តម្លៃប្រេងសាំងចុះមកមួយលីត្រ៤៦០០រៀល ខណៈប្រេងម៉ាស៊ូត៤៧០០រៀលក្នុងមួយលីត្រ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ឱ្យដឹងថា តម្លៃប្រេងសាំងធម្មតាបានធ្លាក់មក៤៦០០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតមានតម្លៃ៤៧០០រៀលក្នុងមួយលីត្រ ។

យោងតាមសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្មបានលើកឡើងថា យោងប្រកាសអន្តរក្រសួងលេខ០០៨៣ ពណ. អវឯ.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ។
យោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា និងយោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់និងអន្តរជាតិរាជរដ្ឋាភិបាលបាន ១-បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ២-បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស ១០០ដុល្លារ/បារ៉ែល ៣-ពន្ធគយ ០ (សូន្យ) ដុល្លារ និង៤-ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច បញ្ចុះ អាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% នឹង ប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត ។
ក្រសួងថាដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈត្រូវអនុវត្តជារៀងរាល់សប្តាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ ថ្ងៃទី២៣ ខែមិថុ នា ឆ្នាំ២០២៦ គឺត្រូវលក់ ៤ ៦០០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៤ ៧០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)៕

ចែករំលែកព័តមាននេះ