អួតរឿងកា.ប់គេឮដូច «ដូងទុំធ្លាក់» មិនអស់ចិត្ត ថែមទាំងព្រមានកា.ប់ផ្ដា.ច់ជីវិតក្នុង Messenger ទៀត ទីបំផុតត្រូវជាប់ខ្នោះដៃ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួចធ្វើការស្រាវជ្រាវឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ឪពុកជនរងគ្រោះ ខណៈដែលជនសង្ស័យធ្លាប់កាប់ជនរងគ្រោះម្នាក់ផ្សេងទៀតរងរបួសក្បាលដេរចំនួន៥ថ្នេរ ហើយបោះពាក្យសម្ដីគំរាមកំហែង សម្លាប់ជនរងគ្រោះក្នុងឆាត(ប្រព័ន្ធ messenger) ដឹងដល់ឪពុកម្តាយជនរងគ្រោះក៏ប្តឹងសមត្ថកិច្ចអន្តរាគមន៍តែម្តង។
នគរបាលស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ មានឈ្មោះ ហៀង សយ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅក្នុងភូមិមានជ័យ ឃុំដំបូករូង ស្រុកភ្នំស្រួច (ត្រូវជាឪពុកឈ្មោះ សយ កែវ ភេទប្រុស អាយុ១៥ឆ្នាំ) បានមកដាក់ពាក្យបណ្តឹងគណនីហ្វេសប៊ុក ឈ្មោះ Teth Back ។ នៅក្នុងពាក្យបណ្តឹងឪពុកជនរងគ្រោះបានរៀបរាប់ថាកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ មានឈ្មោះ សៀម ប៊ុនថេត ភេទប្រុស អាយុ១៦ឆ្នាំរស់នៅក្នុងភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច បានទទួលឆាត messenger ពីគណនីហ្វេសប៊ុក ក្មេងតូច បានឆាតជាសំឡេងប្រាប់ថា រូបគេបានកាប់គេត្រូវមួយកាំបិតលាន់ឮសូរដូចដូងទុំធ្លាក់អញ្ចឹង ហើយរូបខ្លួនក៏បានឆ្លើយវិញថា អ្ហែងកាប់គេប្រយ័ត្នជាប់គុក។
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឈ្មោះ សៀម ប៊ុនថេត កំពុងអង្គុយលេងនៅក្នុងវត្តពុទ្រា ឈ្មោះ ណុប ប្រុសធីម (ហៅទិត្យ) ភេទប្រុស អាយុ១៧ឆ្នាំរស់នៅក្នុងភូមិស្វាយជ្រុំ ឃុំអូរ ស្រុកភ្នំស្រួច ដែលមានគណនីហ្វេសប៊ុក ឈ្មោះ(ប្រុសតូច) បានមកជួបរូបខ្លួន ហើយបាននិយាយរៀបរាប់ប្រាប់ថារូបគេ បានកាប់គេឮសូរដូចដូងទុំធ្លាក់អញ្ចឹង ពេលប្រាប់រួចក៏បានជិះម៉ូតូចេញទៅបាត់។ លុះរហូតមកដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ មើលទូរស័ព្ទឃើញមានចូលនៅក្នុងគ្រុបmessenger ជាមួយមិត្តភក្តិ ទើបរូបខ្លួនបាននិយាយសាសំឡេងចូលគ្រុបវិញថា តិចទៀតបានត្រូវទៀតហើយ។ ដាក់ម្ដងទៀតលែងឱ្យត្រូវតែចំនួន៥ថ្នេរហើយ បើជួបពួកអ្ហែងម្ដងទៀតកាប់អ្ហែងផ្ដាច់ជីវិតតែម្ដង។
នគរបាលស្រុកភ្នំស្រួចបានបន្តទៀតថា ក្រោយពីទទួលបានពាក្យបណ្ដឹងឪពុកជនរងគ្រោះរួច នៅវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ នៅចំណុចក្នុងវត្តពុទ្រា ស្ថិតក្នុងភូមិក្រាំងព្នៅ ឃុំអូរ ស្រុកភ្នំស្រួច បានឃាត់ឈ្មោះ សៀម ប៊ុនថេត យកមកសាកសួរ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ( Teth Back )គំរាមសម្លាប់នៅក្នុងគ្រុប messenger ទៅលើជនរងគ្រោះ ពិតប្រាកដមែន។
នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ឱ្យដឹងថា ក្រោយឃាត់ខ្លួនជនសង្ស័យបានដកហូត ទូរស័ព្ទដៃចំនួន១គ្រឿង និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕



ចែករំលែកព័តមាននេះ