ទីក្រុងមូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ី កាលពីពេលថ្មីៗនេះ បានព្រមានពលរដ្ឋរបស់ខ្លួន ឱ្យចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសថៃ ដោយសារតែការគំរាមកំហែងនៃការចាប់ខ្លួន តាមសំណើរបស់សហរដ្ឋអាមេរិក។ នេះបើតាមប្រភពពីសារព័ត៌មាន The Moscow Times បានចេញផ្សាយ។
ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ ចេញកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ដូច្នេះថា «យើងសូមណែនាំយ៉ាងទទូចទៅដល់ពលរដ្ឋរុស្ស៊ី ដែលមានហេតុផលតិចតួចបំផុតក្នុងការសង្ស័យថា ពួកគេអាចនឹងទទួលរងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌដោយអាជ្ញាធរអាមេរិក ឱ្យជៀសវាងទាំងស្រុងពីការធ្វើដំណើរទៅកាន់ប្រទេសថៃ»។ លើសពីនេះ ក្រសួងថែមទាំងបានណែនាំឱ្យចៀសវាងការធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះថៃ (ផ្លាស់ប្តូរជើងហោះហើរ) ដែលជាប្រទេសមានកិច្ចព្រមព្រៀងបត្យាប័នជាមួយសហរដ្ឋអាមេរិកផងដែរ។
ការណែនាំនេះធ្វើឡើងនៅសប្តាហ៍ដដែល ដែលជនសង្ស័យជាហេគឃ័រ (Hacker) ជនជាតិរុស្ស៊ីម្នាក់ ឈ្មោះ Denis Obrezko បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងតុលាការសហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ កាលពីខែវិច្ឆិកាឆ្នាំមុន។
ក្រសួងការបរទេសរុស្ស៊ីបានអះអាងថា ប្រព័ន្ធយុត្តិធម៌ដាក់ទណ្ឌកម្មរបស់អាមេរិកបានកើនឡើង ចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីជាង៤ឆ្នាំមុន។ ដូច្នេះពលរដ្ឋរុស្ស៊ីប្រឈមនឹងការត្រូវបានកំណត់គោលដៅដោយមិនដឹងខ្លួន ដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលកំណត់គោលដៅលើបុគ្គល ក៏ដូចជាអង្គភាពរបស់រុស្ស៊ី។
យោងតាមប្រភពពីសារព័ត៌មានថៃ The Thaiger កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានរាយការណ៍ថា ការណែនាំរបស់រដ្ឋាភិបាលរុស្ស៊ីកាលពីថ្មីៗនេះ បានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមប្រតិបត្តិករឧស្សាហកម្មទេសចរណ៍មួយចំនួនរបស់ថៃ នាំឱ្យក្រសួងការបរទេសថៃចេញសេចក្តីថ្លែងការណ៍ឆ្លើយតបវិញ។
ក្រសួងបានលើកឡើងថា ទំនាក់ទំនងរវាងថៃ និងរុស្ស៊ី នៅតែរឹងមាំលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ ហើយបានកត់សម្គាល់ថា ប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី១៧០ នៃទំនាក់ទំនងការទូតនៅក្នុងឆ្នាំ២០២៧។ មន្ត្រីថៃក៏បានសង្កត់ធ្ងន់ផងដែរថា ប្រទេសថៃនៅតែបន្តស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ជាតិសាសន៍ រួមទាំងរុស្ស៊ីផងដែរ។
យោងតាមក្រសួង ប្រទេសថៃទទួលបានភ្ញៀវទេសចររុស្ស៊ីជិត ១,៩ លាននាក់ កាលពីឆ្នាំមុន ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមបណ្តាប្រទេសនៅអឺរ៉ុប។ ដោយហេតុនេះហើយ ក្រសួងបានបញ្ជាក់សារជាថ្មីថា ពលរដ្ឋរុស្ស៊ីស្ថិតនៅក្នុងប្រទេសថៃត្រូវបានការពារក្រោមច្បាប់ថៃ ដោយបន្ថែមថា នីតិវិធីផ្លូវច្បាប់ត្រូវបានអនុវត្តទៅតាមស្តង់ដារដូចគ្នា ដោយមិនគិតពីសញ្ជាតិនោះឡើយ៕




ចែករំលែកព័តមាននេះ