ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបបទល្មើស​អន​ឡាញ​ស្គេ​ម​ក្នុង​ខុន​ដូ​អូ​ឡាំ​ព្យ៉ា ឃាត់ខ្លួន​ជនជាតិ​វៀតណាម​០៦​នាក់

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៦ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ធ្វើការ​ត្រួតពិនិត្យ​តាម​ទីតាំង​អគារ​ខុន​ដូ អា​ផាត​មិន បុរី ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយ​ចំនួន ក្នុង​គោលដៅ​ប្រតិបត្តិការ​បោសសម្អាត​ទីតាំង​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ បាន​សរុប​ចំនួន ៩០​ទីតាំង នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោកស្រី ដោ សម្ផស្ស នាយករង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា​នេះ ។

លោកស្រី ដោ សម្ផស្ស បាន​បន្ត​ថា តាម​រយៈ​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​នៅ​ក្នុង​ខុន​ដូ​អូ​ឡាំ​ព្យ៉ា អគារ C4 ជាន់​ទី​១៧ បន្ទប់​លេខ​១៧១០ មាន​ជនបរទេស ចំនួន​០៦​នាក់ ជា​ជនជាតិ​វៀតណាម និង​សម្ភារ​មួយ​ចំនួន រួម​មាន ៖ Laptop ចំនួន ៣​គ្រឿង (​កាច់​បំផ្លាញ​ចោល​) ទូរ​សព្ទ​ដៃ ចំនួន​០៧​គ្រឿង (​ផ្ទាល់ខ្លួន​) ទូរ​សព្ទ​ដៃ​ចំនួន ០១​គ្រឿង (​សម្រាប់​បម្រើ​ការងារ​) ។

ក្រោយ​ការ​ធ្វើ​កោសល្យវិច័យ​របស់​ការិយាល័យ​ជំនាញ បាន​រក​ឃើញ​ថា នេះ​ជា​ករណី​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (SCAMS ONLINE) ។

ក្រោយ​ប្រ​តិ​ប​តិ្ត​ការ ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

លោកស្រី ដោ សម្ផស្ស បញ្ជាក់​ថា ជាមួយ​គ្នា​នេះ​ដែរ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​អនុវត្ត​ការ​ផាកពិន័យ​ចំពោះ​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​ទីតាំង​រស់នៅ​ប្រមូលផ្ដុំ​តាម​អនុក្រឹត្យ​លេខ​០៣ សរុប​ចំនួន ៥​ទីតាំង មនុស្ស​ចំនួន ៦​នាក់ គិត​ជា​ថវិកា​សរុប​បាន​ចំនួន ២៤.០០០.០០០​រៀល (​ម្ភៃ​បួន​លាន​រៀល​) ៕