ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកបរ​​ស្រវឹង​ជោកជាំ បុ.កឡាន​ចត​ស្ងៀម​ពីក្រោយពេញទំហឹង​ ត្រូវឃាត់ខ្លួន

3 ម៉ោង មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​បើកបរ​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​ខ្លាំង រួច​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​កំពុង​ចត​ស្ងៀម​នៅ​ចិញ្ចើម​ផ្លូវ យ៉ាង​​ពេញទំហឹង ​។ ហេតុការណ៍​នេះ​ បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​២០ និង៥០នាទី​យប់ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៦ លើ​កំណាត់​ផ្លូវជាតិ​លេខ៧៣ ស្ថិត​ក្នុងភូមិ​ទី​១ សង្កាត់​រកា​កណ្ដាល ក្រុង​ក្រចេះ ខេត្តក្រចេះ​ ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​បង្ក​ម៉ាក Highlander ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ 0448 បើកបរ​ដោយ​ឈ្មោះ មាស សា​ខន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ បាន​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ពី​ត្បូង​ទៅ​ជើង ​។ ​ពេល​មក​ដល់​ចំណុច​កើតហេតុ អ្នកបើកបរ​​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ខ្លាំង ដោយ​វាស់វែង​ជាតិ​អាល់កុល​ឃើញ​រហូត​ដល់ 1.267 mg/L បាន​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក Ford Everest ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កម្ពុជា BUNLO.99 របស់​ឈ្មោះ ហុង ប៊ុ​ន​ឡូ ដែល​កំពុង​ចត​ស្ងៀម​ជាប់​ចិញ្ចើម​ផ្លូវ (​ទិស​ដៅ​ស្របគ្នា​) យ៉ាង​ពេញទំហឹង​។

ក្រោយ​កើតហេតុ រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុកជា​បណ្ដោះ​អាសន្ន​នៅ​បរិ​វេណ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ។

ដោយឡែក អ្នកបើកបរ​រថយន្ត​បង្ក ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។ ​យោង​តាម​ទិដ្ឋភាព​ផ្លូវច្បាប់ ផ្អែក​តាម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ការ​បើកបរ​ដែល​មាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី 0.40 mg/L ឡើង​ទៅ​ត្រូវ​ចាត់ទុកជា​បទល្មើសព្រហ្មទណ្ឌ​ ។

ករណី​អ្នកបើកបរ​ខាងលើ ​ដែល​មាន​ជាតិ​អាល់កុល​រហូត​ដល់ 1.267 mg/L នេះ ត្រូវ​ប្រឈមមុខ​នឹង​ទោស​ពន្ធនាគារ​ពី ៦​ថ្ងៃ ទៅ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ពី​២​លាន ដល់​៤​លាន​រៀល ព្រមទាំង​ត្រូវ​ទទួលខុសត្រូវ​សងការ​ខូចខាត​រថយន្ត​របស់​ភាគី​រង​គ្រោះ​ទាំង​ស្រុង​ថែម​ទៀត​ផង ​៕