រាជធានីភ្នំពេញ ៖ យុវជន និងយុវតីដែលបានចូលរួមទិវាជាតិ TVET ២០២៦ បានសម្តែងការពេញចិត្តចំពោះការរៀបចំកម្មវិធីនេះ ដោយចាត់ទុកថា ជាវេទិកាដ៏មានតម្លៃសម្រាប់ស្វែងយល់ពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងឱកាសការងារជាច្រើន ។ យុវតី សាក់ ស៊ីណា សិស្សសាលាជាស៊ីមសន្ធរម៉ុក មានអារម្មណ៍រំភើបយ៉ាងខ្លាំងដែលបានចូលរួម TVET DAY ឆ្នាំនេះ ព្រោះបានទទួលបទពិសោធថ្មីៗ និងបានឃើញការតាំងបង្ហាញជាច្រើនពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ។ យុវតីរូបនេះ ស្នើឱ្យមានការតាំងបង្ហាញបែបនេះកាន់តែច្រើននាពេលអនាគត ដើម្បីឆ្លើយតបនឹងតម្រូវការការសិក្សារបស់យុវជនជំនាន់ថ្មី ដែលកំពុងមានការចាប់អារម្មណ៍លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកាន់តែច្រើន។

ជាមួយគ្នានេះ យុវតី ហេង រ៉ូហ្សា សិស្សវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) បានចាត់ទុក TVET DAY ២០២៦ ថាជាព្រឹត្តិការណ៍ដ៏ទាក់ទាញ និងមានសារៈសំខាន់សម្រាប់សិស្សនិស្សិត។ រ៉ូហ្សាបានកត់សម្គាល់ថា កម្មវិធីនេះមិនត្រឹមតែមានការរៀបចំយ៉ាងល្អ និងមានអ្នកចូលរួមយ៉ាងច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការតាំងបង្ហាញស្នាដៃច្នៃប្រឌិដ្ឋ ការផ្តល់ព័ត៌មានអំពីជំនាញវិជ្ជាជីវៈ និងឱកាសសម្ភាសការងារភ្លាមៗ ព្រមទាំងមានសិក្ខាសាលាចែករំលែកបទពិសោធ និងចំណេះដឹងថ្មីៗដល់អ្នកចូលរួមផងដែរ។
ដោយឡែក យុវជន លី បូឡាំង មកពីសាលាបច្ចេកទេសដុនបូស្គូ បានចាប់អារម្មណ៍ជាពិសេសចំពោះស្នាដៃបច្ចេកវិទ្យារបស់យុវជនកម្ពុជា ដែលត្រូវបានដាក់តាំងបង្ហាញក្នុងកម្មវិធី។

លោកថា ស្នាដៃទាំងនោះបានបង្ហាញពីសមត្ថភាពរបស់កូនខ្មែរ ក្នុងការផលិតឧបករណ៍បច្ចេកទេសទំនើបៗ ដែលអាចជួយបង្កើនប្រសិទ្ធភាពការងារ សន្សំសំចៃពេលវេលា និងឆ្លើយតបតម្រូវការក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្ម។ លោកក៏បានសម្តែងក្តីសង្ឃឹមថា នាពេលអនាគត កម្ពុជានឹងមានស្នាដៃនវានុវត្តន៍ និងមានផលិតផលបច្ចេកវិទ្យាកាន់តែច្រើនបង្កើតឡើងដោយស្នាដៃកូនខ្មែរ។
ការលើកឡើងរបស់យុវជន-យុវតីទាំងនេះ បានឆ្លុះបញ្ចាំងពីជោគជ័យនៃការប្រារព្ធទិវាជាតិ TVET ២០២៦ ក្នុងការបង្កើតវេទិកាភ្ជាប់ការសិក្សា ជំនាញ បច្ចេកវិទ្យា និងទីផ្សារការងារ ព្រមទាំងជំរុញស្មារតីច្នៃប្រឌិដ្ឋ និងការអភិវឌ្ឍសមត្ថភាពរបស់យុវជនកម្ពុជា ឱ្យត្រៀមខ្លួនកាន់តែប្រសើរសម្រាប់ទីផ្សារការងារនាពេលអនាគត។

សូមបញ្ជាក់ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ធ្វើឡើងក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦នេះពីម៉ោង ៨ព្រឹករហូតដល់ម៉ោង៨យប់៕ អត្ថបទសហការ




ចែករំលែកព័តមាននេះ