ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តបិទទីតាំងល្មើសច្បាប់ ២កន្លែងទៀត ក្នុងយុទ្ធនាការបង្ក្រាបទំនិញបង្កក និងទំនិញខុសច្បាប់ពីថៃ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ពី​លទ្ធផល​នៃ​ការ​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​ទីតាំង​ស្តុក​ទុក ចរាចរ និង​ចែកចាយ​ផលិតផល​បង្កក ក៏​ដូច​ជា​ទំនិញ​ដែល​នាំ​ចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​នា​ថ្ងៃ​ទី​១៦ ខែមិថុនា​នេះ​ថា ៖ ក្រោម​ការ​ដឹកនាំ និង​បញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៦ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ សហការ​ជាមួយ​កម្លាំង​ចម្រុះ​មក​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អគ្គនាយកដ្ឋាន ក​.​ប​.​ប ដោយ​មានការ​សម្របសម្រួល​ផ្លូវច្បាប់​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ឃ្លាំង​តូច​ធំ ក្នុង​មូលដ្ឋាន​សរុប​ចំនួន​១២​កន្លែង ដែល​សង្ស័យ​មាន​នាំ​ចូល ស្តុក​ទុក ចរាចរ និង​ចែកចាយ​ផលិតផល​បង្កក​មាន​ប្រភព​ពី​ប្រទេស​ថៃ ។

តាម​រយៈ​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ​ទីតាំង​ចំនួន​២ ក្នុង​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​កំ​បូល ដែល​ជាប់​សង្ស័យ​ក្នុង​ករណី​នេះ​រួម​មាន​៖
១. ឃ្លាំង​ស្តុក​គ្រឿង​ឧបភោគ​-​បរិភោគ របស់​ក្រុមហ៊ុន បេ​ក ឃើ​រស្មី​ត ឯ​.​ក ស្ថិត​នៅ​ផ្លូវ​បេតុង ភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ មាន​ចំនួន​០២​ទូរ គឺ​៖ ទូរ​កក និង​ទូរ​ស្ងួត ដោយ​ក្រុមការងារ​ចម្រុះ​បាន​រក​ឃើញ​មាន​ទំនិញ​ក្នុង​ទូរ​កក មាន​ប្រតិវេទ​ត៍​គយ នាំ​ចូល​មក​ស្របច្បាប់ មាន​ប្រភព​មក​ពី​ប្រទេស​ចំនួន ០២​គឺ ប្រទេស​ចិន និង​ប្រទេស​វៀតណាម ។ ដោយឡែក​ក្នុង​ទូរ​ស្ងួត ក្រុមការងារ​បាន​រក​ឃើញ​ទំនិញ​ចម្រុះ​នាំ​ចូល​ពី​ប្រទេស​ថៃ ដែល​គ្មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ​សរុប​ចំនួន ៩១​ប្រភេទ ។
២. ទីតាំង​ដេប៉ូ​ចែកចាយ​ឈ្មោះ រិ​ន សុខា មា​នទី​តាំងនៅ​ផ្លូវ​រទេះភ្លើង ភូមិ​ភ្លើង​ឆេះ​រទេះ​លិច សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល​។ ពេល​ចុះ​ពិនិត្យ​ដល់​បន្ទប់​វេច​ខ្ចប់ ក្រុមការងារ​រកបាន​ពិនិត្យ​ឃើញ​មានការ​វេច​ខ្ចប់​ប៊ី​ចេ​ង​យីហោ​ម៉ាក “​មេ​ចុងភៅ​” ដែល​មាន​អក្សរ​ថៃ​នៅ​លើ​សម្រក​បាវ ។

ដោយ​ទទួល​បានការ​សម្របសម្រួល នីតិវិធី​ផ្លូវច្បាប់​ពី​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រុមការងារ​ចម្រុះ​បាន​សម្រេច​បិទ​ទីតាំង​ទាំង​០២​ខាងលើ​នេះ​ជា​បណ្ដោះអាសន្ន និង​បាន​បញ្ជូន​តំណាង​ម្ចាស់​ទីតាំង​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​បន្ត​តាម​នីតិវិធី ។

សូម​បញ្ជាក់​ជូន​ថា គិត​ពី​ថ្ងៃ​ទី​១០ ដល់​១៥ ខែមិថុនា នេះ​ក្រុមការងារ​ចម្រុះ​បាន​ចុះ​ត្រួតពិនិត្យ​ឃ្លាំង​តូច ធំ​សរុប​ចំនួន​១៣១​ទីតាំង បាន​រក​ឃើញ និង​បិទ​បណ្តោះអាសន្ន ឃ្លាំងទំនិញ​មាន​ស្តុក​ផលិតផល​បង្កក និង​ទំនិញ​ដែល​នាំ​ចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ​ចំនួន​១៥ ព្រមទាំង​បាន​នាំ​ខ្លួន​អ្នក​ពាក់ព័ន្ធ​សរុប​ចំនួន ១៦​នាក់ ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី ៕