មន្ត្រីជំនាញ ក.ប.ប ខេត្តព្រៃវែង ចុះពិនិត្យក្នុងផ្សារអ្នកលឿង រកឃើញសិប្បកម្មផលិតនិងចែកចាយគ្រឿងប្រហិតមួយកន្លែង មិនអនុលោមតាមស្តង់ដារបច្ចេកទេស
- ព្រៃវែង
ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី 16 មិថុនាមិនត្រូវជំនាញក.ប.ប ខេត្តព្រៃវែង សហការជាមួយនឹងមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញតាមស្តង់លក់ដូរជាច្រើនក្នុងផ្សារអ្នកលឿង ដើម្បីទប់ស្កាត់ការលួចបន្លំដាក់លក់ ផលិតផលខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។។
លោក អ៊ុត សុភាព ប្រធាន ក.ប.ប សាខាខេត្តព្រៃវែងបានឲ្យដឹងថា សកម្មភាពចុះត្រួតពិនិត្យនេះ ផ្តោតគោលដៅសំខាន់ទៅលើស្តង់លក់ដូររបស់ក្រុមអាជីវករនៅក្នុងផ្សារអ្នកលឿង ព្រមទាំងសិប្បកម្មផលិត ចែកចាយសាច់បង្កក និងគ្រឿងប្រហិតផងដែរ។
លោក អ៊ុត សុភាព បានបន្តថា ជាលទ្ធផលក្នុងការចុះត្រួតពិនិត្យរយៈពេលមួយព្រឹកពេញ ក្នុងផ្សារអ្នកលឿង មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាពមួយចំនួន ហើយបានធ្វើការដកហូតយកទៅបំផ្លាញចោល។ ជាមួយគ្នានោះមន្ត្រីជំនាញបានរកឃើញសិប្បកម្មមួយកន្លែងឈ្មោះ កប តារា ទីតាំងនៅភូមិ១ ឃុំព្រែកខ្សាយ(ខ) ផលិតនិងចែកចាយប្រហិតសាច់គោ ប្រហិតប៉ាត់តេ មិនបានអនុលោមតាមស្តង់ដារបច្ចេកទេស ដោយសំបកវិចខ្ចប់គ្មានបញ្ជាក់ពីអាសយដ្ឋាន គ្មានកាលបរិច្ឆេទ និងគ្មានដាក់បង្ហាញនៅប្រភេទគ្រឿងផ្សំឲ្យបានច្បាស់លាស់ ហើយទីតាំងទាំងមូលក៏គ្មានអនាម័យថែមទៀតផង។
លោកប្រធាន ក.ប.ប បានបញ្ជាក់ថា ក្រោយពិនិត្យឃើញបែបនេះ រូបលោកបានធ្វើការណែនាំដល់ម្ចាស់សិប្បកម្ម កប តារា ឱ្យធ្វើការកែតម្រូវឡើងវិញ ដោយនៅលើសំបកវិចខ្ចប់ ត្រូវបញ្ជាក់ពីទីតាំងអាសយដ្ឋាន និងកាលបរិច្ឆេទឲ្យបានច្បាស់លាស់ ហើយត្រូវសម្អាតទីតាំងឲ្យមានអនាម័យស្អាតឡើងវិញផងដែរ។ ក្នុងករណីបើពិនិត្យលើកក្រោយ ឃើញពុំមានការកែប្រែ លោកនឹងចាត់វិធានការផ្លូវច្បាប់ ដោយធ្វើការបិទអាជីវកម្មតែម្ដង ៕











ចែករំលែកព័តមាននេះ