ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការងារ នាំឱកាសការងារ ២ ៤១២កន្លែង ចុះដល់មូលដ្ឋានស្រុកអង្គរជ័យ ជួយប្រជាពលរដ្ឋរកការងារ និងបង្កើនប្រាក់ចំណូល

19 ម៉ោង មុន

ខេត្តកំពត ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តនាំយកឱកាសការងារក្នុងស្រុកជាង ២ពាន់កន្លែង ​អត្ថប្រយោជន៍បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) និងកម្មវិធី TVET  ចុះដល់មូលដ្ឋាន តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅស្រុកអង្គរជ័យ ខេត្តកំពត នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦​ ដើម្បីពង្រីកលទ្ធភាពទទួលបានការងារ ជំនាញ និងប្រាក់ចំណូល ជាពិសេសសម្រាប់អតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារ។

ថ្លែងក្នុងវេទិកា​​ក្រោមប្រធានបទ ​”ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” មានប្រជាពលរដ្ឋជិត ៤០០នាក់ចូលរួម ឯកឧត្តម វ៉េង ហៀង អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានឱកាសការងារក្នុងស្រុកជាង ​៩ម៉ឺនកន្លែង​ នៅតាមបណ្តាសហគ្រាស ក្រុមហ៊ុន និងរោងចក្រ។ ការនាំយកឱកាសការងារចំនួន ​២ ៤១២កន្លែង​ មកដល់មូលដ្ឋាននេះ អនុញ្ញាតឱ្យប្រជាពលរដ្ឋចុះឈ្មោះ និងសម្ភាសការងារដោយផ្ទាល់ ព្រមទាំងជួយសន្សំសំចៃពេលវេលា និងថវិកា ដោយមិនចាំបាច់ធ្វើដំណើរទៅស្វែងរកការងារដោយខ្លួនឯង។

ឯកឧត្តមបានលើកឡើងថា ការងារក្នុងស្រុកក្រៅពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ក៏មានការគាំពារពី ប.ស.ស. រួមមាន ​ផ្នែកហានិភ័យការងារ ថែទាំសុខភាព និងសោធន​ ព្រមទាំងអាចឱ្យប្រជាពលរដ្ឋនៅក្បែរគ្រួសារយ៉ាងកក់ក្ដៅ។ ចំណែកការធ្វើចំណាកស្រុកនៅប្រទេសថៃ អាចប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម កង្វះការគាំពារសុខភាព អំពើហិង្សា ជាពិសេសការរើសអើង និងការរស់នៅឆ្ងាយពីគ្រួសារ។ ចំពោះអ្នកមានបំណងទៅធ្វើការក្រៅប្រទេស ក្រសួងលើកទឹកចិត្តឱ្យធ្វើចំណាកស្រុកតាមផ្លូវស្របច្បាប់ មានការគាំពារ និងប្រាក់ខែខ្ពស់​​។

ទន្ទឹមនេះ អតីតពលករ និងយុវជនអាចចុះឈ្មោះរៀនជំនាញបច្ចេកទេសដោយឥតគិតថ្លៃ តាមកម្មវិធី ​TVET ១,៥លាន​ ជាមួយម៉ោងសិក្សាបត់បែននិងមានច្រើនជម្រើស ដូចជា សំណង់ ជួសជុលបរិក្ខារត្រជាក់ គ្រឿងអគ្គិសនី ដុតនំ ឆុងកាហ្វេ និង​សេវាកម្មសម្អាងកាយ ដើម្បីយកជំនាញទៅបង្កើតមុខរបរ ឬស្វែងរកការងារដែលមានប្រាក់ចំណូលខ្ពស់ជាងមុន។ ឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តផ្សព្វផ្សាយព័ត៌មានទាំងនេះទៅកាន់គ្រួសារ សាច់ញាតិ និងមិត្តភក្តិ ហើយអាចទាក់ទងលេខទូរស័ព្ទ Hotline ​១២៩៧​ សម្រាប់ព័ត៌មានការងារ និងការរៀនជំនាញ ឬ ​លេខ ១២៨៦​ ផ្នែកសេវា ប.ស.ស.។

សូមបញ្ជាក់ថា ឱកាសការងារសរុបចំនួន ២ ៤១២កន្លែង ក្នុងវេទិកានេះ ត្រូវបានផ្ដល់ជូនដោយ រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, ក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ វ៉ាន់លី ថាយអឺរ (ខេមបូឌា) ឯ.ក និងធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ នៅខេត្តកំពត ព្រមទាំងក្រុមហ៊ុន មង្គល អេចអរ ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅប្រទេសជប៉ុន៕ អត្ថបទសហការ