ទីក្រុងរ៉ង់ហ្គូន៖ មីនអុងឡាំងបានប្រទេសចិនជាខ្នងបង្អែកប៉ុណ្ណេះហើយគ្មាននរណាធ្វើបែកទេ។ អតីតមេដឹកនាំយោធាមីយ៉ាន់ម៉ាដែលបច្ចុប្បន្នជាប់ឆ្នោតជាប្រធានាធិបតី លោកមីនអុងឡាំង បានអញ្ជើញទៅដល់ទីក្រុងប៉េកាំង ប្រទេសចិន ហើយនៅមុននេះបន្តិចដើម្បីបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ។ ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋលើកនេះជាការឆ្លុះបញ្ចាំងឱ្យឃើញថាអតីតប្រមុខយោធារូបនេះនឹងកាន់អំណាចពេញមុខពេញមាត់ ព្រមទាំងទទួលបានការទទួលស្គាល់ផ្នែកការទូតថែមទៀតផង។

លោកនឹងជួបថ្នាក់ដឹកនាំសំខាន់ៗរបស់ចិនរួមទាំងប្រធានាធិបតីចិន លោកស៊ីជីនពីង ផងដែរ។ ទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីលោក (មីនអុងឡាំង) បិទបញ្ចប់ទស្សនកិច្ចនៅប្រទេសឥណ្ឌាកាលពីចុងខែឧសភា។ នៅទីនោះ លោកបានជួបនាយករដ្ឋមន្ត្រីឥណ្ឌា លោកម៉ូឌី។ លោករីឆាត ហោះស៊ី (Richard Horsey) ដែលជាអ្នកវិភាគយល់ថាទស្សនកិច្ចជាផ្លូវការដែលទទួលធ្វើជាម្ចាស់ផ្ទះដោយលោកស៊ីជីនពីងជាសញ្ញាបង្ហាញច្បាស់ៗថាប្រទេសចិនត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ដៃគូជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ាថ្មី។

លោកថ្លែងបន្តទៀតថាឥណ្ឌាថ្វីដ្បិតបានទទួលស្វាគមន៍ដៃ២ចំពោះលោកមីនអុងឡាំងមែន ប៉ុន្តែមិនដល់ចិនទេ។ ចិនទទួលស្វាគមន៍ដ៏ពេញលេញជាលក្ខណៈទស្សនកិច្ចផ្លូវរដ្ឋតែម្ដង។ បើមើលពីសម្បកក្រៅ នេះជាជោគជ័យមួយរបស់លោកមីនអុងឡាំង។ ប៉ុន្តែអ្នកវិភាគយល់ថាអ្វីដែលចិនចង់ផ្ដោតការយកចិត្តទុកដាក់ពិតប្រាកដនោះគឺការធានាការពារផលប្រយោជន៍របស់ខ្លួន (នៅមីយ៉ាន់ម៉ា)។ ក្នុងនោះមានការពង្រឹងព្រំដែន និងការថែរក្សាធនធានសំខាន់ៗរបស់ខ្លួនដូចជារ៉ែកម្រជាដើម។

ចិនជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេរបស់មីយ៉ាន់ម៉ាដោយពង្រឹងឥទ្ធិពលនយោបាយរបស់ខ្លួនតាមរយៈគម្រោងអភិវឌ្ឍខ្សែក្រវាត់ និងផ្លូវ។ ក្នុងនោះក៏មានការដឹកជញ្ជូនប្រេងឆ្លងព្រំដែន និងការសាងសង់បំពង់បង្ហូរឧស្ម័ន និងកំពង់ផែទឹកជ្រៅផងដែរ។ ចិនក៏ជាប្រទេសសំខាន់ខាងផ្គត់ផ្គង់តម្រូវការសំខាន់ៗ និងជាដៃគូការទូតសម្រាប់ក្រុមយោធាផងដែរ។ ពេលខ្លះ ចិនជួយសម្របសម្រួលភាគីជម្លោះនានារហូតដល់មានបទឈប់បាញ់នៅតាមព្រំដែនចិន និងមីយ៉ាន់ម៉ា។ លោកដេវីត ម៉ាធីសុន (David Mathieson) ជាអ្នកវិភាគម្នាក់ទៀតយល់ថាអ្វីដែលជាផលប្រយោជន៍របស់ចិនមិនមែនគំនិតសហព័ន្ធនិយមនោះទេ ប៉ុន្តែគឺរ៉ែកម្រ ហេដ្ឋារចនាសម្ព័ន្ធ វិស័យរ៉ែ និងការបន្តគ្រប់គ្រងតំបន់ខ្សែក្រវាត់សេដ្ឋកិច្ចឆ្ពោះទៅកាន់មហាសមុទ្រឥណ្ឌា។ ចិនយល់ច្បាស់ណាស់ថាក្រុមបស្ចិមប្រទេសកំពុងតែដកខ្លួនថយ ដូច្នេះ មានតែចិននេះហើយដែលជាអ្នកចូលទៅមើលការខុសត្រូវប្រទេសមីយ៉ាន់ម៉ានៅក្នុងទម្រង់ជាមេ និងកូនចៅ៕ ប្រភព៖ Reuters
ចែករំលែកព័តមាននេះ