ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម៦​ថ្ងៃ! សមត្ថកិច្ច​ចម្រុះ​រាជធានី ត្រួតពិនិត្យ​ឃ្លាំង​តូច​ធំ​ជាង​១០០ទីតាំង បិទ​បណ្តោះអាសន្ន​១៥​ទីតាំង និង​​ឃាត់​ខ្លួន​១៦​នាក់

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី ដោ សម្ផស្ស នាយករង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែ មិថុនា​នេះ បាន អះអាង ថា គិត​ពី​ថ្ងៃ​ទី​១០​ដល់​១៥ ខែមិថុនា នេះ​ក្រុមការងារ​ចម្រុះ​បាន​ចុះ​ត្រួតពិនិត្យ​ឃ្លាំង​តូច ធំ​សរុប​ចំនួន ១៣១​ទីតាំង បាន​រក​ឃើញ និង​បិទ​បណ្តោះអាសន្ន ឃ្លាំងទំនិញ​មាន​ស្តុក​ផលិតផល​បង្កក និង​ទំនិញ​ដែល​នាំ​ចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ​ចំនួន ១៥ ព្រមទាំង​បាន​នាំ​ខ្លួន​អ្នក​ពាក់ព័ន្ធ​សរុប​ចំនួន ១៦​នាក់ ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​។

លោក ស្រី បន្ត ថា ក្រោម​ការ​ដឹកនាំ និង​បញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៦ ម្សិល​ម៉ិ​ញ​នេះ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ សហការ​ជាមួយ​កម្លាំង​ចម្រុះ​មក​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អគ្គនាយកដ្ឋាន ក​.​ប​.​ប ដោយ​មានការ​សម្របសម្រួល​ផ្លូវច្បាប់​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ឃ្លាំង​តូច ធំ ក្នុង​មូលដ្ឋាន​សរុប​ចំនួន ១២​កន្លែង ដែល​សង្ស័យ​មាន​នាំ​ចូល ស្តុក​ទុក ចរាចរ និង​ចែកចាយ​ផលិតផល​បង្កក​មាន​ប្រភព​ពី​ប្រទេស​ថៃ​។

លោកស្រី​បាន​បន្ត​ថា តាម​រយៈ​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ​ទីតាំង​ចំនួន ២ ក្នុង​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​កំ​បូល​ដែល​ជាប់​សង្ស័យ​ក្នុង​ករណី​នេះ រួម​មាន​៖

១. ឃ្លាំង​ស្តុក​គ្រឿង​ឧបភោគ​-​បរិភោគ របស់​ក្រុមហ៊ុន បេ​ក ឃើ​រស្មី​ត ឯ​.​ក ស្ថិត​នៅ​ផ្លូវ​បេតុង ភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ មាន​ចំនួន​០២​ទូរ​គឺ​៖ ទូរ​កក និង​ទូរ​ស្ងួត ដោយ​ក្រុមការងារ​ចម្រុះ​បាន​រក​ឃើញ​មាន​ទំនិញ​ក្នុង​ទូរ​កក មាន​ប្រតិវេទ​ត៍​គយ នាំ​ចូល​មក​ស្របច្បាប់ មាន​ប្រភព​មក​ពី​ប្រទេស​ចំនួន ០២​គឺ ប្រទេស​ចិន និង​ប្រទេស​វៀតណាម​។ ដោយឡែក​ក្នុង​ទូរ​ស្ងួត ក្រុមការងារ​បាន​រក​ឃើញ​ទំនិញ​ចម្រុះ​នាំ​ចូល​ពី​ប្រទេស​ថៃ ដែល​គ្មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ​សរុប​ចំនួន ៩១​ប្រភេទ​។ ដោយ​ទទួល​បានការ​សម្របសម្រួល នីតិវិធី​ផ្លូវច្បាប់ ពី​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រុមការងារ​ចម្រុះ​បាន​សម្រេច​បិទ​ឃ្លុំ​ទូរ​ស្ងួត ដែល​ស្តុក​ទំនិញ​ចម្រុះ​របស់​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន និង​បាន​បញ្ជូន​តំណាង​ម្ចាស់​ទីតាំង ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​បន្ត​តាម​នីតិវិធី​។

២. ទីតាំង​ដេប៉ូ​ចែកចាយ​ឈ្មោះ រិ​ន សុខា មា​នទី​តាំងនៅ​ផ្លូវ​រទេះភ្លើង ភូមិ​ភ្លើង​ឆេះ​រទេះ​លិច សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល​។ ពេល​ចុះ​ពិនិត្យ​ដល់​បន្ទប់​វេច​ខ្ចប់ ក្រុមការងារ​រកបាន​ពិនិត្យ​ឃើញ​មានការ​វេច​ខ្ចប់​ប៊ី​ចេ​ង​យីហោ​ម៉ាក “​មេ​ចុងភៅ​” ដែល​មាន​អក្សរ​ថៃ​នៅ​លើ​សម្រក​បាវ ដូច​ខាងក្រោម​៖

-Chef 55 MONOSODIUM GLUTAMATE
MFG DATE: JAN.28.2026
EXP DATE: JAN.27.2029 មាន​ចំនួន ០៨​បេ

-Chef 55 MONOSODIUM GLUTAMATE
MFG DATE: 03.15.2026
EXP DATE: 03.14.2029 មាន​ចំនួន ១៥​បេ

ដោយ​មានការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​សាលា​រាជធានី​ភ្នំពេញ ក្រុមការងារ​ចម្រុះ បាន​សម្រេច​បិទ​ឃ្លុំ​ទីតាំង​បន្ទប់​វេច​ខ្ចប់​ប៊ី​ចេ​ង​នេះ នៅ​វេលា​ម៉ោង​១៧:៥០​នាទី និង​រង់ចាំ​ក្រុមការងារ​ជំនាញ​បច្ចេកទេស​មក​ពិនិត្យ​នៅ​ថ្ងៃនេះ​បន្ត​ទៀត​។

លោកស្រី ដោ សម្ផស្ស បាន​បញ្ជាក់​ថា​៖ គិត​ពី​ថ្ងៃ​ទី​១០​ដល់​១៥ ខែមិថុនា នេះ​ក្រុមការងារ​ចម្រុះ​បាន​ចុះ​ត្រួតពិនិត្យ​ឃ្លាំង​តូច ធំ​សរុប​ចំនួន ១៣១​ទីតាំង បាន​រក​ឃើញ និង​បិទ​បណ្តោះអាសន្ន ឃ្លាំងទំនិញ​មាន​ស្តុក​ផលិតផល​បង្កក និង​ទំនិញ​ដែល​នាំ​ចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ​ចំនួន ១៥ ព្រមទាំង​បាន​នាំ​ខ្លួន​អ្នក​ពាក់ព័ន្ធ​សរុប​ចំនួន ១៦​នាក់ ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​៕