ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ថា​បន្ទាប់​ពី​ចប់​សង្គ្រាម​អ៊ីរ៉ង់​ លោក​នឹង​ខិត​ខំ​ពន្លត់​ភ្នក់​ភ្លើង​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​វិញ​ម្ដង

4 ម៉ោង មុន

ទី​ក្រុង​ប៉ារីស៖ លោក​ដូណាល់​ត្រាំ​បាន​ចូលរួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​​ប្រទេស​ដទៃ​​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ជី​ម្ភៃ​​ដែល​រៀប​ចំ​នៅ​ប្រទេស​បារាំង​។ លោក​បាន​ថ្លែង​កោត​សរ​សើរ​សមិទ្ធ​ផល​ដែល​​អាមេរិក​ទើប​តែ​សម្រេច​បាននៅ​​កិច្ច​ព្រម​ព្រៀង​ដំណាក់​កាល​ដំបូង​ជា​មួយ​អ៊ីរ៉ង់​ដើម្បី​បិទ​បញ្ចប់​ការ​ផ្ទុះ​អាវុធ។ បន្ទាប់​ពី​រួច​ដៃ​ពី​សង្គ្រាម​នៅ​អ៊ីរ៉ង់​ ត្រាំ​បង្ហើប​ឱ្យ​ដឹង​ថា​លោក​នឹង​ស្វះ​ស្វែង​រក​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែន និង​លីបង់​ជា​បន្ត​ទៀត​។​

លោក​ត្រាំ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ជី​ប្រាំ​ពីរ​លើក​នេះ​​ចំ​ពេល​ដែល​មេ​ដឹក​នាំ​នៅ​​ក្នុង​​ពិភព​លោក​ចេះ​តែ​បារម្ភ​អំពី​អាមេរិក​។ ពួក​គេ​ភាគ​ច្រើន​​​ធូរ​ស្បើយ​ចិត្ត​ខ្លះ​នៅ​ពេល​ដឹង​ថា​មាន​កិច្ច​ព្រម​ព្រៀង​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ដែល​អាច​នឹង​ឈាន​ដល់​ការ​បិទ​បញ្ចប់​សង្គ្រាម​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ពួក​គេ​ក៏​មាន​អារម្មណ៍​មិន​ស្រណុក​ចិត្ត​​ប៉ុន្មាន​ដែរ​​នៅ​ពេល​លោក​ត្រាំ​គំរាម​ដំឡើង​ពន្ធ​សម្រាប់​ប្រទេស​បារាំង​ និង​​​ព្រមាន​ឱ្យ​ប្រយ័ត្ន​ចំពោះ​គ្រោះ​ថ្នាក់​នៃ​ជន​អន្តោ​ប្រវេសន៍​។​

​ថ្លែង​នៅ​ចំពោះ​អ្នក​សារ​ព័ត៌​មាន​ដោយ​មាន​លោក​ម៉ាក្រុង​ឈរ​ក្បែរ​នោះ​ដែរ លោក​ត្រាំ​ថា​អនុស្សារណៈ​យោគ​យល់​គ្នា​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ដើម្បី​បញ្ចប់​សង្គ្រាម​បាន​ចុះ​ហត្ថ​លេខា​រួច​រាល់​ហើយ​រវាង​ប្រទេស​ទាំង​២​។ ប៉ុន្តែ​លោក​មិន​ទាន់​ហ៊ាន​សន្មត​ថា​សេចក្ដី​លម្អិត​នៃ​កិច្ច​ព្រម​ព្រៀង​នោះ​នឹង​ផ្សព្វ​ផ្សាយ​ជា​សា​ធារណៈ​នៅ​ពេល​ណា​ទេ​។ នៅ​ពេល​មាន​សញ្ញា​ថា​សង្គ្រាម​អ៊ីរ៉ង់​គង់​តែ​បិទ​​បញ្ចប់​ទៅ​វិញ​ឆាប់​ៗ​នេះ លោក​ត្រាំ​បង្ហើប​ឱ្យ​ដឹង​ថា​លោក​នឹង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ស្វែង​រក​សន្តិភាព​នៅ​អ៊ុយ​​ក្រែន​វិញ​ម្ដង​។ លោក​ក៏​កំពុង​ខិត​ខំ​រក​វិធី​បញ្ចប់​សង្គ្រាម​នៅ​ប្រទេស​លីបង់​ផង​ដែរ​។

លោក​ថ្លែង​ថា​កាល​ពី​ម្សិល​មិញ លោក​បាន​​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​​នៅ​ក្នុង​បរិយាកាស​ដ៏​ល្អ​បំផុត​ជា​មួយ​លោក​ហ្សេឡិន​ស្គី និង​លោ​ក​​ពូទីន​។ លោក​យល់​ថា​អាច​នឹង​មាន​រឿង​ល្អៗ​ត្រូវ​និយាយ​គ្នា​។ លោក​ពិត​ជា​ចង់​ធ្វើ​រឿង​នេះ​ណាស់​។ លោក​យល់​ថា​​មេ​ដឹក​នាំ​​ទាំង​២​ក៏​បើក​ទូលាយ​នៅ​ក្នុង​បញ្ហា​នេះ​ផង​ដែរ​។ ភាព​ធូរ​ស្បើយ​ពី​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​ និង​​នៅ​អឺរ៉ុប​ខាង​កើត​នោះអាច​​​ធូរ​ស្បើយ​បាន​ត្រឹម​តែ​មួយ​គន្លាក់​​ប៉ុណ្ណោះ​សម្រាប់​ថ្នាក់​ដឹក​នាំ​ក្រុម​ប្រទេស​ជី​ប្រាំ​ពីរ​​។ ពួក​គេ​នឹង​ស្វះ​ស្វែង​រក​ការ​ស្រុះ​ស្រួល​មូល​មតិ​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អតុល្យ​ភាព​សេដ្ឋ​កិច្ច​ជា​សាកល​, ដើម្បី​ស្វះ​ស្វែង​រក​រ៉ែ​កម្រ​ពី​ទី​កន្លែង​ដទៃ​​​ក្រៅ​ពី​ប្រទេស​ចិន​ និង​ដើម្បី​គិត​គូរ​អំពី​បញ្ញា​សិប្ប​និម្មិត​ (អេ​អាយ)៕​ ប្រភព៖ Reuters