រឿង«ប្រចាំគ្នាចាក់សោរបង»ផ្ទុះសង្គ្រា.មហិ.ង្សាដ៏ឃោរឃៅ ប្អូនថ្លៃចូលពេទ្យ បងថ្លៃចូលគុ.ក
- បាត់ដំបង
ខេត្តបាត់ដំបង ៖ គ្រាន់តែរឿង«ចាក់សោរបងផ្ទះ»ប្រចាំគ្នាបង្កជាទំនាស់ដ៏រ៉ាំរ៉ៃ រហូតឈានដល់បងថ្លៃទាញកាំបិតកាប់ទៅលើប្អូនថ្លៃ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីយប់ថ្ងៃទី ១៤ មិថុនា នៅភូមិតាកុយ សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ជាលទ្ធផលប្អូនថ្លៃចូលពេទ្យ រីឯបងថ្លៃចូលគុក ។

តាមរយៈរបាយការណ៍អធិការក្រុងបាត់ដំបង លោក ពេជ្រ សារ៉ែន បានឱ្យដឹងថា ជនរងគ្រោះដែលចូលពេទ្យឈ្មោះ ក្លូត វ៉ាន់ ភេទប្រុស អាយុ៤៥ឆ្នាំ (ប្អូនថ្លៃ) រងរបួសដៃឆ្វេងដេរ៣០ថ្នេរ និងដាច់សរសៃម្រាមដៃចំនួន០២ (អាចពិការ) ក្រោមស្នាដៃបងថ្លៃវ័យ៣៥ឆ្នាំ ឈ្មោះ ផេង ហ៊ុន ភេទប្រុស ប្រើប្រាសកាំបិតកាប់ នៅពេលផ្ទុះជម្លោះ ដែលផ្ដើមចេញពីរឿងប្រចាំគ្នា «ចាក់សោរបងទ្វារផ្ទះ» ។
នៅក្នុងរបាយការណ៍ លោក ពេជ្រ សារ៉ែន បានបញ្ជាក់ថា ជនដៃដល់ត្រូវបានកម្លាំងរបស់លោកចុះអន្តរាគមន៍ឃាត់ខ្លួនភ្លាមៗ ក្រោយទទូលបណ្ដឹងពីជនរងគ្រោះដែលជាបងថ្លៃ ។ បើតាមសាវតារឿងដែលឈានដល់ការផ្ទុះអំពើហិង្សាយ៉ាងឃោរឃៅ រវាងបងថ្លៃនិងប្អូនថ្លៃខាងលើនេះ ភាគីទាំង០២នាក់រស់នៅផ្ទះផ្សេងគ្នា តែនៅក្នុងរង្វងរបងដីតែមួយ ហើយទ្វារចេញចូលតែមួយ ដូច្នេះហើយ ទើបភាគីទាំង០២កើតរោគប្រចាំគ្នារឿង «ចាក់សោទ្វាររបង»បង្កជាទំនាស់ដ៏រ៉ាំរ៉ៃ ។

សមត្ថកិច្ចនិយាយទៀតថា នៅយប់កើតហេតុនោះ បងថ្លៃមកពីផឹក ហើយពេលចូលដល់ផ្ទះក៏ប្រើកូនឲ្យមកចាក់សោទ្វាររបង ពេលនោះក៏មានប៉ះពាក្យសម្ដីគ្នារវាងបងថ្លៃ និងប្អូនថ្លៃ តឹងសរសៃ.កដាក់គ្នាកាន់តែខ្លាំង ដែលមិនអាចបន្ធូរបន្ថយបាន ស្រាប់តែបងថ្លៃដែលមានវ័យក្មេងជាងប្អូនថ្លៃ ស្ទុះទៅទាញបានកាំបិតកែច្នៃមួយដើមកាប់ទៅលើប្អូនថ្លៃវ័យចាស់ជាង ត្រូវចំដៃឆ្វេងរយៈដេរ៣០ថ្នេរ និងដាច់សរសៃម្រាមដៃចំនួន០២ទៀត ដោយសារយកដៃរងផ្លែកាំបិតបងថ្លៃ ។
ទីបំផុត ជម្លោះដ៏រ៉ាំរ៉ៃរវាងបងថ្លៃនិងប្អូនថ្លៃរឿង «ប្រចាំគ្នាចាក់សោរបងផ្ទះ»ខាងនេះ ត្រូវបានបញ្ចប់ដោយបរិបូណ៌ ត្រឹមប្អូនថ្លៃចូលពេទ្យ ខណៈបងថ្លៃចូលគុក បានសម្រេចរៀងៗខ្លួន ។ បើតាមលោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបងបានបញ្ជាក់ថា ពេលនេះ ជនដៃដល់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅប្រគល់ជូនតុលាការហើយ ខណៈជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕

ចែករំលែកព័តមាននេះ