ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម បន្ត​ចុះ​បង្ក្រាប​បទល្មើស​ជលផល នា​រដូវ​បិទ​នេសាទ

3 ម៉ោង មុន

ខេត្តកំពង់ចាម​ ៖ អនុវត្ត​តាម​ចរាចរណ៍​ណែនាំ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ស្តី​ពី​ច្បាប់​ជលផល និង​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់លោក អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត នៅ​ថ្ងៃ​ទី​១៦ ​ខែមិថុនា ឆ្នាំ​២០២៦ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម សហការ​ជាមួយ​អធិការដ្ឋាន​រដ្ឋបាល​ជលផល​មេគង្គ អាជ្ញាធរ​ស្រុក ព្រៃឈរ កងរាជអាវុធហត្ថ​ស្រុក​ព្រៃឈរ និង​សហគមន៍​នេសាទ​សាមគ្គី​ ឃុំ​មៀន ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល នា​រដូវ​បិទ​នេសាទ ចំនួន ០២​ករណី ​ដោយ​រុះរើ និង​បំផ្លាញ​ចោល​នូវ​ឧបករណ៍​ខុសច្បាប់​រួម​មាន​ ៖

​ករណី​ទី​០១ ៖
-​ឧបករណ៍​លូ​ស្បៃ​មុង​ចំនួន​៥​មាត់
-​របាំង​ស្បៃ​មុង​ប្រវែង ១៨០​ម៉ែត្រ
-​បង្គោល​ចំនួន ៧៥​ដើម
-​ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់ ០១​គីឡូក្រាម
នៅ​ចំណុច​រលំ​ពោធិ៍ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។

​ករណី​ទី​០២ ៖
-​រុះរើ​សម្រាស់​ទំហំ ២​ម៉ែត្រ​ គុណ ៣ម៉ែត្រ ចំនួន៣​កន្លែង នៅ​ចំណុច​បាំងដៃ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។

បន្ទាប់​មក ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម បាន​ចុះ​ល្បាត​តាម​ដង​ទន្លេមេគង្គ​ភូមិសាស្ត្រ​ពី​ក្រុង​កំពង់ចាម រហូត ដល់​ស្រុក​កោះសូទិន និង​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ដោយ​ប្រើប្រាស់​កាណូត និង​មន្ត្រី​ចំនួន ០៥នាក់ ដោយ​ពុំ​បាន​ជួប​បទល្មើស នេសាទ​ឡើយ​ ។

ក្នុង​នោះ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម​ ក៏​មាន​ទិស​ដៅ​បន្ត ក្នុង​ការ​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ក្នុងភូមិ​សាស្ត្រ​ទន្លេ បឹង ព្រែក តាម​បណ្តាល​ស្រុក​នានា​ក្នុង​ខេត្តកំពង់ចាម និង​ផ្សព្វផ្សាយ​ដល់​ប្រជា​នេសាទ​ឱ្យ​ឈប់​ដោយ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​៕