ ពួក​គេ​ចាប់​រលាក់​ដៃ​គ្នា និង​ឱប​គ្នា​។ ​កាល​ពី​ពេល​កន្លង​មក​ អង្គ​ការ​ណាហ្សា​បាន​បញ្ជូន​យាន​អវកាស​ទៅ​ចុះ​លើ​ភព​អង្គារ​ចំនួន​៩​ដង​នា​រយៈ​ពេល​៥០​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ចំណែក​ប្រទេស​ចិន​បង្ហោះ​យាន​អវកាស​ទៅ​ចុះ​ចត​កាល​ពី​ឆ្នាំ​២០២១។ ប៉ុន្តែ​មិន​ទាន់​មាន​ប្រទេស​​ណា​បង្ហោះ​យាន​ទៅ​ចុះ​ចត​នៅ​លើ​​ព្រះ​ចន្ទ​ហ្វូបូស​នៅ​ឡើយ​ទេ​ ហើយ​ក៏​គ្មាន​ប្រទេស​ណា​ជីក​យក​អាចម៍​ដី​ពីភព​អង្គារ​នៅ​ឡើយ​ដែរ​ កុំ​ថា​ឡើយ​ដល់​ទៅ​ជីក​យក​អាចម៍​ដី​ពី​ភព​រណប​របស់​ភព​អង្គារ​។

ប្រសិនបើ​បេសក​កម្ម​ជីក​យក​អាចម៍​ដី ឬ​កម្ទេច​ថ្ម​​ពី​​​ភព​ហ្វូបូស​​ទទួល​បាន​ជោគ​ជ័យ យាន​អវកាស​នឹង​ត្រឡប់​មក​ផែន​ដី​វិញ​នៅ​ឆ្នាំ​២០៣១​។ ​ភព​ហ្វូបូស​ប្រៀប​ដូច​ជា​ផ្ទាំង​ថ្ម​មាន​រាង​ដូច​ដំឡូង​បារាំង មាន​ប្រវែង​២២​គីឡូ​ម៉ែត្រ​។ ប្រសិន​បើ​គេ​អាច​យក​បាន​អ្វី​មួយ​ពី​ភព​នេះ​មក​ពីសោធ​ គេ​អាច​នឹង​សិក្សា​ស្វែង​យល់​អំពី​ចលនា​ភព​រណប​នៃ​ភព​អង្គារ​ ហើយ​ក៏​អាច​នឹង​សិក្សា​ស្វែង​យល់​អំពី​ភព​រណប​ដទៃ​ទៀត​ផង​ដែរ​។ បេសក​កម្ម​លើក​នេះ​ចំណាយ​ថវិកា​៥៧៨​លាន​ដុល្លារ​​, ត្រូវ​គេ​ប្រសិទ្ធ​នាម​ថា​ Martian Moons Exploration និង​បាន​បញ្ជូន​យាន​អវកាស​ទម្ងន់​៥​តោន។ គេ​​រំពឹង​ថា​​យាន​អវកាស​នេះ​នឹង​ហោះ​​ទៅ​ដល់​ភព​អង្គារ​នៅ​រដូវ​ក្ដៅ​ឆ្នាំ​ក្រោយ​៕ ប្រភព៖ AP​