រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យប្រែក្លាយខេត្តស្វាយរៀងជាខេត្តដាំរោងចក្រ ជាជាងបន្តដាំស្រូវ ដោយសម្ដេចធិបតី លើកទឹកចិត្តឱ្យជប៉ុនងាកមកបោះទុនវិនិយោគ នៅទិសខាងកើតបន្ទាប់ពីជប៉ុន បានយកចិត្តទុកដាក់បោះទុនវិនិយោគ និងជួយកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅខេត្តព្រះសីហនុ ។
សម្ដេចធិបតីសង្ឃឹមថា ការវិនិយោគរបស់ជប៉ុននៅទិសខាងកើតជាពិសេសខេត្តស្វាយរៀងនឹងលើកកម្ពស់ជីវភាពប្រជាជន ក្នុងខេត្តនេះកាន់តែប្រសើរ ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្នុងក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ គឺខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងមណ្ឌលគិរី ដែលជាគម្រោងហិរញ្ញប្បទានដោយថវិកាជាតិ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំថាមិនបាច់ដាំស្រូវទេ ដាំរោងចក្រ ……បើដាំរោងចក្រ ដី១០ហិចតា ធ្លាប់ចិញ្ចឹមតែ១០គ្រួសារ ដី១០ហិចតានេះ អាចក្លាយជាតំបន់សេដ្ឋកិច្ចពិសេស អាចចិញ្ចឹមដល់រាប់ម៉ឺនគ្រួសារ» ។
ទន្ទឹមនេះ សម្ដេចបវរធិបតី សង្ឃឹមយ៉ាងមុតមាំថា ២០ឆ្នាំខាងមុខ ខេត្តស្វាយរៀងអាចនឹងក្លាយជាខេត្តដែលមានបណ្ដុំឧស្សាហកម្មដ៏ធំ ខណៈបច្ចុប្បន្នក្នុងខេត្តស្វាយរៀង កំពុងមានការវិនិយោគកាន់តែច្រើន បន្ទាប់ពីក្រុងបាវិត ។
សូមជម្រាបជូនថា ការលើកទឹកចិត្តឱ្យវិនិយោគិនជប៉ុនមកទិសខាងកើតរបស់សម្ដេចធិបតីនេះ ធ្វើឡើងនៅចំពោះមុខឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងឱកាសដែលឯកឧត្តម អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្នុងក្រុងស្វាយរៀង៕

ចែករំលែកព័តមាននេះ