ប្រទេសជប៉ុន៖ ប្រជាជនជប៉ុនប្រមាណ ១ម៉ឺននាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅមុខរដ្ឋសភាជាតិ ក្នុងទីក្រុងតូក្យូ កាលពីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដើម្បីប្រឆាំងនឹងការពង្រីកកម្លាំងយោធា និងផែនការកែប្រែរដ្ឋធម្មនុញ្ញរបស់រដ្ឋាភិបាលលោកស្រី សាណាអេ តាកាអ៊ីជិ ព្រមទាំងអំពាវនាវឱ្យរក្សាសន្តិភាព។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។
ក្រុមបាតុករបានស្រែកពាក្យស្លោកប្រឆាំងនឹងការដើរតាមអាម៉េរិកដោយមិនពិចារណា ការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ និងបានទាមទារឱ្យលោកស្រី តាកាអ៊ីជិ ចុះចេញពីតំណែង។ តាមអ្នករៀបចំ ក្រៅពីការប្រមូលផ្តុំនៅទីក្រុងតូក្យូ ក៏មានព្រឹត្តិការណ៍គាំទ្រការតវ៉ាជាង ៣០០ផ្សេងទៀត ត្រូវបានរៀបចំឡើងនៅទូទាំងប្រទេសជប៉ុនផងដែរ។
លោកស្រី មីហ្ស៊ូហូ ហ្វ៊ូគូស៊ីម៉ា ប្រធានគណបក្សសង្គមប្រជាធិបតេយ្យជប៉ុន បានអំពាវនាវឱ្យទប់ស្កាត់ការចាប់ផ្តើមដំណើរការរៀបចំសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញនៅរដ្ឋសភា។ លោកស្រីក៏បានរិះគន់រដ្ឋាភិបាលលោកស្រី តាកាអ៊ីជិ ជុំវិញផែនការកាត់បន្ថយចំនួនអាសនៈដែលត្រូវបែងចែកតាមប្រព័ន្ធសមាមាត្រ ដោយចាត់ទុកថា វាអាចជួយបើកផ្លូវដល់ការកែប្រែរដ្ឋធម្មនុញ្ញ។
ការតវ៉ានេះកើតឡើងស្របពេលដែលជប៉ុន និងអាម៉េរិកចាប់ផ្តើមសមយុទ្ធយោធារួមទ្រង់ទ្រាយធំ។ លោក តាគុ យ៉ាម៉ាហ្សូ អ្នកទទួលបន្ទុកគោលនយោបាយរបស់គណបក្សកុម្មុយនីស្តជប៉ុន បានលើកឡើងថា ការដាក់ពង្រាយមីស៊ីល និងការអភិវឌ្ឍអាវុធទំនើបៗ មិនបាននាំមកនូវសន្តិភាពនោះទេ ហើយបានព្រមានពីហានិភ័យនៃការងើបឡើងវិញនៃនយោបាយយោធានិយម។
រដ្ឋាភិបាលលោកស្រី តាកាអ៊ីជិ កំពុងបង្កើនថវិកាការពារជាតិ បន្ធូរបន្ថយការរឹតត្បិតលើការនាំចេញអាវុធដែលអាចប្រើសម្លាប់មនុស្ស និងជំរុញផែនការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងឆ្ងាយ។ រដ្ឋាភិបាលក៏គ្រោងកែសម្រួលឯកសារសន្តិសុខជាតិសំខាន់ៗចំនួន ៣ នៅមុនដំណាច់ឆ្នាំនេះ និងបន្តជំរុញការកែប្រែរដ្ឋធម្មនុញ្ញ ដែលធ្វើឱ្យក្រុមគាំទ្រសន្តិភាព និងប្រជាជនមួយចំនួនបារម្ភអំពីទិសដៅគោលនយោបាយការពារជាតិរបស់ប្រទេស៕
ចែករំលែកព័តមាននេះ