ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​អញ្ជើញ​នាំ​យក​អំណោយ​មនុស្សធម៌ជូន​ប្រជាពលរដ្ឋរង​គ្រោះ​ដោយសារ​ទឹកជំនន់​ចំនួន​៨២​គ្រួសារ

1 ខែ មុន
  • តាកែវ

ខេត្តតាកែវ ​៖ កាលពីរសៀល​ថ្ងៃ​​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៦ លោក វ៉ី សំណាង ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តតាកែវ បាន​អញ្ជើញ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្ស​ធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តតាកែវ ទៅ​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ចំនួន​៨២​គ្រួសារ ដែល​បាន​រង​គ្រោះ​ដោយសារ​ទឹកជំនន់​ទន្លេមេគង្គ មក​ពី​ឃុំ​ចំនួន​បី ក្នុងស្រុក​អង្គរ​បូ​រី ខេត្ត​តាកែវ ។

លោក​ កង អាណា​ន់ អភិបាលស្រុក​អង្គរ​បូ​រី​បានអោយ​ដឹង​ថា ​ចំពោះ​ជន​រង​គ្រោះ​​ដោយសារ​ទឹកជំនន់​ទន្លេមេគង្គ​ទាំង​៨២​គ្រួសារ​នោះ​ គឺ​មក​ពី​ឃុំ​ចំនួន​៣​​ក្នុងស្រុក ​គឺ​ឃុំ​គោក​ធ្លក ឃុំ​ព្រែ​ផ្គាំ ឃុំ​អង្គរ​បូ​រី ។ លោក វ៉ី សំណាង ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្តី​នឹករលឹក និង​អាណិតអាសូរ​ជា​ពន់ពេក​ពី​សំណាក់​លោក បណ្ឌិត ជា វ៉ា​ន់​ដេ​ត ប្រធាន កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្តតាកែវ ជា​ពិសេស​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ចកាល សម្តេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ និង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​​អំពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ និង​ងាយ​រង​គ្រោះ​គ្រប់​ប្រភេទ​នៅ​គ្រប់​ទិស​ទី ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ពូជសាសន៍ ឬ​សាសនា​ឡើយ ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា ។

លោក​ប្រធាន​គណៈកម្មាធិការ​សាខា ក៏​បាន​សម្តែង​នូវ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ ជាមួយ​គ្រួសារ​រង​គ្រោះ​ទាំងអស់ ជា​ពិសេស​គ្រួសារ​ដែល​ត្រូវ​រលំ​ផ្ទះ​មួយ​ខ្នង ដោយសារ​ជំនន់​ទឹកភ្លៀង និង​ទឹកទន្លេ​មេគង្គ​ឡើង​ខ្លាំង​នា​ពេល​នេះ លោក​អភិបាលខេត្ត​ក៏​បាន​ផ្តាំផ្ញើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​សុវត្ថិភាព ថែរក្សា​សុខភាព អនាម័យ និង​ប្រយ័ត្នប្រយែង​កូនចៅ​តូច​ៗ​ពី​គ្រោះ ថ្នាក់​លង់ទឹក ឬ​សត្វ​អាសិរពិស​ផ្សេង​ៗ ។

លោក​កង អាណា​ន់ អភិបាលស្រុក​អង្គរ​បូ​រី​បាន​បញ្ជាក់​ថា ​ចំពោះ​អំណោយ​មនុស្សធម៌​ដែល​បាន​ផ្តល់​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំង​៨២​គ្រួសារ ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន ៖​ អង្ករ​២៥​គីឡូក្រាម, មី​១​កេស, ​ត្រីខ១យួរ, ប្រេងឆា១លី​ត្រ, ទឹកត្រី៣ដប និង​ទឹកស៊ីអ៊ីវ៣ដប, នំ១កញ្ចប់ សម្ភារ​ប្រើប្រាស់​កន្ទេល១, មុង១, ភួយ១, សារុង១, ក្រ​ម៉ា១ និងថវិកា​ចំនួន២០ម៉ឺន​រៀល​ ។

ដោយឡែក សម្រាប់​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ ​បណ្តាល​ឱ្យ​រលំ​ផ្ទះ​ចំនួន​១​ខ្នង ទទួល​បានការ​ឧបត្ថម្ភ​បន្ថែម​នូវ តង់​ធំ​មួយ និង​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​បន្ថែម​ទៀត (​សរុប​ថវិកា ២២០,០០០ រៀល​) ដើម្បី​ជួយ​សម្រួល​ទុក្ខ​ធុរៈ​ផង​ដែរ ៕