ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរកសិកម្មខេត្តព្រះវិហារចែកពូជបន្លែ ជី និងសម្ភារកសិកម្ម ព្រមទាំងជំរុញការចិញ្ចឹមមាន់​ជូនពលរដ្ឋភៀសសឹកនៅស្រុកគូលែន

19 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់​នៅ និងធានាសុវត្ថិភាពស្បៀងអាហារ​ដល់គ្រួសាររងផលប៉ះពាល់ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានដឹកនាំក្រុម​ការងារបច្ចេកទេសចុះផ្ទាល់ ដើម្បីនាំយកគ្រាប់ពូជ​បន្លែ ជីសរីរាង្គ និងសម្ភារកសិកម្មព្រមទាំងពិនិត្យការដំឡើង ទ្រុងមាន់ ជូនដល់ប្រជាពលរដ្ឋភៀសសឹកចំនួន​១០គ្រួ​សារ ដែលកំពុងរស់នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ។

​​យោងតាមប្រភពពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ​បានឱ្យដឹងថា កម្មវិធីចុះចែកអំ​ណោយ និងសម្ភារគាំទ្រកសិកម្មនេះ ធ្វើឡើងក្នុងបរិបទ​ដែលប្រជាពលរដ្ឋភៀស​សឹកត្រូវការជាចាំបាច់នូវមធ្យោ​បាយបង្កើតប្រភពចំណូលដោយខ្លួនឯង ដើម្បីធានាស្ថិរ​ភាពជីវភាពគ្រួសារ ។

តាមរយៈការផ្ដល់ជូនគ្រាប់ពូជបន្លែរយៈពេលខ្លី ជីសរីរាង្គ និងសម្ភារកសិកម្មផ្សេងៗ គ្រួសារគោលដៅទាំង​១០​នឹងមានលទ្ធភាពបង្កើតសួនបន្លែផ្ទះបាយ​ដែលមិនត្រឹមតែជួយកាត់​ប​ន្ថយការចំណាយលើការទិញម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំងអាចផ្គត់ផ្គង់ទីផ្សារមូលដ្ឋានក្នុងកម្រិតតូចមួយផងដែរ ។ ​ក្រៅពីការដាំដុះដំណាំបន្លែបង្ការ លោក​ពឹង ទ្រីដា និងក្រុមការងារ ក៏បានចុះផ្ទាល់ដើម្បីពិនិត្យការងារដំឡើងទ្រុងចិញ្ចឹមមាន់ជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះនីមួយៗផងដែរ ។

​ការចិញ្ចឹមមាន់លក្ខណៈគ្រួសារ ត្រូវបានចាត់ទុកថា ជាមធ្យោបាយដ៏មានប្រសិទ្ធភាពខ្ពស់ ដោយសារវាប្រើប្រាស់ទុនតិច ងាយស្រួលថែទាំ និងអាចផ្ដល់ផលចំណេញលឿន ជួយធានាបាននូវប្រភពប្រូតេអ៊ីន និងចរន្តសាច់ប្រាក់ប្រចាំថ្ងៃសម្រាប់គ្រួសារ ។

​សកម្មភាពនេះ មិនត្រឹមតែជាការផ្ដល់ជំនួយសង្គ្រោះបន្ទាន់នោះទេ ប៉ុន្តែវាគឺជាការវិនិយោគលើកម្លាំងពលកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ឱ្យមានភាពម្ចាស់ការ និងភាពធន់រឹងមាំឡើងវិញ ។ ក្រុមការងារមន្ទីរកសិកម្មសន្យាថា នឹងបន្តតាមដាន និងផ្ដល់ការគាំទ្របច្ចេកទេសកសិកម្មបន្ថែមទៀត ដើម្បី​ធានាថាការអនុវត្តជាក់ស្តែងទទួលបានផលជោគ​ជ័យ​ខ្ពស់ ៕