រាជធានីភ្នំពេញ ៖ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ជិត ៥ពាន់នាក់ បានទទួលឱកាសធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញពីមុន Recognition of Prior Learning (RPL) ដោយឥតគិតថ្លៃ ពីរាជរដ្ឋាភិបាលដើម្បីទទួលបានវិញ្ញាបនបត្រផ្លូវការ បង្កើនឱកាសការងារ និងប្រាក់ចំណូលកាន់តែប្រសើរ ។ នេះបើតាម ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានថ្លែងក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី ៩ ឆ្នាំ ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ មកនេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា «គិតត្រឹមថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៦ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃចំនួន ៤,៩១២នាក់ បានចុះឈ្មោះចូលរួមកម្មវិធីទទួលស្គាល់ជំនាញមានពីមុន (Recognition of Prior Learning – RPL) ខណៈបងប្អូនអតីតពលករចំនួន ៣,៨៨០នាក់ បានឆ្លងកាត់ការធ្វើតេស្តរួចរាល់លើមុខជំនាញចំនួន ៨ ក្នុងវិស័យសំណង់» ។

បើតាមឯកឧត្តមរដ្ឋមន្ត្រី វិញ្ញាបនបត្រផ្លូវការ ដែលបានពីការធ្វើតេស្តវាយតម្លៃសមត្ថភាពីមុននេះ នឹងក្លាយជាស្ពានដ៏សំខាន់ក្នុងការបង្កើនឱកាសការងារ ទទួលបានប្រាក់ឈ្នួលសមរម្យ និងងាយស្រួលក្នុងការស្វែងរកការងារទាំងក្នុងប្រទេស និងក្រៅប្រទេសសម្រាប់បងប្អូនអតីតពលករ ។

សូមបញ្ជាក់ថា លទ្ធផលខាងលើនេះបានឆ្លុះបញ្ចាំងពីភាពជោគជ័យនៃគោលនយោបាយអភិវឌ្ឍជំនាញរបស់រាជរដ្ឋាភិបាល ដែលមិនត្រឹមតែផ្តល់ឱកាសបណ្តុះបណ្តាលដោយឥតគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលស្គាល់បទពិសោធន៍ និងជំនាញដែលពលករមានស្រាប់ ឱ្យក្លាយជាគុណវុឌ្ឍិផ្លូវការដែលមានតម្លៃក្នុងទីផ្សារការងារផងដែរ ៕ អត្ថបទសហការ



ចែករំលែកព័តមាននេះ