ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាជំរុញការនាំចេញគ្រាប់ស្វាយចន្ទី និងផលិតផលបសុសត្វទៅទីផ្សារនៅហ្វីលីពីន

9 នាទី មុន

កម្ពុជា និង​ហ្វី​លី​ពី​ន បាន​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម ដោយ​ផ្តោត​លើ​ការ​បើក​ទីផ្សារ​សម្រាប់​គ្រាប់ស្វាយចន្ទី និង​ផលិតផល​បសុសត្វ​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​ហ្វី​លី​ពី​ន ស្រប​ពេល​ប្រទេស​ទាំង​ពីរ ខិតខំ​ជំរុញ​ពាណិជ្ជកម្ម​កសិកម្ម និង​ធានា​សន្តិសុខ​ស្បៀង​ក្នុង​តំបន់ ។

ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច ទៅ​កាន់​ប្រទេស​ហ្វី​លី​ពី​ន នា​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៦ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោក​ហ្វ្រ​ង់​ស៊ី​ស្កូ ទី​យូ ឡូ​រ៉េ​ត ( Francisco P. Tiu Laurel Jr.) រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ហ្វី​លី​ពី​ន បាន​រួម​គ្នា​រៀបចំ «​វេទិកា​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​កម្ពុជា​-​ហ្វី​លី​ពី​ន ក្នុង​វិស័យ​កសិកម្ម​» ។

វេទិកា​នេះ មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ឯកជន​ប្រមាណ​៣៣ ក្រុមហ៊ុន មក​ពី​កម្ពុជា និង​ហ្វី​លី​ពី​ន ដើម្បី​ពិភាក្សា​អំពី​ឱកាស​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​កសិកម្ម ។ ក្រៅពី​ការ​ពិភាក្សា​អំពី​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​បន្ថែម​ទៅ​កាន់​ហ្វី​លី​ពី​ន ភាគី​ទាំង​ពីរ​ក៏​បាន​ផ្តោត​សំខាន់​លើ​លទ្ធភាព​បើក​ទីផ្សារ​សម្រាប់​គ្រាប់ស្វាយចន្ទី និង​ផលិតផល​បសុសត្វ​របស់​កម្ពុជា ដែល​ជា​កសិផល​មាន​សក្តានុពល និង​មាន​តម្លៃបន្ថែម​ខ្ពស់ ។

ការ​ពង្រីក​ទីផ្សារ​សម្រាប់​គ្រាប់ស្វាយចន្ទី និង​ផលិតផល​បសុសត្វ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជួយ​បង្កើន​តម្លៃ​កសិផល​កម្ពុជា ពង្រីក​ឱកាស​នាំ​ចេញ និង​បង្កើន​ប្រាក់​ចំណូល​ជូន​កសិករ និង​អ្នក​ផលិត​ក្នុងស្រុក ខណៈ​ដែល​ហ្វី​លី​ពី​ន​អាច​ទទួល​បាន​ប្រភព​ផ្គត់ផ្គង់​កសិផល​ដែល​មានគុណ​ភាព និង​មាន​ស្ថិរភាព ។

បន្ថែម​ពីលើ​ការ​ជំរុញ​ការ​នាំ​ចេញ​កសិផល ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​កិច្ចសហការ​ក្នុង​ការ​ផ្គត់ផ្គង់​ជី​កសិកម្ម ដើម្បី​ធានា​និរន្តរភាព​នៃ​ធាតុ​ចូល​កសិកម្ម សំដៅ​លើកកម្ពស់​ផលិតភាព និង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម​របស់​ប្រទេស​ទាំង​ពីរ ។

វេទិកា​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​សមិទ្ធផល​ថ្មី​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​ហ្វី​លី​ពី​ន ដែល​នឹង​រួមចំណែក​បើក​ទីផ្សារ​ថ្មី​សម្រាប់​កសិផល​សក្តានុពល​របស់​កម្ពុជា ជា​ពិសេស​គ្រាប់ស្វាយចន្ទី និង​ផលិតផល​បសុសត្វ ព្រមទាំង​ជួយ​ជំរុញ​កំណើន​ពាណិជ្ជកម្ម​កសិកម្ម និង​បង្កើន​ផលប្រយោជន៍​សេដ្ឋកិច្ច​ដល់​ប្រជា​កសិករ​កម្ពុជា និង​ពង្រឹង​សន្តិសុខ​ស្បៀង​របស់​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​មាន​និរន្តរភាព ៕