ធ្លាយភស្តុតាងតាមកាមេរ៉ាសុវត្ថិភាព៖ នគរបាលប៉ុស្តិ៍ប៉ោយប៉ែត ដឹងមុខសញ្ញាក្រុមចោរប្រដាប់អា.វុ.ធ.កាំ.បិ.ត.ស្ទើរគ្រប់ដៃ ក្រោយធ្វើសកម្មភាពប្ល.ន់
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ១ក្រុមមានគ្នា៤ទៅ៥នាក់ បានធ្វើសកម្មភាពធាក់ផ្ដួលនិងកាប់ប្លន់យកម៉ូតូ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

សាច់ញាតិជនរងគ្រោះនិយាយថា នៅវេលារំលងអធ្រាត្រនោះ ពេលជនរងគ្រោះជិះម៉ូតូចេញពីធ្វើការត្រឡប់មកផ្ទះវិញម្នាក់ឯង បានត្រូវចោរ១ក្រុមជិះម៉ូតូ២គ្រឿង មានគ្នា៤ទៅ៥នាក់ ប្រដាប់ដោយកាំបិតស្ទើរគ្រប់ដៃជិះតាមធាក់ផ្ដួលម៉ូតូ ហើយប្លន់យកម៉ូតូទៅបាត់ និងបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួស ។

សាច់ញាតិជនរងគ្រោះបញ្ជាក់ថា ក្រោយពីត្រូវក្រុមចោរប្លន់យកម៉ូតូហើយនោះ សាច់ញាតិជនរងគ្រោះបាននាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត ដើម្បីឱ្យសមត្ថកិច្ចចាប់ក្រុមចោរមកផ្ដន្ទាទោសតាមច្បាប់ ។

មន្ត្រីនគរបាលប៉ុស្តិ៍និយាយថា ក្រោយពេលទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវដឹងពីមុខសញ្ញាខ្លះៗហើយ តាមរយៈកាមេរ៉ាសុវត្ថិភាពដែលថតបាន ។អ្នករស់នៅក្នុងក្រុងប៉ោយប៉ែត និយាយថា មួយរយៈពេលនេះ សកម្មភាពកាប់ប្លន់និងលួចម៉ូតូនៅក្រុងប៉ោយប៉ែត កើតមានជាញឹកញាប់ ទោះបីជាកម្លាំងសមត្ថកិច្ចចាប់បានជាបន្តបន្ទាប់ក្ដី ក៏នៅតែកើតមាន ។

ដូច្នេះ សុំឱ្យសមត្ថកិច្ចមានវិធានការបង្ក្រាបឱ្យមានប្រសិទ្ធភាព ទើបការពារសន្តិសុខ និងសណ្តាប់ធ្នាប់ភូមិ-ឃុំមានសុវត្ថិភាពបាន ៕

ចែករំលែកព័តមាននេះ