ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ភូមិរង់ចាំ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ​៖ ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (HOM AOT) ហ្វី​លី​ពី​ន ដើម្បី​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​ចុះ​សួរសុខទុក្ខ​ដល់​ជនភៀសសឹក ភូមិ​រង់ចាំ ។ នេះ​បើ​តាម​ឱ្យ​ដឹង​ពី​ក្រសួងការពារជាតិ ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​អង្គារ ទី​១៦ ខែមិថុនា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៩:១៥​នាទី​ព្រឹក ក្រុម​អ្នក​សម្រប សម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ដឹកនាំ​ដោយ​ប្រធាន​បេសកកម្ម​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (HOM AOT) ហ្វី​លី​ពី​ន ដើម្បី​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​ចុះ​សួរសុខទុក្ខ​ដល់​ជនភៀសសឹក​ភូមិ​រង់ចាំ ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ដែល​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់​វិញ​បាន​នៅឡើយ ដោយសារ​ការ​ចូល​កាន់កាប់​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​ពី​សំណាក់​កងកម្លាំង​យោធា​ថៃ នៅ​តំបន់​មួយ​ចំនួន​តាម​រយៈ​ការ​រាយ​បន្លា​លួស ទូ​កុងតឺន័រ រួម​ទាំង​ផ្ទះសម្បែង​ក៏​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ផង​ដែរ ។

ប្រភព​បាន​លើក​ឡើង​ថា​ការ​ចុះ​សង្កេត ការណ៍ ផ្ទៀងផ្ទាត់ និង​ចុះ​សួរសុខទុក្ខ​ដល់​ជនភៀសសឹក ដែល​មិន​អាច​វិល​ត្រលប់​ទៅ​ផ្ទះសម្បែង​វិញ​បាន​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន គូសបញ្ជាក់​ពី​ភាព​ចាំបាច់​ជា​ដាច់ខាត ក្នុង​ការ​ចាប់ផ្តើម​កិច្ចការ​វាស់វែង​ខ័​ណ្ឌ​សីមា ដោយ​គណៈកម្មការ​ចម្រុះ​ខ័​ណ្ឌ​សីមា​ព្រំដែន​គោក (JBC) កម្ពុជា​-​ថៃ ឱ្យ​បាន​ឆាប់​បំផុត ស្រប​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ដូច​មាន​ចែង​នៅ​ក្នុង​ចំនុច​ទី​បី​នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដើម្បី​អនុញ្ញាត​ឱ្យ​ប្រជា​ព ល​រដ្ឋ​ស៊ី​វិល​ស្លូតត្រង់​របស់​កម្ពុជា​អាច​វិល​ត្រលប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ដោយ​មិន​មានការ​រារាំង ព្រមទាំង​ដោយ​សុវត្ថិភាព និង​កិត្តិយស ។

កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ​គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា​សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក ។ កម្ពុជា​មិន​ទទួលស្គាល់​ជា​ដាច់ខាត នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ ៕