ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ អបអរសាទរ​ប្រតិភូ​យុវជន​កម្ពុជា ដែល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ​នៃ​កម្មវិធី នាវា​យុវជន អាស៊ី​អាគ្នេយ៍ និង​ជប៉ុន (SSEAYP) លើក​ទី៥០ នៅ​ខែមករា ខាង​មុខ

37 វិនាទី មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​សំណេះសំណាល​ជាមួយ​ក្រុម​កា​ងារ និង​តំណាង​ប្រតិភូ​យុវជន​កម្ពុជា ​នៃ​កម្មវិធី នាវា​យុវជន អាស៊ី​អាគ្នេយ៍ និង​ជប៉ុន (SSEAYP) លើក​ទី​៥០ នា​រសៀល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង ដើម្បី​ផ្តល់​អនុសាសន៍​ត្រៀមលក្ខណៈ​សម្បត្តិ​ឱ្យ​បាន​ល្អ​ប្រសើរ ក្នុង​ពេល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល​នាវា (Port-of-call) ជា​លើក​ទី៣ ចាប់តាំងពី​ឆ្នាំ​២០១៤មក ​។

នៅ​ក្នុង​គ្រា​ដែល​កម្ពុជា ​ត្រៀម​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ នៃ​កម្មវិធី (SSEAYP) លើក​ទី៥០នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ចូលរួម​អបអរសាទរ និង​បង្ហាញ​នូវ​មោទនភាព ដោយ​ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ការ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ នៃ​កម្មវិធី​ផ្លាស់​ប្តូរ​យុវជន​អន្តរជាតិ​ដ៏​ចម្បង​មួយ​ក្នុង​តំបន់​អាស៊ី​នេះ គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ធ្វើការ​បង្ហាញ​ពី​វឌ្ឍនភាព​របស់​កម្ពុជា​ដល់​ប្រតិភូ​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​ផង​ដែរ​។ ឯកឧត្តម​រដ្ឋមន្ត្រី សង្ឃឹម​យ៉ាង​មុតមាំ​ថា កម្មវិធី​នេះ​នឹង​ដំណើរការ​យ៉ាង​រលូន និង​ទទួល​ជោគជ័យ ដែល​ជោគជ័យ​នេះ គឺ​សម្រាប់​ប្រជាជាតិ​ទាំងមូល​ផង​ដែរ​ ។

សូម​បញ្ជាក់​ថា កម្មវិធី SSEAYP លើក​ទី៥០ គ្រោង​នឹង​ប្រព្រឹត្ត​ឡើង​រយៈពេល៣៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣ ខែមករា ដល់​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៧​។ នាវា​នេះ​នឹង​ចូល​ចត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​១៦ ខែមករា ឆ្នាំ​២០២៧ មុន​ពេល​ធ្វើ​ដំណើរ​បន្ត​ឆ្ពោះទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ហ្វី​លី​ពី​ន ​។

សមាសភាព​កម្ពុជា ​ដែល​គ្រោង​នឹង​ចូលរួម​កម្មវិធី​នេះ​ សរុប​មាន​ចំនួន ២១​នាក់ ដែល​រួម​មាន ប្រតិភូ​យុវជន​កម្មវិធី SSEAYP ចំនួន ២០​នាក់ (​ស្រី ១០​នាក់​) ដែល​ត្រូវ​បាន​ជ្រើសរើស​យ៉ាង​ល្អិតល្អន់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោកស្រី សា​យ៉ា លី​ន​ដា ប្រធាន​ប្រតិភូ​កម្មវិធី SSEAYP និង​ជា​ប្រធាន​ជា​លេខាធិការដ្ឋាន នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ​មុខងារសាធារណៈ នៃ​ក្រសួង​មុខងារសាធារណៈ​ ។

ក្នុង​កម្មវិធី​នេះ ប្រតិភូ​យុវជន​តំបន់​អាស៊ាន និង​ជប៉ុន នឹង​រួម​គ្នា​ផ្លាស់​ប្ដូរ​មិត្តភាព វប្បធម៌ និង​កិច្ច​ពិភាក្សា​សន្ទនា​លើ​បញ្ហា​សង្គម និង​ពិភពលោក​តាម​របៀបវារៈ​ផ្សេង​ៗ​ដូច​ជា​៖ ការទូត​យុវជន ការ​អប់រំ​ប្រកបដោយ​គុណភាព បម្រែបម្រួល​បរិស្ថាន ទេសចរណ៍ និរន្តរភាព​សេដ្ឋកិច្ច សុខមាលភាព​សង្គម សង្គម​ឌី​ជី​ថ​ល និង​បញ្ញា​សិប្បនិម្មិត (AI) ជាដើម ​៕