ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​អំពាវនាវ​ពលរដ្ឋ​ឱ្យ​ផ្អាក​ទិញមាស និង​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស ដើម្បី​ការ​ពារ​សេដ្ឋកិច្ចជាតិ

51 វិនាទី មុន

ប្រទេស​ឥណ្ឌា ៖ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណា​រិ​ន​ដ្រា ម៉ូ​ឌី (Narendra Modi) កាលពី​ថ្មី​ៗ​នេះ បាន​អំពាវនាវ​ពលរដ្ឋ​ឥណ្ឌា​ឱ្យ​ផ្អាក​ទិញ​មាស…

ប្រទេស​ឥណ្ឌា ៖ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណា​រិ​ន​ដ្រា ម៉ូ​ឌី (Narendra Modi) កាលពី​ថ្មី​ៗ​នេះ បាន​អំពាវនាវ​ពលរដ្ឋ​ឥណ្ឌា​ឱ្យ​ផ្អាក​ទិញ​មាស កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស យ៉ាង​ហោច​ណាស់​១​ឆ្នាំ ដើម្បី​ការពារ​ស្ថិរភាព​សេដ្ឋកិច្ចជាតិ នៅ​ចំពោះ​មុខ​នៃ​វិបត្តិ​នយោបាយ និង​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា ដែល​កំពុង​តែ​បង្ក​ការ​រំខាន​យ៉ាង​ខ្លាំង​ដល់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ថាមពល​សកល និង​ការ​ដឹក​ជញ្ជូន​តាម​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz)​។

ថ្លែង​ទៅ​កាន់ការ​ជួបជុំ​សាធារណៈ​មួយ​នៅ​ក្នុង​រដ្ឋ​តេ​ឡាំង​ហ្គា​ណា (Telangana) ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៦ លោក ម៉ូ​ឌី បាន​អំពាវ​ឱ្យ​ប្រជាជន​ឥណ្ឌា​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​កម្សាន្ត និង​រៀបចំ​ពិធី​ផ្សេង​ៗ នៅ​ក្រៅប្រទេស ហើយ​ងាក​មក​កម្សាន្ត​កន្លែង​ទេសចរណ៍​ក្នុងស្រុក ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ចជាតិ​។ ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ធ្វើ​ឱ្យ​មានការ​ប្តូរ​ប្រាក់​រូពី​ទៅ​ជា​រូបិយប័ណ្ណ​បរទេស និង​ចំណាយ​ទៅ​លើ​ជើងហោះហើរ និង​សណ្ឋាគារ​នៅ​ខាង​ក្រៅ​ប្រទេស ដែល​ប៉ះពាល់​ដល់​ទុនបំរុង​ជាតិ និង​ធ្វើ​ឱ្យ​តម្លៃ​ប្រាក់​រូពី​ឥណ្ឌា​ដាំ​ក្បាល​។

ការ​ផ្អាក​ទិញ​មាស​ ក៏​ជា​រឿង​សំខាន់​សម្រាប់​ប្រទេស​ឥណ្ឌា​ផង​ដែរ ព្រោះ​ឥណ្ឌា​ជា​ប្រទេស បញ្ជា​ទិញ និង​នាំ​ចូល​មាសធំ​លំដាប់​ទី​២​លើ​ពិភពលោក ខណៈ​មាស​អន្តរជាតិ​ត្រូវ​ទិញ​ដូរ​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ដូច្នេះ​ ការ​នាំ​ចូល​នៅ​ក្នុង​ទំហំ​ទឹកប្រាក់​ដល់​៧២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​​ក្នុង​១​ឆ្នាំ​ៗ បាន​ធ្វើ​ឱ្យ​លុយ​ដុល្លារ​ហូរ​ចេញពី​ប្រទេស​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​ដ្បិត​វិបត្តិ​សង្គ្រាម​បាន​រំខាន​ដល់​ផ្លូវ​ដឹក​ជញ្ជូន​តាម​ច្រក​ហ័​រ​មូស ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ពិភពលោក​ហក់​ឡើង​ខ្ពស់​។

ដូច្នេះ​ ឥណ្ឌា​ត្រូវ​បង្ខំចិត្ត​រក្សា​ទុក​ប្រាក់​ដុល្លារ​បម្រុង​ទាំងនោះ ដើម្បី​ធានា​ការ​នាំ​ចូល​ទំនិញ​ចាំបាច់​បំផុត​ដូច​ជា ប្រេងឥន្ធនៈ និង​ជី​កសិកម្ម​ជាដើម សម្រាប់​ផ្គត់ផ្គង់​ជីវភាព និង​ផលិតកម្ម​ក្នុងស្រុក​។
ក្រៅពី​ការ​អំពាវនាវ​ឱ្យ​ផ្អាក​ទិញ​មាស និង​ដើរ​លេង​នៅ​បរទេស​ហើយ​នោះ លោក ម៉ូ​ឌី ក៏​បាន​ដាក់​ចេញ​នូវ​ការ​អំពាវនាវ​មួយ​ចំនួន​ទៀត​ក្នុង​ពេល​តែ​មួយ​រួម​ទាំង ជំរុញ​ឱ្យ​ក្រុមហ៊ុន​នានា​អនុវត្ត​គោល​ការណ៍​ធ្វើការ​ពី​ផ្ទះ ឬ​តាម​អន​ឡាញ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រេងសាំង និង​ម៉ា​ស៊ូ​ត ដោយ​ងាក​មក​ប្រើ​យានយន្ត​អគ្គិសនី និង​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​ជំនួស​វិញ ជា​ពិសេស​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ដែល​មិន​ចាំបាច់​ ។

លោក ម៉ូ​ឌី បាន​ផ្សារ​ភ្ជាប់​ការ​អំពាវនាវ​នេះ​ទៅ​នឹង​ស្មារតី​ស្នេហា​ជាតិ​ខាង​សេដ្ឋកិច្ច ដោយ​សង្កត់​ធ្ងន់​ថា ការ​ស្នេហា​ជាតិ​មិនមែន​មាន​តែ​ការ​លះបង់​ជីវិត​នៅ​លើ​សមរភូមិ​នោះ​ទេ តែ​គឺ​ការ​បំពេញ​កាតព្វកិច្ច​ជួយ​ការពារ​សេដ្ឋកិច្ចជាតិ​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ៕ ប្រភព ៖ NDTV, Aljazeera និង​ប្រភព​ផ្សេង​ទៀត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ