ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​៤​ខែ ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​រាជធានី​-​ខេត្ត ផ្តល់​សេវា​ជូន​ពលរដ្ឋ​ជាង​២៧​ម៉ឺន​សេវា ខណៈយន្តការ​នេះ​កំពុង​ល្បី​ដល់​ប្រទេស​ផ្សេង

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៤​ខែ​មកនេះ គឺ​គិត​ចាប់ពី​ខែមករា ដល់​ខែមេសា ឆ្នាំ​២០២៦ អង្គភាព​ច្រក​ចេញចូល​តែ​មួយ​រាជធានី​-​ខេត្ត បាន​ផ្តល់​សេវា​រដ្ឋបាល ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន​២៧០.២៧៤​សេវា ដោយ​ទទួល​បាន​ចំណូល​សរុប​ចំនួន​៤៨.៤៥៨.០៣៩.៤៣០​រៀល…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៤​ខែ​មកនេះ គឺ​គិត​ចាប់ពី​ខែមករា ដល់​ខែមេសា ឆ្នាំ​២០២៦ អង្គភាព​ច្រក​ចេញចូល​តែ​មួយ​រាជធានី​-​ខេត្ត បាន​ផ្តល់​សេវា​រដ្ឋបាល ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន​២៧០.២៧៤​សេវា ដោយ​ទទួល​បាន​ចំណូល​សរុប​ចំនួន​៤៨.៤៥៨.០៣៩.៤៣០​រៀល (​ស្មើនឹង ១២.១១៤.៥០៩,៨៥​ដុល្លារ​អា​មេ​រិ​ក​)​។

បើ​តាម​របាយការណ៍​អគ្គនាយកដ្ឋាន​រដ្ឋបាល ផ្តល់​មក​កាន់​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ក្នុង​ចំណោម​វិស័យ ទាំង​១៤​ប្រភេទ​សេវា​នោះ វិស័យ​ផ្តល់​ច្រើន​ជាងគេ គឺ​វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​៨៨.៤៣៨​សេវា បន្ទាប់​មក គឺ​វិស័យ​សាធារណការ និង​ដឹក​ជញ្ជូន មាន ៨៧.១៩៨​សេវា ខណៈ​សេវា​ស្នើ​សុំ​តិច​ជាងគេ គឺ​វិស័យ​ពាណិជ្ជកម្ម ផ្តល់​បាន​២​សេវា​។

ជាមួយ​គ្នា​នេះ អង្គភាព​ច្រក​ចេញចូល​តែ​មួយ​រាជធានី​-​ខេត្ត ក៏​បាន​ជំរុញ​ការ​ផ្តល់​សេវា​រដ្ឋបាល​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​តាម​បណ្តា​ខេត្ត​គោលដៅ​ចំនួន​១២ រួម​មាន​វិស័យ​ទេសចរណ៍ វប្បធម៌ និង​វិចិត្រសិល្បៈ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដោយ​ទទួល​បាន​ចំណូល​សរុប​ចំនួន​៥៤.៤៥០.០០០​រៀល​។

គួរ​រម្លឹក​ថា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ សួង​មហាផ្ទៃ កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​ព័ត៌មានវិទ្យា​សម្រាប់​ទទួល​ពាក្យ​ស្នើ​សុំ និង​ផ្តល់​សេវា​រដ្ឋបាល​តាម​ប្រព័ន្ធ​អន​ឡាញ នៅ​គ្រប់​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​នៃ​រដ្ឋបាល​រាជធានី​-​ខេត្ត​។ សេវា​នេះ ក៏​អាច​ស្នើ​សុំ​តាម​ប្រតិបត្តិការ​ជាមួយ​អេប​(APP)​គណនី​ធនាគារ​បាន​ដែរ​។

ការ​ធ្វើ​ទំនើប​កម្មនេះ គឺ​សំដៅ​ពង្រឹង និង​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព នៃ​ការ​ផ្តល់​សេវា​រដ្ឋបាល​ឱ្យ​កាន់តែ​កៀក​ជិត​ប្រជាពលរដ្ឋ ប្រកបដោយ​ភាព​ងាយស្រួល ឆាប់រហ័ស តម្លាភាព និង​គណនេយ្យ​ភាព ស្រប​តាម​គោល ការណ៍​បែបបទ និង​នីតិវិធី​នៃ​យន្តការ​ច្រក​ចេញចូល​តែ​មួយ ។

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ចាត់​ទុក​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​នេះ ជា​សមិទ្ធផល​យុទ្ធសាស្ត្រ​ថ្មី​មួយទៀត ដើរ​តាម​លំនាំ​ថ្នាល​ឌី​ជី​ថ​ល​របស់​រាជ រដ្ឋាភិបាល ក្នុង​ដំណើរការ​ធ្វើ​កំណែ ទម្រង់​រដ្ឋបាល​សាធារណៈ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ជា​ពិសេស​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ រដ្ឋាភិបាល​ឌី​ជី​ថ​ល ពេញ​លក្ខណៈ​។

ជា​ការ​កត់សម្គាល់ ជោគជ័យ​នៃ​យន្តការ​ច្រក​ចេញចូល​តែ​មួយ និង​ការ​ធ្វើ​ទំនើប កម្ម​សេវា​សាធារណ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​នេះ បាន​ក្លាយជា​គំរូ​ដ៏​ទាក់ទាញ​សម្រាប់​តំបន់ ដែល​ក្នុង​នោះ​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ បាន​កំពុង​ដកស្រង់​បទ​ពិសោធ​ជាក់ស្តែង​ពី​ក្រសួងមហាផ្ទៃ​កម្ពុជា ដើម្បី​យក​ទៅ​អនុវត្ត​ក្នុង​ប្រទេស​របស់​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ